ការនាំចូលសត្វ

ក្រសួងកសិកម្មបានបញ្ជាឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីបង្កើនការផលិតក្នុងស្រុក !


ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានប្រកាសថា បានបញ្ជាឲ្យបិទការនាំចូលសត្វជ្រូក និងមាន់ ៥០ភាគរយ ដើម្បីជំរុញបង្កើនសមត្ថភាពចិញ្ចឹមសត្វក្នុងស្រុក ។ ក្រសួងកសិកម្មបានជំរុញឲ្យប្រជាពលរដ្ឋជាកសិករប្រកបរបរកសិកម្ម ងាកមកចាប់អារម្មណ៍ប្រកបរបរចិញ្ចឹមសត្វ ដើម្បីកាត់បន្ថយការនាំចូល និងការធ្វើចំណាកស្រុក។
សកម្មភាពដឹកជញ្ជូនជ្រូក
ដោយ

ឯកឧត្តម តាន់ សុផាន់ណារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាព និងផលិតកម្មសត្វ​បញ្ជាក់ថា អ្វីដែលជាចំណាត់ការ​របស់ក្រសួង គឺស្តែងឲ្យ​ឃើញថា ក្រសួង​ចង់ឲ្យ​ប្រជាជន ដែលជាកសិករ​ចាប់អារម្មណ៍​លើការចិញ្ចឹម​សត្វ​ដែលជួយ​បង្កើត​ជាមុខរបរ ដើម្បីចៀស​វាង​ការធ្វើ​ចំណាកស្រុក។

ឯកឧត្តមបន្ថែមថា ចំណាត់ការក៏ដូចជា​ការជំរុញ​របស់ក្រសួង​ពេលនេះ គឺអាចធានា​បាននូវស្ថិរភាព​តម្លៃសាច់ជ្រូក​រស់​នៅក្នុង​ទីផ្សារ​ចន្លោះពី ១១.០០០ ទៅ១២.០០០ រៀល​ក្នុងមួយគីឡូក្រាម​ស្របតាមអ្វី​ដែលបាន​អនុវត្តកន្លងមក។

ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគម​អ្នកចិញ្ចឹម​សត្វកម្ពុជា​បញ្ជាក់ថា ការចិញ្ចឹមសត្វ​នៅកម្ពុជា​ក្នុងពេលបច្ចុប្បន្ន​បាននិង​កំពុងបង្ហាញ​ពីកំណើន​គួរឲ្យកត់​សម្គាល់ ខណៈមានការ​ជំរុញ​យ៉ាងទទូច​ពីរាជរដ្ឋាភិបាល​តាមរយៈ​ក្រសួង​កសិកម្មកម្ពុជា។

តាមតួលេខដែល ឯកឧត្តម តាន់ សុផាន់ណារ៉ា បញ្ជាក់ គ្រាន់តែដើមឆ្នាំ​២០២០ នេះកម្ពុជាបាន​នាំចូល​មេជ្រូក​ពូជជាង ៥ពាន់ក្បាល​ហើយ ខណៈឆ្នាំ២០១៩ កម្ពុជាមាន​មេជ្រូក​ពូជ​ប្រមាណ ៧ពាន់ក្បាល​ប៉ុណ្ណោះ។ ចំណែកការនាំចូល​កូនជ្រូក​ពូជ​មកចិញ្ចឹម​នៅដើមឆ្នាំ​២០២០​នេះវិញ មានចំនួនប្រមាណ​៦ម៉ឺនក្បាល ​ខណៈកាល​ពីឆ្នាំ២០១៩​ ចំនួនត្រឹមតែ ២ម៉ឺនក្បាល​ប៉ុណ្ណោះ ។

ឯកឧត្តម តាន់ សុផាន់ណារ៉ា បានលើកឡើងឲ្យ​ដឹងទៀតថា លទ្ធភាពផ្គត់ផ្គង់​សាច់សត្វ​នៅអំឡុងពេល ដែលកម្ពុជាពុំទាន់​​ជួប​វិបត្តិកូវីដ-១៩ គឺកម្ពុជា​អាចធានា​ការផ្គត់ផ្គង់​បានរហូត​ដល់ ៨២ភាគរយ ប៉ុន្តែនៅពេលដែល​កម្ពុជាជួប​​នឹងវិបត្តិ​កូវីដ-១៩ តម្រូវការសាច់សត្វ​មានការ​ធ្លាក់ចុះ​បានធ្វើឲ្យ​ចំនួននៃការផ្គត់ផ្គង់​ប្រមាណ ៨២ភាគរយនេះ គឺស្ទើរ​តែគ្រប់គ្រាន់​ទៅហើយ​សម្រាប់តម្រូវការ​ក្នុងស្រុក ដូច្នេះមិនចាំបាច់​ត្រូវនាំចូល​ពីក្រៅ​នោះឡើយ។

ឯកឧត្តមបានអះអាង​ឲ្យដឹងទៀតថា ស្ថិតនៅក្នុង​ស្ថានភាព​នៃវិបត្តិកូវីដ-១៩ ​នេះរដ្ឋាភិបាល​តាមរយៈក្រសួង​កសិកម្ម ក៏បានបញ្ជា​ឲ្យបិទការ​នាំចូលសត្វ​ដែលក្នុងនោះ​ការនាំចូល​មាន់កាត់​បន្ថយ​រហូត​៥០ភាគរយ និងការនាំចូល​សត្វជ្រូក​ក៏ត្រូវបាន​កាត់បន្ថយ ៥០ភាគរយ​ដូចគ្នាដែរ។

តាមឯកឧត្តម សុផាន់ណារ៉ា បច្ចុប្បន្នមាន​ក្រុមហ៊ុន​ចំនួន៦ ក្រុមហ៊ុន ត្រូវ​​បានអនុញ្ញាត​ធ្វើអាជីវកម្ម​នាំចូល​សត្វមកកម្ពុជា​ក្នុងបរិមាណ​ស្មើៗគ្នា។ ឯកឧត្តមថា ក្នុងពេលបច្ចុប្បន្ននេះ ពុំមានការនាំ​ចូលជ្រូក​ពីប្រទេស​វៀតណាមឡើយ ខណៈសាច់ជ្រូក​រស់នៅប្រទេស​វៀតណាម​មានតម្លៃ១៧.០០០ រៀលក្នុង​គីឡូក្រាម ពោលគឺថ្លៃខ្ពស់​ជាងសាច់​ជ្រូករស់​នៅកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិន គ្រោងកាត់បន្ថយពន្ធ និងកម្រៃសេវាជាង ៣៥០ពាន់លានដុល្លារ ជួយស្រោចស្រង់ដល់អាជីវកម្ម

ព័ត៌មាន
នៅក្នុងឆ្នាំ ២០២០នេះ រដ្ឋាភិបាលចិនគ្រោងនឹងកាត់បន្ថយពន្ធ និងកម្រៃសេវាចំនួនជាង ៣៥០ពាន់លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដល់ អាជីវកម្មនា…

វិបត្តិកូវីដ-១៩ ជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រ

ព័ត៌មាន
ក្រុមហ៊ុនចុះបញ្ជីចំនួន ៣ នៅលើផ្សារមូលបត្រកម្ពុជា បានចូលរួមបង្ហាញអំពី បញ្ហាប្រឈមនៃវិបត្តិកូវីដ-១៩ និងបើកបង្ហាញពីផែនការយុទ្ធសាស្រ្តរបស់ខ្លួន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ