ធនាគារកណ្តាលអង់គ្លេស (BOE) កាលពីថ្ងៃព្រហស្បតិ៍ ទី១ ខែសីហា បានបញ្ចុះអត្រាការប្រាក់គោលនយោបាយរបស់ខ្លួនពី៥,២៥% មកនៅត្រឹម៥% ហើយធនាគារកណ្ដាលផ្សេងៗទៀត ក៏បានបន្ធូរបន្ថយផងដែរនូវគោលនយោបាយរូបិយវត្ថុដ៏តឹងរ៉ឹងរបស់ខ្លួន ដែលត្រូវបានដាក់ចេញ ដើម្បីទប់អតិផរណាអំឡុងវិបត្តិសកលកូវីដ-១៩ បន្ទាប់ពីអតិផរណាថមថយ។
ធនាគារកណ្តាលអាម៉េរិក (Federal Reserve) ក៏បានព្រលយពាក្យឱ្យតម្រុយដែរថា ខ្លួនអាចនឹងចាប់ផ្ដើមបញ្ចុះអត្រាការប្រាក់លើកដំបូងរបស់ខ្លួននៅខែកញ្ញា ខាងមុខ ដោយផ្តោតសំខាន់លើការរក្សាតុល្យភាពរវាងការការពារទីផ្សារការងារ និងការគ្រប់គ្រងអតិផរណា។
ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានគូសបញ្ជាក់ថា ការបញ្ចុះអត្រាការប្រាក់នឹងធ្វើឡើងដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចជាក់ស្ដែង។
ទន្ទឹមនេះ ធនាគារកណ្តាលអឺរ៉ុប (ECB) ធនាគារកាណាដា (BOC) ក៏គ្រោងបញ្ចុះអត្រាការប្រាក់ផងដែរ ប៉ុន្តែធនាគារកណ្ដាលទាំងនេះ មានយុទ្ធសាស្ត្រផ្សេងគ្នា ហើយនេះឆ្លុះបញ្ចាំងពីការជជែកដេញដោលគ្នា ដែលកំពុងបន្តនៅឡើយជុំវិញល្បឿន និងទំហំនៃការបញ្ចុះអត្រាការប្រាក់។
ស្ថិតក្នុងស្ថានភាពបច្ចុប្បន្ន ធនាគារកណ្តាលនានា ចាំបាច់ត្រូវកែសម្រួលគោលនយោបាយរូបិយវត្ថុរបស់ខ្លួនដោយការប្រយ័ត្នប្រយែងខ្ពស់ ជាពិសេសនៅក្នុងសម័យកាលក្រោយវិបត្តិកូវីដ-១៩ ដែលមានអតិផរណាខ្ពស់ និងទីផ្សារដែលបែកខ្ញែកគ្នានេះ៕
ដោយៈ សរ សុជាតិ