
អស់ពេលជាច្រើនទស្សវត្សមកហើយ ដែលបងធំនៅអឺរ៉ុប គឺអាល្លឺម៉ង់ បានពឹងផ្អែកស្ទើរតែទាំងស្រុងលើសហរដ្ឋអាម៉េរិក សម្រាប់គោលនយោបាយសន្តិសុខរបស់ខ្លួន។ ប៉ុន្តែទំនោរបែបនេះកំពុងមានការផ្លាស់ប្តូរ ដោយអាល្លឺម៉ង់ គ្រោងចំណាយថវិការហូតដល់ជិត១០០ពាន់លានដុល្លារទិញអាវុធ ដែលផលិតនៅអឺរ៉ុប ដើម្បីកាត់បន្ថយការពឹងផ្អែកលើអាម៉េរិក។ លើសពីនេះអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីដ្រិច មើស (Friedrich Merz) បានជំរុញឱ្យបង្កើតកម្លាំងប្រដាប់អាវុធប្រចាំតំបន់អឺរ៉ុប ចំពេលមានការសង្ស័យអំពីទំនុកចិត្តលើទីក្រុងវ៉ាស៊ីនតោន ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។
បើតាមរបាយការណ៍មួយចំនួនបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់ មានគម្រោងធ្វើពិពិធកម្មការទិញអាវុធរបស់ខ្លួននៅចន្លោះខែកញ្ញា ឆ្នាំ២០២៥ ដល់ខែធ្នូ ឆ្នាំ២០២៦ ដោយក្នុងនោះ មានត្រឹមតែ៨% ប៉ុណ្ណោះ ទិញពីអ្នកផ្គត់ផ្គង់មកពីអាម៉េរិក។ ការផ្លាស់ប្តូរនេះធ្វើឡើងក្រោយមានការទាមទារពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ឱ្យដៃគូអង្គការណាតូបង្កើនការចំណាយលើវិស័យការពារជាតិ ដល់ទៅ៥% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសសមាជិកនីមួយៗ ដែលដែលជាផ្នែកមួយជំរុញឱ្យមានការទិញសព្វាវុធពីអាម៉េរិក បន្ថែមទៀត។
ប្រទេសនៅតំបន់អឺរ៉ុប បានពឹងផ្អែកលើសព្វាវុធរបស់អាម៉េរិកខ្លាំងនៅប៉ុន្មានឆ្នាំកន្លងមកនេះ។ បើយោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពមួយ ដែលមានមូលដ្ឋាននៅទីក្រុងស្តូកខូម ប្រទេសស៊ុយអែត ការនាំចូលសព្វាវុធពីសហរដ្ឋអាម៉េរិក មកកាន់តំបន់អឺរ៉ុបរួមទាំងអ៊ុយក្រែនផងបានកើនឡើងជាង៣ដងនៅចន្លោះឆ្នាំ២០២០ និងឆ្នាំ២០២៤ បើធៀបនឹង៥ឆ្នាំមុន៕
ដោយ៖ សុខ មង្គល