
ផ្សារភាគហ៊ុន S&P 500 ដែលជាសន្ទស្សន៍ផ្សារហ៊ុននៃក្រុមហ៊ុនឈានមុខគេទាំង៥០០របស់សហរដ្ឋអាម៉េរិក បានធ្លាក់ចុះកាលពីថ្ងៃទី៧ ខែមេសា ដោយសារការព្រួយបារម្ភខ្លាចសេដ្ឋកិច្ចអាម៉េរិក ដាំក្បាលចុះ ហើយអតិផរណាកើនឡើងខ្ពស់ ខណៈប្រធានាធិបតី ដូណាល់ ត្រាំ ព្រមានដាក់ពន្ធបន្ថែមទៀតលើប្រទេសចិន ដែលអាចនឹងប្រកាសក្នុងពេលដ៏ខ្លីខាងមុខ។
បើយោងតាមការចុះផ្សាយរបស់ នីកេ អេស៊ា ផ្សារភាគហ៊ុនអាម៉េរិក បានហក់ឡើងវិញមួយប្រាវក្រោយមានពាក្យចចាមអារ៉ាមថា សហរដ្ឋអាម៉េរិក ផ្អាកការអនុវត្តពន្ធថ្មីរយៈពេល៩០ថ្ងៃ។ ទោះជាយ៉ាងណាសេតវិមាន បានចេញមុខច្រានចោលពាក្យចចាមអារ៉ាមនេះដែលធ្វើឱ្យផ្សារហ៊ុនដាំក្បាលចុះជាថ្មី។
ទិន្នន័យផ្លូវការបានបង្ហាញថា គិតមកទល់ពេលនេះសន្ទស្សន៍ផ្សារហ៊ុនអាម៉េរិក S&P 500 បានធ្លាក់ចុះរហូតដល់ទៅ២០% ពីកម្រិតហក់ឡើងខ្ពស់បំផុតរបស់ខ្លួន ដែលបណ្ដាលឱ្យខាតបង់ធ្ងន់ធ្ងររហូតដល់ទៅ៥ទ្រីលានដុល្លារ ក្នុងរយៈពេលត្រឹមតែ២ថ្ងៃ។
ទន្ទឹមនេះ រូបិយប័ណ្ណនានារបស់អាស៊ី កំពុងហក់ឡើងថ្លៃ ខណៈប្រាក់ដុល្លារអាម៉េរិក ធ្លាក់ចុះដោយសារការព្រួយបារម្ភអំពីផលប៉ះពាល់នៃពន្ធគយថ្មីៗរបស់សហរដ្ឋអាម៉េរិក។ ប្រាក់យ៉េន របស់ជប៉ុន បានហក់ឡើងថ្លៃជាង២% ចាប់តាំងពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ជាពេលដែលលោកប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធ។ ជាមួយគ្នានេះ រូបិយប័ណ្ណអាស៊ីផ្សេងទៀតដូចជារូបិយប័ណ្ណរបស់តៃវ៉ាន់ រូបិយប័ណ្ណរបស់សិង្ហបុរី រូបិយប័ណ្ណរបស់ហុងកុង និងរូបិយប័ណ្ណរបស់កូរ៉េខាងត្បូង ក៏បានឡើងថ្លៃផងដែរ៕
ដោយ: តែម សុខុម