គន្លឹះដឹកនាំ

គន្លឹះគ្រប់គ្រងរបស់ជនជាតិជប៉ុន ដែលអ្នកគួរឈ្វេងយល់!


ជនជាតិជប៉ុនត្រូវបានពិភពលោកស្គាល់ថា ជាពូជសាសន៍មួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅនិងការបំពេញការងារ ខណៈដែលប្រទេសនេះ ក៏ធ្លាប់ជាកំពូលប្រទេសមហាអំណាចសេដ្ឋកិច្ចពិភពលោកផងដែរ។ តួយ៉ាង គេអាចមើលឃើញថា ក្រុមហ៊ុនធំៗលំដាប់ពិភពលោកក៏មានយីហោរបស់ជប៉ុនច្រើនណាស់ដែរ។ តើជនជាតិជប៉ុនមានវប្បធម៌នៃការគ្រប់គ្រងបែបណាខ្លះ ទើបបានជាពិភពលោកមានការស្ងើចសសើរនិងឲ្យតម្លៃខ្ពស់យ៉ាងដូច្នេះ?
គន្លឹះគ្រប់គ្រងរបស់ជនជាតិជប៉ុន ដែលអ្នកគួរឈ្វេងយល់! (រូបភាព៖ Pinterest)
ដោយ

ខេមបូណូមីស សូម​លើកយក​នូវ​ចំណុច​គោល​សំខាន់ៗ​មួយចំនួន​នៃ គន្លឹះ​ដឹកនាំ​របស់​ជនជាតិ​ជប៉ុន​ មកចែក​រំលែក​លោកអ្នក​ដើម្បី​ជាចំណី​គំនិត​បន្ថែម​ទាក់ទង​នឹង​គន្លឹះ​នៃការដឹកនាំ។​

១, ជប៉ុន​ប្រកាន់ខ្ជាប់​នូវ​សម្រេច​ចិត្ត​ជាឯកច្ឆន្ទ (Consensus)

ការសម្រេច​ចិត្តបែប​មូល​មតិ​ជា​ឯកច្ឆន្ទ គឺជាវប្បធម៌​ធ្វើការមួយ​របស់​ជនជាតិ​ជប៉ុន ទាំងក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម ស្ថាប័ននានា និងជួររដ្ឋាភិបាល។ មុននឹងឈាន​ដល់​ការសម្រេចចិត្ត ពួកគេតែង​ស្នើឲ្យ​មានការ​ចូលរួម​បញ្ចេញ​មតិ​ពីសំណាក់​ថ្នាក់ដឹក​នាំ​សំខាន់ៗក្នុងស្ថាប័ន ទាំងមតិស្រប និងបដិសេធ ដើម្បី​ធ្វើការ​ថ្លឹងថ្លែង​ពីភាពវិជ្ជមាន និងអវិជ្ជមាន នៅពីក្រោយ​ការ​សម្រេចចិត្ត។ ទោះយ៉ាងណា គេបាន​រកឃើញថា មានផ្នត់គំនិត និងឥរិយាបថ​គ្រប់គ្រង​មួយចំនួន​ដែលជន​ជាតិជប៉ុន តែងយក​​មកអនុវត្ត​មុននឹង​ធ្វើការ​សម្រេច​ចិត្ត​ ដើម្បីឈាន​ទៅរក​ការផ្លាស់ប្តូរ​ប្រកប​ដោយ​វឌ្ឍនភាព រួមមាន៖

          - ផ្តោតការយក​ចិត្តទុកដាក់​លើឫសគល់​បញ្ហាជាចម្បង៖ នេះជាចំណុច​មួយដែល​គេចាត់ទុកថា ជាភាពខុសគ្នា​ស្រឡះ​រវាង​ប្រទេស​លោកខាងលិច និងជប៉ុន ក្នុងពេល​ដែលពួកគេ​ត្រូវធ្វើការ​សម្រេចចិត្ត។ ពោលគឺ នៅពេល​ជួបបញ្ហាធំៗ និងដើម្បី​ឈានទៅ​ធ្វើការ​សម្រេច​ចិត្ត​ប្រកប​ដោយ​គតិបណ្ឌិត នៅប្រទេស​លោកខាងលិច​និយម​សង្កត់ធ្ងន់​ទៅលើការ​ស្វែងរក​ចម្លើយ​សម្រាប់​សំណួរ មានន័យថា គិតទៅលើ​ដំណោះស្រាយ​ជាចម្បង។ ប៉ុន្ដែ ក្នុងការ​សម្រេចចិត្ត​ប្រកប​ដោយ​គតិបណ្ឌិត​របស់ជនជាតិ​ជប៉ុន គឺដឹងពី​សំណួរ​ឲ្យបាន​ច្បាស់សិន ពោលគឺ​ស្គាល់ពី ឫសគល់​នៃបញ្ហា ហើយជំហាន​បន្ទាប់​ដែលសំខាន់ និងចាំបាច់​បំផុតនោះគឺ ការសម្រេចចិត្ត ដែលត្រឹមត្រូវ និងប្រកប​ដោយសុក្រិតភាព ដោយប្រើប្រាស់​នូវវិធីសាស្ត្រ​មូលមតិ​ជាឯកច្ឆន្ទ (កុងសង់សីស)។ មានការ​លើកឡើងថា  រាល់ការ​ចរចា​នានា​ជាមួយ​ជនជាតិ​ជប៉ុន គឺ​ប្រហែល​ជាអាចត្រូវ​ចំណាយ​ពេលយូរ ព្រោះជនជាតិ​ជប៉ុន​រមែង​មានការ​គិតស៊ីជម្រៅ និងល្អិតល្អន់បំផុត ប៉ុន្ដែ​ពួកគេ​នឹងបន្ថែម​ល្បឿន​ការងារ​យ៉ាងរហ័ស​ក្រោយពី​សម្រេចចិត្ត​បាន​បញ្ចប់រួចរាល់។ លើសពីនេះទៀត សម្រាប់ការ​គ្រប់គ្រង​របស់​ជប៉ុនគ្មាន​ឡើយ​ការសម្រេច​ចិត្ត​ធំៗណាមួយ​ធ្វើឡើង​ជាអត្តនោម័ត ទោះបីបុគ្គលនោះ ជាអ្នកគ្រប់គ្រង​កំពូល​ក៏ដោយ។ 

- ចាប់ផ្ដើមធ្វើយុទ្ធនាការ៖ ក្រោយពី​បានបញ្ចប់​ការសម្រេច​ចិត្ត​រួចរាល់ ជាជំហាន​សំខាន់​បន្ទាប់​ក្នុងការឈាន​ទៅរកការ​សម្រេច​គោលដៅ គឺជាដំណាក់កាល​នៃសកម្មភាព (Action Stage)។ ទោះយ៉ាងណា នៅក្នុងដំណាក់កាលនេះ ក៏ត្រូវឆ្លងកាត់​នូវការ​សម្រេច​ចិត្ត​មួយទៀត ហើយវា​ក៏ជាការ​សម្រេច​ចិត្ត​សំខាន់​មួយផងដែរ​ នោះគឺការជ្រើស​រើស​នូវបុគ្គល ដែលមាន​សមត្ថភាព​ត្រូវនឹង​កិច្ចការ (Appropriate People) ដោយការ​សម្រេចចិត្តនេះ គឺជាភារកិច្ច​របស់ថ្នាក់​ដឹកនាំ​កំពូល​របស់ស្ថាប័ន​ត្រូវធ្វើតាមរយៈ​ការធ្វើ​កុងសង់សីស​ដដែល (មូលមតិជាឯកច្ឆន្ទ)។ ការរើសចាត់តាំង​មនុស្ស​ឲ្យត្រូវ​នឹងភារកិច្ច គឺជាវិធី​សាស្ត្រ​មួយដែល​វប្បធម៌ការងារ​របស់​ជប៉ុន​ជឿជាក់ថា វានឹងធ្វើឲ្យ​ការងារ​ទៅមុខ​បានរលូន រហ័ស មានគុណភាព និងតម្លាភាព។

- បន្ថែមការយកចិត្តទុកដាក់៖ បើតាម​គេហទំព័រ HBR បានលើក​ឡើងថា ភាគច្រើន​ក្រុមហ៊ុន​អាមេរិក​ដែលមាន​ទំនាងទំនង​ការងារ​ជាមួយ​ក្រុមហ៊ុនជប៉ុន តែងប្រើយុទ្ធសាស្ត្រ​ជំរុញ តម្រូវ​តាមរយៈ​ផែនការ​រយៈពេលវែង ឬការណែនាំ​បញ្ចុះបញ្ជូលនានា ដើម្បីបង្ហាញថា​ខ្លួនជា​ជម្រើស​តែមួយ​គត់​សម្រាប់​ភាពជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ជប៉ុន ហើយបន្ត​ធ្វើយ៉ាងណាឲ្យ​មានការ​សម្រេចចិត្ត​លើកិច្ចការងារ​ដែលពួកគេ​ចង់បាន​ឲ្យបានលឿន។ ទោះជា​បែបនេះក្ដី ភាគីខាងជប៉ុន នៅតែ​ពិចារណា​រាល់ចម្លើយ​នឹងការ​ផ្គូរផ្គង់​របស់​ភាគីអាមេរិក និងប្រមូលទុក​គំនិត​ទាំងនោះ​សម្រាប់​វិភាគ ដោយមិនធ្វើ​ការសម្រេច​ចិត្តភ្លាមៗ​នោះឡើយ ព្រោះអ្វីដែល​សំខាន់​សម្រាប់​ពួកគេ គឺស្វែងយល់ពី​ជម្រើសជំនួស​នៅសល់ ដែលពួកគេ​អាចរើស​យក​មកប្រើបាន ដោយមិន​រើសយក​ជម្រើស​ដែលគេ​ផ្ដល់ឲ្យ​នោះឡើយ។ មិនតែប៉ុណ្ណោះ ដាក់គោលការណ៍​មួយដែល​ពួកគេ​ដាក់ជាប់​ខ្លួនពេល​កំពុងចរចា គឺមិនទទួល​យក​អនុសាសន៍​ពីអ្នកដទៃ​មកប្រើ​ឡើយ ដរាបណា​ពួកគេ​មានហេតុផល​ច្បាស់លាស់​ផ្ទាល់ខ្លួន ទៅនឹងបញ្ហា ដោយឆ្លង​តាមការ​ធ្វើ​​ឯកច្ឆន្ទភាពនៃ​ក្រុមរបស់ពួកគេ។ ដូច្នេះហើយ ទើបពួកគេតែង​មានប្រៀប​ឈ្នះរាល់​ការ​សម្រេចចិត្ត ខណៈដែលក្រុមហ៊ុន​បរទេស​​ចំនួនធ្លាក់​ខ្លួន​ក្លាយជា​អ្នកទោស​សម្រេចចិត្ត។ 

២, សុវត្ថិភាព និងផលិតផលភាពការងារ

បើនិយាយ​ពីគោលការណ៍​នៃជីវិត​ការងារ​របស់ជប៉ុនវិញ (Lifetime employment) គឺហាក់មាន​ការយក​ចិត្ត​ទុកដាក់ខ្ពស់​សម្រាប់​សុវត្ថិភាព និងផលិតផល​ភាពការងារ​របស់បុគ្គលិក​លើសពី​ក្រុមហ៊ុននានា​នៅបណ្ដា​ប្រទេស​មួយចំនួន។ តួយ៉ាង ដើម្បីឲ្យប្រាកដថា បុគ្គលិកទាំងអស់​មានការវិវឌ្ឍខ្លួន​ទៅតាមភាពទំនើបកម្ម (Modern) ក្រុមហ៊ុនជប៉ុន​បានធានា​លើសុវត្ថិភាព​ការងារនៅ​ពេលដែល​បុគ្គលិកនោះ​ក្លាយជា​បុគ្គលិកពេញ​សិទ្ធិ​របស់ក្រុមហ៊ុន។ ជាក់ស្ដែង នៅអំឡុង​ពេល​ធ្វើការ​របស់​ពួកគេ ទោះបីជា​មានវិបត្តិ​សេដ្ឋកិច្ច​កើតឡើង ឬក្រុមហ៊ុន​ត្រូវក្ស័យធន​ក៏ដោយ ក៏ពួកគេ​ត្រូវទទួល​បាន​ការធានា​ទំនុកបម្រុងដែរ។

មានធាតុផ្សំ​ពីរយ៉ាង​ដែលសិល្បៈ​នៃការគ្រប់គ្រង​បែបជប៉ុន​តែងយក​មកប្រើប្រាស់​ដើម្បី​បង្កើត​នូវផលិតភាព និងគុណភាព​ការងារ​របស់ខ្លួន នោះគឺ ទ្រឹស្ដី Kaizen (បន្តនូវភាព​ប្រសើរឡើង) និង Consensus (ឯកច្ឆន្ទភាព)។ Kaizen គឺជាទ្រឹស្ដីមួយ​ដែលស្ថិត​នៅក្នុងផ្នត់​គំនិត​របស់​អ្នកដឹកជប៉ុន ជាពិសេស​អ្នកដឹកនាំ​ក្រុមហ៊ុនធំៗ ដូចជាតូយ៉ូតា​ជាដើម។ ទ្រឹស្ដីមួយនេះ គឺជាផ្នត់​គំនិត​បន្ថែម​នៃការរុក​រកនូវ​អ្វីដែលថ្មី និងជាតម្រូវការ​របស់​អតិថិជន​គ្មានទីបញ្ចប់។

-បំពេញឲ្យ​បាន​នូវអ្វី​ដែលជា​តម្រូវការ​របស់​បុគ្គលិក៖ ការគ្រប់គ្រង​បែបជប៉ុន គឺដឹងច្បាស់​ពីតម្រូវការ​ចាំបាច់​របស់​បុគ្គលិក​ក្នុងបរិបថ​ការងារ តួយ៉ាងដឹងពី​អ្វីជា​ផលវិបាក និងផ្ដល់​នូវដំណោះស្រាយ​សម្រាប់​បុគ្គលិក​ទាន់ពេលវេលា ហើយអ្វី​ដែលក្រុមហ៊ុន​បាន​សន្យា​ជាមួយ​បុគ្គលិក គឺថ្នាក់ដឹកនាំ​រមែងតែង​សម្រេច​បាន​ដល់គោលដៅ​ជានិច្ច។

-មានឆន្ទៈ​ដើម្បី​ការផ្លាស់ប្តូរ៖ “បន្តការរៀន​សូត្រជានិច្ច” (Continuous Training) គឺជាទ្រឹស្ដី​មួយ​ដែលក្រុមហ៊ុន​ជប៉ុន​ជាច្រើន​តែងប្រើប្រាស់​ដើម្បី​បញ្ជ្រាប​ទៅកាន់​បុគ្គលិក​គ្រប់​លំដាប់ថ្នាក់។ ការរក្សា​នូវគោលការណ៍​អភិវឌ្ឍន៍​ចំណេះដឹង​បន្ថែមនេះ គឺធ្វើឡើង​ជាទៀងទាត់ ចាប់តាំង​ពីបុគ្គលិក​ចូល​បម្រើការ រហូតដល់​អាយុ​ចូលនិវត្តន៍។ 

៣, ថែរក្សា និងបណ្ដុះមនុស្សជំនាន់ក្រោយ​

ភាគច្រើននៅ​ក្នុងបរិបថការងារ​នៃការធ្វើការងារ​របស់​ជប៉ុន ហាក់ឲ្យ​តម្លៃ​លើឱកាស និងស្នាដៃ​របស់​យុវជន។ ពួកគេជឿថា មនុស្សវ័យក្មេង​មាន​គំនិតថ្មីៗ​ច្រើន ក្នុងការអភិវឌ្ឍ និងដឹកនាំ​ទៅរក​ភាព​រុងរឿង តួយ៉ាង អ្នកដែល​មាន​អាយុ​ល្បាក់៣០ឆ្នាំ គឺមាន​ឱកាស​អាចក្លាយ​ជាអ្នកដឹកនាំ​កំពូល​ក្នុង​ស្ថាប័ន​បាន តែទាមទារ​ឲ្យគាត់​មាន​ការ​ដកពិសោធន៍ និងអភវិឌ្ឍ​ជំនាញ​របស់ខ្លួន​ដែលចាំ​បាច់​បន្ថែម តាមរយៈ​ការផ្ដល់​ឱកាស​ក្នុងការ​សាកល្បងដឹក​នាំពី​អ្នកដឹក​នាំកំពូល។​ជាមួយគ្នានេះ ប្រព័ន្ធ​អប់រំ​របស់ជប៉ុន គឺបានផ្សា​ភ្ជាប់​ជាមួយ​នឹងវិស័យ​ការងារ​ក្នុងប្រទេស​រួចជាស្រេច ពោលគឺ​យុវជន​វ័យក្មេង​អាចមាន​ឱកាស​បានចូល​បម្រើការងារ​ក្នុងក្រុមហ៊ុន​នានា​ដោយផ្ទាល់ ខណៈដែល​ពួកគេ​កំពុង​សិក្សា​នៅតាម​សាកលវិទ្យាល័យ​នៅឡើយ។

សូមបញ្ជាក់ថា អត្ថបទខាងលើនេះ គឺ​ផ្អែកលើ​ការ​ស្រាវជ្រាវ​ពី​បណ្ដាញ​សារព័ត៌មាន​ និងស្ថាប័ន​អប់រំ​មួយចំនួន​ដែលបាន​ចងក្រង​នឹង​ចែករំលែក​នៅលើ​បណ្ដាញ​អ៊ិនធើណែត​ប៉ុណ្ណោះ។ ទោះយ៉ាងណា​ខេមបូណូមីស​សង្ឃឹមថា អត្ថបទនេះ នឹង​ក្លាយជា​ចំណី​គំនិត​បន្ថែមទៀត​សម្រាប់​លោកអ្នក​ក្នុងការ​អាន និងស្វែងយល់​ពីការដឹកនាំ។ សូមអរគុណ​សម្រាប់​ការចំណាយ​ពេល​អាន​អត្ថបទនេះ​តាំងពីដើម ដល់ចប់ ខេមបូណូមីស​នឹង​ខិតខំ​ស្វែងរក​អត្ថបទ​គន្លឹះ​ល្អៗ​បន្ថែមទៀត ដើម្បី​យកមក​ចែក​រំលែក​លោកអ្នកអាន នៅពេល​ក្រោយៗទៀត៕

© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សួនទឹកធំជាងគេ​នៅអាស៊ាន​បើកសម្ពោធ​ស្អែកនេះហើយ; សម្ដេចតេជោធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់!

ព័ត៌មាន
នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ​២០២០នេះ សម្ដេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នឹង​អញ្ជើញ​ចូលរួម​ធ្វើជា​អធិបតី​នៃ​ពិធី​បើក​សម្ពោធ​សួនទឹក​កម្ស...

សម្តេច ស ខេង ឆ្លើយតប​នឹង​អង្គការ​សង្គមស៊ីវិល​ថា សេចក្តី​ព្រាងច្បាប់​សណ្តាប់​ធ្នាប់​សាធារណៈ​ជា​ការត្រឹមត្រូវ

ព័ត៌មាន
ឧបនាយករដ្ឋមន្ត្រី សម្តេច ស ខេង នៅថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២០​នេះ បាន​ឆ្លើយតប​ទៅនឹង​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ