បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ចេញតារាតម្លៃប្រេងសាំងនិងម៉ាស៊ូត ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១១ ខែកុម្ភៈ ថា ប្រេងសាំងធម្មតា មានតម្លៃ ៤០០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូត មានតម្លៃ ៣៨០០រៀលក្នុងមួយលីត្រ ខណៈសាំងស៊ូពែ មិនត្រូវបង្ហាញឲ្យដឹងនោះទេ។ ប៉ុន្តែ ប្រេងសាំងស៊ូពែ នៅតាមស្ថានីប្រេងនានា មានតម្លៃខ្ពស់រហូតជាង ៤ពាន់រៀល ក្នុងមួយលីត្រ។
លោក ប៉ុល សំណាង ពលរដ្ឋនៅភ្នំពេញ បានប្រាប់ ខេមបូណូមីស ថា នៅពេលបញ្ចុះតម្លៃសាំង គឺមានសភាពតឹងតែងណាស់ ប៉ុន្តែ នៅពេលដំឡើងវិញ គឺដំឡើងថ្លៃស្ងាត់ៗ។
លោកបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំចាក់សាំងស៊ូពែ ៤៤០០រៀលក្នុងមួយលីត្រ ប៉ុន្តែ ២ឆ្នាំមុន សាំងតែមួយលីត្រ ៣ពាន់ទេ ហេតុអ្វីសាំងឡើងលឿនម៉្លេះ? ពេលបញ្ចុះតម្លៃដូចអូសឫស្សីបញ្ច្រាសចុងអ៊ីចឹង ប៉ុន្តែ បើឡើងថ្លៃវិញ ឡើងលឿនណាស់។ មួយសប្តាហ៍ គ្រាន់តែចំណាយលុយ ចាក់សាំងអស់១០ដុល្លារហើយ។ វាមិនមែនប៉ះពាល់តែខ្ញុំម្នាក់ទេ អ្នកផ្សេងទៀត ក៏ដូចគ្នាដែរ។ នរណាមិនត្រូវចាក់សាំងឡានម៉ូតូ!»។
កាលពីចុងឆ្នាំ២០១៥ តម្លៃសាំងអន្តរជាតិ បានធ្លាក់ចុះខ្លាំង ប៉ុន្តែ ស្ថានីយប្រេងនៅកម្ពុជា នៅបន្តលក់ក្នុងតម្លៃខ្ពស់ដដែល ដែលធ្វើឲ្យមានប្រតិកម្មពីប្រជាជនរហូតប្រមុខរដ្ឋាភិបាលចេញមុខបញ្ជាឲ្យក្រសួងពាក់ព័ន្ធដុតដៃដុតជើងធ្វើការងារជាមួយម្ចាស់ស្ថានីយ ឲ្យមានការបញ្ចុះតម្លៃប្រេងសាំងនៅកម្ពុជា។
កាលនោះ តម្លៃសាំងនៅកម្ពុជាពិតជាបានថ្លៃចុះមកត្រឹមនៅក្នុងរង្វង់៣ពាន់រៀលនៅក្នុងមួយលីត្រ។ ប៉ុន្តែ បន្តបន្ទាប់មក ម្ចាស់ស្ថានីយបានដំឡើងថ្លៃប្រេងសាំងបន្តិចម្តងៗ រហូតមកដល់ដើមឆ្នាំ២០១៨នេះ ប្រេងសាំងបានហក់ឡើងខ្ពស់ជាង ៤ពាន់រៀលក្នុងមួយលីត្រសម្រាប់ប្រភេទសាំងស៊ូពែ។
ទាក់ទងបញ្ហានេះ លោក ច័ន្ទ សុផល អ្នកជំនាញសេដ្ឋកិច្ច បានអត្ថាធិប្បាយថា រយៈពេល៣ចុងក្រោយនេះ ប្រេងនៅក្នុងទីផ្សារអន្តរជាតិបានឡើងថ្លៃ ដែលធ្វើឲ្យទីផ្សារប្រេងសាំងកម្ពុជា ក៏ត្រូវឡើងថ្លៃជាបន្តបន្ទាប់ដែរ។
លោកបានប្រាប់ ខេមបូណូមីស យ៉ាងដូច្នេះថា៖ «បើតាមទិន្នន័យថ្លៃប្រេងដែលយើងអាចរកបានតាមគេហទំព័រមួយចំនួន តម្លៃប្រេងនៅទីផ្សារអន្តរជាតិបានឡើងក្នុងរយៈពេលពីរខែមកនេះ។ ខ្ញុំសន្និដ្ឋានថា ការឡើងថ្លៃប្រេងនៅកម្ពុជា គឺបណ្តាលមកពីកត្តាអន្តរជាតិទាំងស្រុង»៕