នយោបាយ

អង្គការ​​​សិទ្ធិ​មនុស្ស៖ ៣ខែ អាជ្ញាធរ​ឃុំ​​ខ្លួន​អតីត​បក្ស​ប្រឆាំង ៣១​នាក់ និង​ចោទ​ប្រកាន់​ជាង ៥០​នាក់


អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស (Human Rights Watch) បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ ទី​២១ ខែ​តុលា​នេះ ថា ក្នុង​រយៈពេល​បី​ខែ​កន្លង​មក​នេះ អាជ្ញាធរ​កម្ពុជា​បាន​ឃុំ​ខ្លួន​អតីត​សមាជិក​គណបក្ស​សង្រ្គោះ​ជាតិ ចំនួន ៣១​នាក់ និង​បាន​ធ្វើការ​ចោទ​ប្រកាន់​ផ្លូវ​តុលាការ ចំនួន​ជាង ៥០​នាក់ ពី​បទ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល។
រូបភាព​ឯកសារ​នៃ​អ្នកគាំទ្រ​របស់អតីត​គណបក្ស​ សង្គ្រោះជាតិ ថត​ដោយ​អ្នក​សារព័ត៌មាន វិទ្យុ​ VOA។
ដោយ

មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​និយាយ​ថា ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​ទាំង​នោះ ហាក់​ដូច​ជា​«គ្មាន​មូលដ្ឋាន​និង​មាន​ចរិត​នយោបាយ» ហើយ​បាន​អំពាវនាវ​ឲ្យ​បញ្ឈប់​ការ​ចាប់​ខ្លួន និង​ការ​ឃុំ​ខ្លួន​អតីត​សមាជិក​គណបក្ស​ប្រឆាំង​និង​សកម្មជន​សិទ្ធិ​មនុស្ស​ទាំង​នោះ។

ការ​ចាប់​ខ្លួន​និង​ការ​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក សម រង្ស៊ី និង​អ្នក​ផ្សេង​ទៀត បាន​ប្រកាស​កាល​ពី​ខែ​សីហា ថា គ្រោង​នឹង​វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា។

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បាន​ចេញ​បញ្ជា​កាល​ពី​ថ្ងៃ​ទី៧ ខែ​តុលា ឲ្យ​ដាក់​ពង្រាយ​កងទ័ព​ដើម្បី​បង្រ្កាប​ការ​វិល​ត្រលប់​ចូល​ប្រទេស​វិញ​របស់​លោក សម រង្ស៊ី និង​សមាជិក​ផ្សេង​ទៀត ដោយ​បាន​ហៅ​ការ​វិល​ត្រលប់​នេះ ថា​ជា​ការ​ប៉ុន​ប៉ង​រដ្ឋ​ប្រហារ​មក​លើ​រដ្ឋាភិបាល។

លោក Phil Robertson នាយក​រង​ប្រចាំ​តំបន់​អាស៊ី​នៅ​អង្គការ​​​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស បាន​និយាយ​ដូច្នេះ​ថា «រដ្ឋាភិបាល​បរទេស​និង​ម្ចាស់​ជំនួយ​គួរតែ​អំពាវនាវ​ឲ្យ​បញ្ឈប់​នូវ​ការ​ចាប់​ខ្លួន​នេះ ហើយ​ជំរុញ​ឲ្យ​កម្ពុជា​ដោះលែង​ជា​បន្ទាន់ និង​គ្មាន​លក្ខខណ្ឌ នូវ​អ្នក​ទាំង​អស់​នោះ ដែល​ត្រូវ​បាន​ឃុំឃាំង​ដោយ​គ្មាន​កំហុស ដោយសារ​តែ​រិះគន់​​រដ្ឋាភិបាល។»

អង្គការ​ឃ្លាំ​មើល​សិទិ្ធ​មនុស្ស នៅ​ថ្ងៃ​ចន្ទ ទី២១ ខែ​តុលា​ ដដែល ក៏​បាន​បើក​គេហទំព័រ​ថ្មី​របស់​ខ្លួន​ ​ដោយ​មាន​បញ្ជី​ឈ្មោះ​អ្នក​ទោស​នយោបាយ​ចំនួន​ជាង ៦០នាក់។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​ថា លោក សម រង្ស៊ី គឺ​ជា​ដើម​ចម​នាំ​ឲ្យ​សកម្មជន​របស់​ខ្លួន​​រងគ្រោះ ដោយ​បាន​បោក​ប្រាស់​សកម្មជន ឲ្យ​ប្រព្រឹត្ត​ល្មើស​ច្បាប់ ដែល​នាំឲ្យ​សមត្ថកិច្ច​ចាត់​វិធានការ​ផ្លូវ​ច្បាប់​បាន។

លោក សុខ ឥសាន បាន​និយាយ​ដូច្នេះ​ថា «ទោះ​ជា​សង្គ្រាម​ចិត្ត​​សាស្ត្រ ឬ​មិន​ចិត្ត​សាស្ត្រ​ក្តី បើ​មេឧទ្ទាម និង​ក្រុម​ឧទ្ទាម ចូលមក​ក្នុង​ស្រុក ឃើញ​មុខ​ភ្លាម នឹង​ត្រូវ​ចាប់​វ៉ៃ​ខ្នោះ រុញ​ចូល​គុក​ភ្លែត ព្រោះ​មាន​សាលក្រម​និង​ដីកា​ចាប់​ខ្លួន​រួច​ហើយ។»

លោក សុខ ឥសាន បាន​បន្ត​ថា «តាម​គោលការណ៍​នីតិរដ្ឋ គឺ​អ្នក​ប្រព្រឹត្ត​ល្មើស​ច្បាប់ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់ មិន​មែន​​យក​ការចរចា មក​អនុវត្ត​ទេ៕»




អត្ថបទបន្ទាប់


សាំងហ្គាពួរ នាំមុខអាមេរិក ក្នុងតំណែងជាប្រទេសមានសេដ្ឋកិច្ចប្រកួតប្រជែងខ្លាំងបំផុត​លើលោក

ព័ត៌មាន
ប្រទេសសិង្ហបុរី ឬសាំងហ្គាពួរ ដែលគេស្គាល់ថា ជាដីកោះតូចមួយ ដែលមានប្រជាជនប្រមាណជិត ៦ លាននាក់រស់នៅនោះ បាននាំមុខសហរដ្ឋអាមេរិក ក្នុងតំណែងជ…

បង់ក្លាដេស​ គ្រោង​នឹង​បញ្ជូន​កម្មករ​សំណង់​មកធ្វើការនៅ​កម្ពុជា​

ព័ត៌មាន
ខណៈ​ដែល​វិស័យ​សំណង់​និង​អចលនទ្រព្យ​នៅ​កម្ពុជា​ មាន​សន្ទុះ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​បំផុត​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ