កម្ពុជាអាចផលិតចំណីសត្វជាង១លានតោនក្នុង១ឆ្នាំ

រដ្ឋមន្រ្តីកសិកម្ម៖ កម្ពុជាអាចផលិតចំណីសត្វជាង១លានតោនក្នុង១ឆ្នាំ តែមិនទាន់អាចផ្គត់ផ្គង់គ្រប់តាមតម្រូវការនៅឡើយ


បច្ចុប្បន្ន នៅក្នុងខ្សែចង្វាក់ផលិតកម្មចិញ្ចឹមសត្វ ក៏មិនខុសពីផ្នែកដទៃដែរ កំពុងប្រឈមនឹងផលប៉ះពាល់ដោយសារកូវីដ១៩ និងវិបត្តិសង្គ្រាមនៅអ៊ុយក្រែន។ តួយ៉ាង បច្ចុប្បន្ន បញ្ហាទាំងនេះ បាននិងកំពុងជំរុញឲ្យការចំណាយលើផលិតផលចំណីសត្វកើនកាន់តែខ្ពស់ ព្រោះតែ កម្ពុជា មិនទាន់មានលទ្ធភាពគ្រប់គ្រាន់ក្នុងការផ្គត់ផ្គង់ចំណីសត្វបានដោយខ្លួនឯង ១០០ភាគរយ នោះទេ ពោលគឺការផលិតផ្គត់ផ្គង់នៅក្នុងស្រុក មានត្រឹមតែប្រហែលពាក់កណ្ដាលនៃតម្រូវការតែប៉ុណ្ណោះ។
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ

ជាក់ស្ដែង បើតាមឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បច្ចុប្បន្ន កម្ពុជាមានរោងចក្រផលិតសត្វចំនួន ២៣ ដែលមានលទ្ធភាពផលិតចំណីសត្វ ក្នុងបរិមាណជាង ១លានតោន ក្នុង១ឆ្នាំ ខណៈកម្ពុជា មានតម្រូវការចំណីសត្វជាមធ្យមជាង ២លានតោន ក្នុង១ឆ្នាំ។

ពាក់ព័ន្ធនឹងការផលិតចំណីសត្វ ក៏ដូចជាការចិញ្ចឹមសត្វនៅកម្ពុជានេះដែរ លោក ស្រ៊ុន ពៅ ប្រធានសមាគមចិញ្ចឹមសត្វកម្ពុជា បានអះអាងថា បើទោះបី កម្ពុជា ជាប្រទេសកសិកម្ម តែចំណីសត្វ និងវត្ថុធាតុដើមនៃការផលិតចំណីសត្វ ដូចជា ពោត ចុងអង្ករ និងកន្ទក់ ជាដើម នៅតែមានការនាំចូលពីខាងក្រៅនៅឡើយទេ ដែលនេះជាបញ្ហាធ្វើឲ្យតម្លៃចំណីសត្វ បន្តកើនឡើង។ លោក ស្រ៊ុន ពៅ បានយល់ថា វត្តមានរោងចក្រផលិតចំណីសត្វនៅកម្ពុជា បច្ចុប្បន្ន អាចបំពេញនូវតម្រូវការចំណីសត្វក្នុងស្រុកបាន បើទោះមិនបាន១០០ភាគរយ ក៏ដោយ បើសិនរោងចក្រទាំងនោះ អាចដំណើរការផលិតបានពេញលេញ។ ក៏ប៉ុន្តែ យ៉ាងណា លោក ស្រ៊ុន ពៅ នៅតែយល់ថា កម្ពុជា ត្រូវការជំរុញខ្សែចង្វាក់ផលិតកម្មចំណីសត្វបន្ថែម ដើម្បីកាត់បន្ថយការនាំចូលចំណីពីខាងក្រៅ ក៏ដូចជា ជួយកសិករឲ្យកាត់បន្ថយការចំណាយលើថ្លៃចំណីសត្វ។ ខណៈបច្ចុប្បន្ន បញ្ហាកើនឡើងថ្លៃចំណីសត្វ នៅតែបញ្ហាប្រឈមខ្លាំងសម្រាប់វិស័យចិញ្ចឹមសត្វ ដែលធ្វើឲ្យកសិករចំណាយលើថ្លៃដើមផលិតកាន់តែខ្ពស់ ហើយតម្លៃសត្វចិញ្ចឹមក្នុងស្រុកវិញ បែរជាធ្លាក់ចុះជាបន្តបន្ទាប់។

យ៉ាងណាក៏ដោយ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម កម្ពុជា ពិសេសលើការគាំទ្រខ្សែចង្វាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា នៅថ្ងៃទី២៦ ខែក្កដា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានអញ្ញើញជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកម្ចីស្ដីពី«ការគាំទ្រខ្សែច្រវាក់ផ្គត់ផ្គង់ចំណីសត្វនៅកម្ពុជា» ក្នុងទំហំទឹកប្រាក់ ១៥លានដុល្លារ រវាងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ជាមួយក្រុមហ៊ុន De Heus។ រដ្ឋមន្រ្តីកសិកម្មបានចាត់ទុកនេះ គឺជាសមិទ្ធផលថ្មីមួយទៀតដែលបានប្រសូត្រចេញពីការខិតខំប្រឹងប្រែង ផ្តល់កិច្ចសហការគ្នាបានល្អរវាងភាគីពាក់ព័ន្ធ ឈានមកសម្រេចបាននូវកិច្ចព្រមព្រៀងកម្ចីឥណទានដើម្បីយកមកអភិវឌ្ឍខ្សែច្រវាក់ផលិតកម្មចំណីសត្វ ដែលក្រុមហ៊ុន De Heus បាននិងកំពុងដំណើរការយ៉ាងសកម្ម ឆ្លើយតបបានទាន់ពេលទៅនឹងកំណើនផលិតកម្មសត្វ នាពេលបច្ចុប្បន្ន។ មិនតែប៉ុណ្ណោះ ឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការផ្តល់ហិរញ្ញប្បទាននាពេលនេះ ប្រាកដនឹងជួយធ្វើឲ្យខ្សែចង្វាក់ផលិតកម្មចំណីសត្វ មានការវិវឌ្ឍន៍កាន់តែល្អប្រសើរធានាបានទាំងបរិមាណផលិត គុណភាពចំណី សុវត្ថិភាព និងស្តការប្រកួតប្រជែងសម្រាប់ទីផ្សារក្នុងស្រុកនិងការនាំចេញ។

ក្រុមហ៊ុន De Heus THM គឺជាក្រុមហ៊ុនចម្រុះអន្តរជាតិពីប្រទេសហូឡង់ក្នុងផ្នែកឧស្សាហកម្មចំណីសត្វ ដែលបានចាប់ដៃគូសហការគ្នារវាងក្រុមហ៊ុន De-Heus Cambodia B.V. (De Heus) ជាមួយក្រុមហ៊ុន TMH (Cambodia) Co., Ltd ដើម្បីបង្កើតជាសម្ព័ន្ធអាជីវកម្មក្រុមហ៊ុនរួមទុនថ្មីមួយ។ ក្រុមហ៊ុនបានដាក់ទុនវិនិយោគចំនួន ១៥លានដុល្លារ ដើម្បីពង្រីកការសាងសង់រោងចក្រលើផ្ទៃដីចំនួន ៧ហិកតា នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងមានសមត្ថភាពផលិតចំណីសត្វគ្រប់ប្រភេទបានចំនួន ១ម៉ឺន៥ពាន់តោនក្នុង១ខែ និងមានផែនការផលិតចំណីសត្វ ១៨ម៉ឺនតោនក្នុង១ឆ្នាំ៕




អត្ថបទបន្ទាប់


អ្នកជំនាញ៖ កំណើនអតិផរណានៅកម្ពុជា អាចរុញច្រានឲ្យអ្នកមានចំណូលថេរ ឬទាបស្ថិតក្រោមបន្ទាត់ក្រីក្រ

ព័ត៌មាន
ការកើនឡើងតម្លៃប្រេងឥន្ធនៈ និងការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល គួបផ្សំការងើបឡើងវិញនៃតម្រូវការក្នុងស្រុក បានជំរុញឲ្យកម្រិតអតិផរណានៅកម្…

តើជំនួបទ្វេភាគីដ៏កម្ររវាងកំពូលមេដឹកនាំចិន និងឥណ្ឌូនេស៊ីមានការសន្យា និងប្ដេជ្ញាចិត្តអ្វីខ្លះ?

ព័ត៌មាន
មេដឹកនាំចិន និងឥណ្ឌូណេស៊ីបានសន្យាបង្កើនទំហំពាណិជ្ជកម្មរវាងគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា កសិកម្ម និងសន្តិសុខស្បៀង …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ