វិស័យ ដឹកជញ្ជូន

វិស័យដឹកជញ្ជូនសកលកំពុងរង្គោះរង្គើ ក្រោយតម្លៃប្រេងហក់ឡើងខ្ពស់កប់ពពក


វិស័យដឹកជញ្ជូននៅកម្ពុជា កំពុងឈានចូលដល់ដំណាក់កាលតឹងតែង បន្ទាប់ពីតម្លៃប្រេងសាំង និងម៉ាស៊ូតបានហក់ឡើងយ៉ាងគំហុកនៅប៉ុន្មានថ្ងៃ នៃសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។ ក្រុមអ្នកជំនាញបានព្រមានថា ផលប៉ះពាល់នេះបានវាយប្រហារលើវិស័យដឹកជញ្ជូនឱ្យមានការកើនឡើងពី១០ ទៅ១៥% រួចស្រេចទៅហើយ ដែលបង្ខំឱ្យក្រុមហ៊ុននានាត្រូវដំឡើងថ្លៃសេវាដឹកជញ្ជូន ដើម្បីទប់ទល់នឹងថ្លៃដើមដែលកំពុងហក់ឡើងខ្ពស់។
វិស័យ ដឹកជញ្ជូន
ដោយ

ឧកញ៉ា ស៊ិន ចន្ធី  អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានអះអាងថា វិស័យដឹកជញ្ជូននៅពេលនេះកំពុងទទួលរងផលប៉ះពាល់ ដោយភាគីពាក់ព័ន្ធកំពុងពិភាក្សាដំឡើងថ្លៃដឹកជញ្ជូន ដោយសារតែថ្លៃដើមចំណាយខ្ពស់ទៅលើប្រេងឥន្ធនៈ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ និងកប៉ាល់ដឹកជញ្ជូនអន្តរជាតិ ក៏បានប្រកាសដំឡើងថ្លៃជាបន្តបន្ទាប់ និងឈានដល់មិនទទួលដឹកជញ្ជូនឆ្ពោះទៅតំបន់មជ្ឈិមបូព៌ាផងដែរ។ បើតាមការគូសបញ្ជាក់របស់អ្នកជំនាញរូបនេះ ការកើនឡើងតម្លៃប្រេងឥន្ធនៈនៅប៉ុន្មានថ្ងៃកន្លងមកនេះ បានជំរុញឱ្យតម្លៃដឹកជញ្ជូនមានការកើនឡើងចម្លោះពី១០ ទៅ១៥% រួចទៅហើយ។

ជាមួយគ្នានេះ លោក ជា ចាន់ដារ៉ា ប្រធានសមាគមពាណិជ្ជករដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅកម្ពុជា បានលើកឡើងថា ដោយសាតែតម្លៃប្រេងកើនឡើងខ្ពស់ជាបន្តបន្ទាប់ ក្រុមហ៊ុនដឹកជញ្ជូនចាប់ផ្តើមដំឡើងថ្លៃជាបណ្តើរៗហើយ។ យ៉ាងណាមិញលោកបានព្រមានថា ប្រសិនបើតម្លៃប្រេងឥន្ធនៈសកលនៅតែបន្តកើនឡើង ចង់ឬមិនចង់វិស័យដឹកជញ្ជូននៅកម្ពុជានឹងរងផលប៉ះពាល់ជាក់ជាមិនខាន។ សម្រាប់ប្រធានសមាគមរូបនេះ ដើម្បីអាចដោះស្រាយការចំណាយថ្លៃដើមខ្ពស់ អ្នករកស៊ីក្នុងវិស័យដឹកជញ្ជូនមានតែដំឡើងថ្លៃដឹកជញ្ជូនប៉ុណ្ណោះ ដើម្បីចៀសវាងខាតបង់ប៉ះពាល់ដល់ប្រតិបត្តិការរបស់ខ្លួន។

ក្នុងទិដ្ឋភាពសេដ្ឋកិច្ច លោកស្រីបណ្ឌិត ព្រុំ ទេវី អ្នកជំនាញវិទ្យាសាស្ត្រសេដ្ឋកិច្ចបានអះអាងថា នៅពេលប្រេងឡើងថ្លៃ វានឹងបង្កើតជាផលវិបាកជាខ្សែច្រវាក់ដល់ទំនិញគ្រប់មុខ។ លោកស្រីយល់ឃើញថា ស្ថិតក្នុងស្ថានភាពបច្ចុប្បន្នឱ្យពលរដ្ឋ និងអាជីវករ គួរកាត់បន្ថយការដឹកជញ្ជូនដែលមិនចាំបាច់ និងពន្យារពេលការធ្វើដំណើរឆ្ងាយៗជាបណ្ដោះអាសន្ន ដើម្បីសន្សំសំចៃថវិកា និងថាមពលក្នុងកាលៈទេសៈដ៏លំបាកនេះ។

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃទី៨-១០ ខែមីនា តម្លៃសាំងធម្មតានៅតាមស្ថានីយប្រេងឥន្ធនៈទូទាំងប្រទេសត្រូវលក់ចេញ៤,៤០០រៀលក្នុងមួយលីត្រ និងប្រេងម៉ាស៊ូតលក់ចេញក្នុងតម្លៃ៥,១៥០រៀលក្នុងមួយលីត្រ។ ក្រសួងរ៉ែ និងថាមពលបានព្រមានថា ស្ថានីយប្រេងឥន្ធនៈអាចប្រឈមនឹងការដកអាជ្ញាបណ្ណប្រសិនបើធ្វើអាជីកម្មមិនត្រឹមត្រូវ ឬខុសច្បាប់៕

អត្ថបទ ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិបត្តិប្រេងឡើងថ្លៃកំពុងក្លាយជាសម្ពាធជំរុញថ្លៃដើមក្នុងវិស័យកសិកម្ម ខណៈអ្នកជំនាញបារម្ភបញ្ហានេះបន្តអូសបន្លាយ

តម្លៃប្រេងបានហក់ឡើងខ្ពស់យ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា។ ក្រុមអ្នកជំនាញកសិកម្មព្រមានថា ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ