ជុំវិញបញ្ហាដែលធ្វើឲ្យប្រាក់ចំណូលពីវិស័យល្បែងនៅមានតិចនេះដែរ មន្ត្រីជាន់ខ្ពស់ នៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអះអាងថា ដោយសារតែភ្ញៀវទេសចរបរទេសដែលចូលមកលេងក្នុងវិស័យល្បែងពាណិជ្ជកម្មនេះ នៅមានកម្រិតតិចតួចនៅឡើយ ខណៈដែលប្រទេសមួយចំនួននៅមានការរឹតត្បិតការចេញចូលដោយសារបញ្ហាកូវីដ១៩។ ជាក់ស្តែងដូចជាភ្ញៀវទេសចរពីប្រទេសចិនជាដើម បច្ចុប្បន្នមិនទាន់អាចចូលមកកម្ពុជាបាននោះទេ ដោយប្រទេសចិនត្រូវអនុវត្តវិធានការ សូន្យកូវីដនៅឡើយ។
ឯកឧត្តម រស់ ភិរុណ អគ្គនាយករងនៃអគ្គនាយកដ្ឋានឧស្សាហកម្មនៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគូសបញ្ជាក់ថា វិស័យល្បែងពាណិជ្ជកម្ម គឺត្រូវពឹងផ្អែកលើភ្ញៀវទេសចរបរទេសចូលមកលេង ដោយមិនអនុញ្ញតឲ្យប្រជាជនខ្មែរចូលលេងនោះទេ ប៉ុន្តែជាក់ស្តែងបច្ចុប្បន្ននេះ ភ្ញៀវទេសចរបរទេសដែលចូលមកកម្ពុជាហាក់នៅមានកំរិតតិចនៅឡើយ ហើយភ្ញៀវមកលេងកាស៊ីណូបច្ចុប្បន្ន ភាគច្រើនមានតែជនបរទេសដែលស្នាក់នៅក្នុងស្រុកតិចតួចមួយចំនួនប៉ុណ្ណោះ ដូច្នោះហើយធ្វើឲ្យវិស័យល្បែងពាណិជ្ជកម្មកម្ពុជាមិនទាន់អាចងើបឡើងមកវិញបាននៅឡើយនោះទេ។
បើតាម ឯកឧត្តម រស់ ភិរុណ បញ្ជាក់បន្ថែមថា នៅក្នុងការប្រមូលចំណូលពន្ធក្នុងវិស័យពាណិជ្ជកម្មល្បែងននេះដែរ អគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាយាមកៀរគរឲ្យអស់ពីលទ្ធភាពតាមអាជីវកម្មដែលប្រតិបត្តិការ ជាក់ស្តែងខាងអគ្គនាយកដ្ឋានឧស្សាហកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តជំរុញឲ្យម្ចាស់អាជីវកម្មដែលទទួលបានអាជ្ញាបណ្ណហើយនោះ ត្រូវតែបើកដំណើរការអាជីវកម្មរបស់ពួកគាត់ ទៅតាមច្បាប់ដែលបានកំណត់ ហើយករណី បានអាជ្ញាបណ្ណហើយមិនបើកដំណើរការអាជីវកម្មទេនោះ ក្រសួងនឹងធ្វើការព្យួរអាជ្ញាបណ្ណនោះវិញតែម្ដង។
មន្ត្រីជាន់ខ្ពស់រូបនេះបានបញ្ជាក់ដែរថា មកទល់ពេលនេះមានអាជីវកម្មកាស៊ីណូចំនួន ៦០ ហើយដែលទទទួលបានអាជ្ញាបណ្ណ ដោយក្នុងនោះ មានអាជីវកម្មកាស៊ីណូចំនួន៤០ ដែលបានបើកដំណើរការពេញលេញ ខណៈគិតត្រឹមឆមាសទី១ មានត្រឹមតែចំនួន២០ ប៉ុណ្ណោះ ដែលបានបើកដំណើរការ។
ជាមួយគ្នានេះ ឯកឧត្តម រស់ ភិរុណ នៅតែមានក្តីរំពឹងថាការប្រមូលចំណូលពីវិស័យល្បែងពាណិជ្ជនៅពេញមួយឆ្នាំ២០២២នេះ នឹងសម្រេចបានគ្រប់ទៅតាមផែនការប្រចាំឆ្នាំ បើសិនជាស្ថានភាពកូវីដ១៩ មានការថមថយ ហើយវិស័យទេសចរបើកពេញលេញឡើងវិញ មានភ្ញៀវទេសចរបរទេសច្រើនចូលមកកម្ពុជា ខណៈកន្លងមក ឯកឧត្តម ធ្លាប់អះអាងថា នៅក្នុងឆ្នាំ២០២២នេះ កម្ពុជាដាក់គោលដៅប្រមូលចំណូលពីវិស័យកាស៊ីណូឲ្យបាន ៣៥លានដុល្លារ៕