វិស័យសេដ្ឋកិច្ច

សេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះយ៉ាងខ្លាំង ខណៈបំណុលគ្រួសារឡើងដល់ជិត ៨៧% នៃ ផលិតផលក្នុងស្រុកសរុប


សេដ្ឋកិច្ចរបស់ប្រទេសថៃ កំពុងដាំក្បាលចុះ ខណៈមិត្តក្នុងតំបន់អាស៊ានផ្សេងទៀត រួមមាន ហ្វីលីពីន វៀតណាម និងឥណ្ឌូនេស៊ី បានវ៉ាដាច់បាត់ទៅហើយ ស្របពេលទិន្នន័យពីធនាគារកណ្ដាលថៃ បានបង្ហាញថា បំណុលគ្រួសារនៅប្រទេសនេះ បានកើនឡើងខ្លាំងរហូតដល់ជិត៨៧% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់ខ្លួនកាលពីឆ្នាំមុន ដែលជាកម្រិតបំណុលខ្ពស់បំផុតមួយក្នុងពិភពលោក។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Aljazeera។
វិស័យសេដ្ឋកិច្ច
ដោយ

តាមការប៉ាន់ប្រមាណបង្ហាញថា ក្នុងចំណោមបំណុលគ្រួសារទាំងនោះ មានរហូតដល់ទៅជិត ១ពាន់ ៥០០ លានដុល្លារអាម៉េរិក ជាបំណុលចងការក្រៅផ្លូវការ ដែលមានការប្រាក់ខ្ពស់ប្រកបដោយហានិភ័យ​។ ក្រុមអ្នកវិភាគលើកឡើងថា បន្ទាប់ពីសម្រេចបានកំណើនសេដ្ឋកិច្ចយ៉ាងរឹងមាំរាប់ទសវត្សរ៍មកនេះ សេដ្ឋកិច្ចថៃ នៅពេលនេះកំពុងដាំក្បាលចុះខ្លាំង ស្របពេលបំណុលគ្រួសារក៏ចេះតែកើនឡើងជាលំដាប់ផងដែរ។

ទន្ទឹមនេះ ប្រជាពលរដ្ឋថៃ មួយភាគធំជាប់ផុងក្នុងការងារមិនសូវប្រើជំនាញ ដែលមានប្រាក់ឈ្នួលទាប ហើយនោះក៏ដោយសារតែពួកគេរៀនសូត្របានទាប ខណៈដែលថ្លៃចំណាយជីវភាពចេះតែកើនឡើង ខណៈដែលសេដ្ឋកិច្ចនៃប្រទេសផ្សេងៗនៅក្នុងតំបន់អាស៊ាន កំពុងងើបឡើងវិញយ៉ាងរឹងមាំពីវិបត្តិកូវីដ-១៩ សេដ្ឋកិច្ចរបស់ប្រទេសថៃ បែរជាធ្លាក់ចុះទៅវិញ។

យោងតាមក្រុមអ្នករៀបចំផែនការសេដ្ឋកិច្ចជាតិរបស់ប្រទេសថៃ សេដ្ឋកិច្ចរបស់ប្រទេសថៃ សម្រេចបានកំណើនត្រឹមតែ ១,៩%ប៉ុណ្ណោះកាលពីឆ្នាំមុន បើធៀបនឹងកំណើនក្នុងរង្វង់ ៥%ឬខ្ពស់ជាងនេះ នៅក្នុងប្រទេសហ្វីលីពីន ឥណ្ឌូនេស៊ី និងវៀតណាម ដែលជាមិត្តក្នុងតំបន់អាស៊ាន ហើយសូម្បីតែប្រទេសជិតខាងម៉ាឡេស៊ី ក៏សម្រេចបានកំណើន ៣,៧%ផងដែរ។

ទោះបីជាវិស័យទេសចរណ៍ដ៏សំខាន់របស់ប្រទេសថៃ ដែលគ្របដណ្ដប់រហូតដល់ទៅប្រមាណ ១ភាគ៥នៃសេដ្ឋកិច្ចរបស់ខ្លួនស្ទុះងើបឡើងវិញយ៉ាងណាក្ដី ក៏ស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសនេះមិនល្អប្រសើរប៉ុន្មានឡើយនៅក្នុងឆ្នាំ២០២៤ នេះ។ ធនាគារពិភពលោក (World Bank) កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ បានព្យាករថា សេដ្ឋកិច្ចថៃ នឹងសម្រេចបានកំណើនក្នុងរង្វង់២,៨%ក្នុងឆ្នាំនេះ។ ទន្ទឹមនេះប្រទេសហ្វីលីពីន ឥណ្ឌូណេស៊ី វៀតណាម និងម៉ាឡេស៊ី ត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនសេដ្ឋកិច្ចចន្លោះពី៤,៣%ទៅ៥,៨%ក្នុងឆ្នាំនេះ៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់យ៉ាងណាចំពោះការបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន?

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មាធិការជំរុញការដោះស្រាយបញ្ហាវិស័យឯកជន ដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាប្រឈម ឬសំណូមពររបស់វិស័យ…

សិង្ហបុរីចាប់ផ្ដើមរឹតបន្តឹងច្បាប់ប្រឆាំងនឹងការលាងលុយកខ្វក់ សម្រាប់អ្នកលេងរូបិយប័ណ្ណគ្រី.ប.តូ

ព័ត៌មាន
ក្រុមនិយ័តករហិរញ្ញវត្ថុរបស់ប្រទេសសិង្ហបុរី កំពុងរឹតបន្តឹងច្បាប់ស្តីពីវិធានការប្រឆាំងនឹងការលាងលុយកខ្វក់ ដែលគ្របដណ្តប់លើអ្នកលេងរូបិយប័ណ្ណគ្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ