លោក សុង សារ៉ន នាយកបត្តិក្រុមហ៊ុនអេមរុរាយស៍កម្ពុជា បានគូសបញ្ជាក់ថា អង្ករសែនក្រអូបប្រភេទថ្មីរបស់កម្ពុជា ចំនួន២៥០តោន ត្រូវបាននាំចេញទៅកាន់ទីផ្សារអាល្លឺម៉ង់ជាលើកដំបូងដោយជោគជ័យកាលពីពេលថ្មីៗនេះ។ បើតាមការអះអាងរបស់ថ្នាក់ដឹកនាំរូបនេះ អង្ករសែនក្រអូបប្រភេទថ្មីនេះត្រូវបានផលិតតាមស្តង់ដាការពារបរិស្ថាន និងនិរន្តរភាពជាមួយការកាត់បន្ថយការសាយភាយកាបូនផ្ទះកញ្ចក់ក្នុងបរិយាកាស។
ទន្ទឹមនឹងនេះលោក សុង សារ៉ន បានគូសបញ្ជាក់បន្ថែមថា នៅក្នុងរយៈពេល៦ខែកន្លងមកនេះការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារចិន និងទៅបណ្ដាប្រទេសនៅតំបន់អឺរ៉ុប គឺមានចំនួនប្រហាក់ប្រហែលគ្នា ហើយទីផ្សារទាំងពីរជាទីផ្សារដ៏សំខាន់សម្រាប់កម្ពុជាក្នុងការរក្សាស្ថិរភាពតម្លៃកសិកម្មជូនដល់កសិករ។ បើតាមការគូសបញ្ជាក់របស់លោក សុង សារ៉ន មកទល់ពេលនេះ អង្ករកម្ពុជា ចំនួនជាង១០ប្រភេទត្រូវបាននាំចេញទៅលក់នៅលើទីផ្សារអន្តរជាតិ។
បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅឆមាសទី១ឆ្នាំ២០២៤ ការនាំចេញអង្កររបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានជិត៣៤ម៉ឺនតោន ជាមួយទំហំទឹកប្រាក់ជាង២៤៧លានដុល្លារអាម៉េរិក។ ប្រទេសនៅក្នុងតំបន់អឺរ៉ុប បាននាំចូលអង្ករពីកម្ពុជាច្រើនជាងគេរហូតដល់ជាង១៥ម៉ឺន៦ពាន់តោនជាមួយទំហំទឹកប្រាក់ជាង១២១លានដុល្លារអាម៉េរិក បន្ទាប់មកទីផ្សារចិន និងតំបន់រដ្ឋបាលស្វយ័តរបស់ចិន ជាមួយបរិមាណនាំចូលជាង៧ម៉ឺន៥ពាន់តោន គិតជាប្រាក់ជាង៤៧លានដុល្លារ។ ជាមួយគ្នានេះប្រទេសចំនួន៧នៅតំបន់អាស៊ាន បានស្រូបទាញអង្កររបស់កម្ពុជា ជាង៧ម៉ឹន៤ពាន់តោន ជាមួយទំហំទឹកប្រាក់ជាង៥១លានដុល្លារអាម៉េរិក។ អង្កររបស់កម្ពុជា ត្រូវបាននាំចេញដោយក្រុមហ៊ុនចំនួន៥១ ទៅគោលដៅសរុបចំនួន៦៣ប្រទេស និងតំបន់៕
អត្ថបទ៖ បូ ដូឡា