ចក្រភពអង់គ្លេស

តើលោក Sunak បានសច្ចាដោះស្រាយបញ្ហាអ្វីខ្លះ ក្រោយក្លាយជានាយករដ្ឋមន្ត្រីអង់គ្លេសជាផ្លូវការ?


ក្នុងវ័យត្រឹម៤២ឆ្នាំ នៅទីបំផុតទៅលោក Rishi Sunak ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីទី៥៧ជាផ្លូវការរបស់ចក្រភពអង់គ្លេសហើយ ក្រោយលោកបានចូលគាល់ស្តេចឆាលទី៣ ដើម្បីអនុញ្ញាតឱ្យមេដឹកនាំបក្សអភិរក្សនិយមរូបនេះ បង្កើតរដ្ឋាភិបាលថ្មីមួយកាលពីថ្ងៃអង្គារទី២៥តុលា។ នេះជាការចូលបំពេញការងារដ៏លំបាកបំផុតសម្រាប់បុរសមានដើមកំណើតឥណ្ឌារូបនេះ ព្រោះប្រទេសអង់គ្លេស កំពុងផុងជ្រៅក្នុងវិបត្តិសេដ្ឋកិច្ច និងនយោបាយផងដែរ។
នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីសន្យាធ្វើអ្វីខ្លះដើម្បីប្រទេស?

ក៏ប៉ុន្តែលោក Sunak បានសន្យាថា លោកនឹងចូលខ្លួនមកដោះស្រាយ​វិបត្តិទាំងពីរនេះ និងក៏ដូចជាកែ​តម្រូវកំហុស ដែលមេដឹកនាំមុនបានបង្កើតឡើងផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ភ្លាមៗក្រោយបង្កើតរដ្ឋាភិបាលថ្មីជាផ្លូវការកាលពីថ្ងៃអង្គារទី២៥តុលា លោក Sunak បានចាត់តាំងឱ្យលោក Jeremy Hunt នៅកាន់ដំណែង​ជារដ្ឋមន្ត្រីហិរញ្ញវត្ថុដដែល។ លោក Jeremy នេះជារដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលទើបចូលកាន់ដំណែងថ្មីថ្មោងដូចគ្នា ពោលគឺក្រោមការដឹកនាំ​របស់លោកស្រី​លីស ត្រាស់ ក្រោយពេលលោកស្រីបណ្តេញរ​ដ្ឋមន្ត្រីហិរញ្ញវត្ថុមុនចេញពីកៅអី។

នៅខាងក្រៅការិយាល័យធ្វើ​ការនាយករដ្ឋមន្ត្រី Downing Street និងនៅចំពោះមុខ​អ្នកសារព័ត៌មានជាច្រើន លោក​ Sunak ​អះអាងថា លោកនឹងបង្រួបបង្រួមអង់គ្លេសឡើងវិញ។ លោកថា នឹងរៀបចំគណៈរដ្ឋមន្ត្រីមួយ ដែលមានសមាជិកចេញពីគ្រប់ផ្នែក​ទាំងអស់​នៃបក្សអភិរក្សនិយម ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នាលើគោលនយោបាយ ហើយក្រៅពីនោះលោក នឹងបញ្ចៀស​រាល់ការអនុវត្ត​គោលនយោបាយណា ដែលមានផលប៉ះពាល់ ធ្វើឱ្យអ្នកវិនិយោគភ័យខ្លាច និងគំរាមកំហែងដល់សម្ព័ន្ធមិត្ត​ជាអន្តរជាតិ។

ត្រង់ចំណុចនេះ លោក Sunak ចង់សំដៅថាលោក នឹងមិនអនុវត្តគោលនយោបាយ​ដូចមេដឹកនាំមុនគឺលោកស្រី លីស ត្រាស នោះទេ។ គួររំឭកថាលោកស្រី លីស ត្រាស ក្រោយចូលកាន់​តំណែងបានដាក់ចេញ​នូវគោលនយោបាយ​កាត់បន្ថយពន្ធ​ ដែលបានធ្វើឱ្យ​ទីផ្សារហិរញ្ញវត្ថុ​រំជើបរំជួលខ្លាំង អ្នកវិនិយោគនាំគ្នាខ្លាចរអា ហើយបានរង​ការព្រមាន​ភ្លាមៗ​ពីអន្តរជាតិផងដែរ រួមមាន​ប្រទេសសម្ព័ន្ធមិត្ត និងមូនិធិរូបិយវត្ថុអន្តរជាតិ IMF។

ក្រៅពីនោះលោក Sunak បានសន្យាថា នឹងចាត់ទុកស្ថិរភាព​សេដ្ឋកិច្ចអង់គ្លេសជាស្នូលនៃរបៀបវារៈការងារបស់លោក។ លោកក៏បានប្តេជ្ញាថា នឹងដាក់តម្រូវការ​របស់សាធារណជនមុនគេ ពីលើបញ្ហានយោបាយផងដែរ។ ទោះយ៉ាងណា មិនមែនសាធារណៈមតិទាំងអស់​សុទ្ធតែ​ពេញចិត្តនឹងវត្តមាននាយករដ្ឋមន្ត្រីរូបនេះឡើយ។ ពលរដ្ឋខ្លះលើកឡើងថា លោក Sunak ជាបេក្ខភាពល្អមួយ ប៉ុន្តែល្អក្នុងចំណោមបេក្ខភាព​មិនបានការជាច្រើន។ ពលរដ្ឋអង់គ្លេសខ្លះ​ទៀតយល់ថា ការដែលត្រឹមរយៈពេល​មិនដល់២ខែផង មានការផ្លាស់ប្ដូរនាយករដ្ឋមន្ត្រីដល់ទៅ២រូប មិនមែនជារឿងល្អឡើយ ហើយពួកគេចង់ឱ្យ​មានការបោះឆ្នោត​មុនអាណត្តិតែម្តង។ ពលរដ្ឋមួយចំនួនទៀតមិនចង់ឃើញការផ្លាស់ប្តូរមេដឹកនាំទៀតឡើយ ដោយសង្ឃឹមថាលោក Sunak នឹងអង្គុយកៅអីនេះរហូតដល់ការបោះឆ្នោត​លើកក្រោយ គឺនៅដើមឆ្នាំ២០២៥។​

គួរជម្រាបថា អ្វីដែលគេអាចដឹងបានគិតមកទល់ពេលនេះ គឺអង់គ្លេសក្រោម​ការដឹកនាំរបស់នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ នឹងត្រូវកាត់បន្ថយ​ចំណាយសាធារណៈរបស់រដ្ឋ​ច្រើនសម្បើម។​ រដ្ឋមន្ត្រីហិរញ្ញវត្ថុ Jeremy Hunt អះអាងថា លោកកំពុងត្រៀមគម្រោងកញ្ចប់ថវិកាថ្មីមួយ ស្របជាមួយនឹងគម្រោងខ្ចីប្រាក់បន្ថែមផងដែរ ដើម្បីដាក់គោលដៅកំណើន​សេដ្ឋកិច្ចថ្មី ហើយដែលនឹងចេញ​ផ្សាយ​លំអិតនៅថ្ងៃចន្ទសប្តាហ៍ក្រោយ។

គួរបញ្ជាក់ដែរថា លោក Rishi Sunak ជាមេដឹកនាំអង់គ្លេស ដែលមានវ័យក្មេងជាងគេបំផុត ក្នុងប្រវត្តិសាស្រ្តអង់គ្លេស បើគិតចាប់ពីឆ្នាំ ១៨១២មក។ ម្តាយឪពុករបស់លោក Sunak មានដើមកំណើតជាជនជាតិឥណ្ឌា និងបានធ្វើអន្តោប្រវេសន៍មកដល់ទឹកដី​អង់គ្លេសនៅឆ្នាំ១៩៦០។ លោកចូលប្រឡូកនយោបាយនៅឆ្នាំ ២០១៥ ក្នុងនាមជាតំណាងរាស្រ្ត និងក្លាយរដ្ឋមន្ត្រីហិរញ្ញវត្ថុ​ក្នុងអាណត្តិរបស់លោក បូរីស ចនសុន កាលពីឆ្នាំ២០២០ និងក្នុងវ័យមិនដល់ ៤០ឆ្នាំផង។

បុរសដែលមានដើមកំណើតអាស៊ីរូបនេះ ចូលមកកាន់តំណែងស្របពេលដែលអង់គ្លេស ត្រូវបានចាត់ទុកថា ស្ថិតក្នុងដំណាក់កាលដ៏លំបាកលំបិនមួយក្នុងប្រវត្តិសាស្ត្រ គឺទាំងវិស័យសេដ្ឋកិច្ច និងនយោបាយ។ សេដ្ឋកិច្ច​អង់គ្លេសចុះខ្សោយ​ ជីវភាពពលរដ្ឋជួបការ​លំបាក ដោយ​សារតែបានចាកចេញពីសហភាពអឺរ៉ុប (Brexit)កាលពី៣ឆ្នាំមុនមក ហើយ​អ្វីៗកាន់តែ​លំបាក​​បន្ថែមទៀត ដោយសារតែសង្គ្រាម​នៅអ៊ុយក្រែន​។​

តម្លៃទំនិញចំណីអាហារ តម្លៃប្រេងឥន្ធនៈ តម្លៃហ្កាស ជាពិសេស​​តម្លៃចរន្តអគ្គិសនី គឺ​បាន​ឡើងទ្វេដង។ អត្រា​អតិផរណានៅអង់គ្លេស​ មានចំនួន ​១០,១% ពោលគឺខ្ពស់ជាងគេ​ក្នុងចំណោម​​ប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង៧ ឬហៅកាត់ថាG7៕




អត្ថបទបន្ទាប់


តើវៀតណាមទទួលបានផ្លែផ្កាអ្វីខ្លះ ក្រោយចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាម-អឺរ៉ុប បានជាង៣ឆ្នាំ?

ព័ត៌មាន
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាង សហភាពអឺរ៉ុប និងវៀតណាម (EVFTA) និងកិច្ចព្រមព្រៀងការពារការវិនិយោគ អឺរ៉ុប-វៀតណាម (EVIPA) បានជួយឱ្យប្រទេ…

ការស្ទង់មតិដោយរ៉យទ័របង្ហាញថា សេដ្ឋកិច្ចសកលកំពុងស្ថិតលើផ្លូវទៅរកវិបត្តិ

ព័ត៌មាន
សេដ្ឋកិច្ចពិភពលោកកំពុងខិតជិតដល់ការធ្លាក់ចូលក្នុងវិបត្តិមែនទែនហើយនាពេលនេះ ខណៈដែលអ្នកសេដ្ឋកិច្ចជាច្រើន ដែលត្រូវបានស្ទង់មតិដោយ Reuters ជាថ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ