មេដឹកនាំនេប៉ាល់

ក្រុមបាតុករ "Gen Z" និងកងទ័ពកំពុងពិភាក្សាគ្នា ដើម្បីជម្រើសមេដឹកនាំបណ្តោះអាសន្ន


បាតុកម្មរយៈពេលខ្លីតែមានឥទ្ធិពលដ៏សម្បើមនៅប្រទេសនេប៉ាល់ កំពុងធ្វើឲ្យប្រទេសនៅតំបន់អាស៊ីខាងត្បូងគ្មានព្រំដែនជាប់សមុទ្រមួយនេះ ដើរថយក្រោយប្រមាណកន្លះសតវត្សរ៍ បន្ទាប់ពីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។ ដើម្បីបញ្ចប់បាតុភាពនេះ កងទ័ពនិងមេដឹកនាំក្រុមបាតុករវ័យក្មេងជំនាន់"Gen Z" ដែលមានអាយុចន្លោះពី១៣ឆ្នាំ ដល់២៨ឆ្នាំ កំពុងពិភាក្សាគ្នា ដើម្បីសម្លឹងរកមេដឹកនាំថ្មីមកដឹកនាំប្រទេសនេប៉ាល់ជាបណ្តោះអាសន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
មេដឹកនាំនេប៉ាល់
ដោយ

អ្នកនាំពាក្យកងទ័ពរបស់នេប៉ាល់ បាននិយាយថា កងទ័ពនេប៉ាល់ បានបន្តចរចាជាមួយតំណាងក្រុមបាតុការជំនាន់ "Gen Z" នៅថ្ងៃទី១១ ខែ កញ្ញា នេះ ដើម្បីសម្រេចជ្រើសរើសមេដឹកនាំថ្មីឱ្យដឹកនាំប្រទេសនេប៉ាល់ ជាបណ្តោះអាសន្ន បន្ទាប់ពីបាតុកម្មដ៏ហិង្សានេះបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣០នាក់ និង​បង្ខំឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង។ ទាហានបានដើរល្បាតតាមដងផ្លូវក្នុងរដ្ឋធានី កាខ្មាន់ឌូ បន្ទាប់ពីមានការធ្វើបាតុកម្មដ៏អាក្រក់បំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ដើម្បីប្រឆាំងនឹងអំពើពុករលួយ បក្សពួកនិយម និង ភាពអយុត្តិធម៌សង្គម។

លោក រ៉ាចា រ៉ាម បាសណេត (Raja Ram Basnet) មន្រ្តីកងទ័ពនេប៉ាល់ម្នាក់បាននិយាយថា ការពិភាក្សាគ្នារវាងកងកម្លាំង និងក្រុមបាតុករ គឺដើម្បីរជ្រើសរើសមេដឹកនាំបណ្តោះអាសន្ន។ លោកបានអះអាងថា កងទ័ពកំពុងព្យាយាមធ្វើយ៉ាងណាឱ្យស្ថានការណ៍វិលទៅរកសភាពធម្មតាឡើងវិញ។

ពាក់ព័ន្ធនឹងអំពើហិង្សាដែលកើតឡើងដោយសារការធ្វើបាតុកម្មនេះ ក្រសួងសុខាភិបាលនេប៉ាល់ បាននិយាយថា គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញានេះ ចំនួនអ្នកស្លាប់ដោយសារអំពើហិង្សានៅក្នុងបាតុកម្មនេះបានកើនឡើងដល់ ៣០នាក់ ហើយអ្នករងរបួសមានចំនួន ១ពាន់៣៣នាក់។

បើតាមការលើកឡើងរបស់អ្នកនាំពាក្យកងទ័ពនេប៉ាល់ ក្រោយផ្ទុះបាតុកម្មដ៏អាក្រក់នេះ បទបញ្ជាហាមឃាត់ត្រូវបានអនុវត្តនៅតាមតំបន់មួយចំនួននៅ ទីក្រុងកាខ្មាន់ឌូ ប្រទេសនេប៉ាល់ ខណៈអ្នកនាំពាក្យព្រលានយន្តហោះបានអះអាងថា បាតុកម្មនេះ មិនបានធ្វើឱ្យប៉ះពាល់ការហោះហើរនោះទេ ពោលគឺជើងហោះហើរអន្តរជាតិ បានដំណើរការជាធម្មតា។

នៅពេលនេះបេក្ខភាពមេដឹកនាំប្រទេសនេប៉ាល់បណ្តោះអាសន្ត ត្រូវបានគេសម្លឹងទៅលើលោក ស៊ូស៊ីឡា ខាគី (Sushila Karki) អតីតប្រធានចៅក្រម នៃប្រទេសនេះ ហើយលោក ខាគី ផ្ទាល់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកស្ម័គ្រចិត្តទទួលយក ប្រសិនបើមានការស្នើសុំ។

គួរបញ្ជាក់ថា បាតុកម្មដែលបានផ្ទុះឡើងកាលពីថ្ងៃទី ៨ ខែ កញ្ញា បានបណ្តាលឲ្យខូចខាតអគារសាធារណៈជាច្រើនរាប់ចាប់តាំងពី វិមានរដ្ឋសភា រហូតដល់ផ្ទះរបស់នាយករដ្ឋមន្រ្តី ហើយសណ្ឋាគារមួយចំនួន ក៏ត្រូវបានដុតបំផ្លាញផងដែរ៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ការស្រាវជ្រាវមួយបង្ហាញថា ពន្ធគយរបស់លោក ត្រាំ អាចរុញច្រានពលរដ្ឋអាម៉េរិក ជិត១លាននាក់ឱ្យធ្លាក់ក្នុងភាពក្រីក្រ

របាយការណ៍ស្រាវជ្រាវមួយបានរកឃើញថា ការដំឡើងពន្ធគយរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បើទោះបីជួយកែប្រែពាណិជ្ជកម្មសកល និងបង្កើនចំណូ…

អាម៉េរិក ពង្រាយប្រព័ន្ធមីស៊ីលលើទឹកដីជប៉ុន ធ្វើឱ្យចិន ផ្ទុះប្រតិកម្ម និងបង្ហាញការព្រួយបារម្ភពីការពង្រីកកម្លាំងយោធារបស់ជប៉ុន

កងទ័ពរបស់សហរដ្ឋអាម៉េរិក គ្រោងដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមឈ្មោះថា Typhon ជាបណ្ដោះអាសន្ននៅលើទឹកដីជប៉ុន ដែលមានសមត្ថភាពវាយប្រហារដល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ