ស្ថាប័នស្រាវជ្រាវទីផ្សារសកល Citi Research ដែលជាផ្នែកមួយនៃធនាគារវិនិយោគពហុជាតិសាសន៍របស់សហរដ្ឋអាម៉េរិក Citi Bank បានដំឡើងការព្យាករហាងឆេងមាសរយៈពេល៣ខែរបស់ខ្លួនពី២៧០០ដុល្លារក្នុង១អោន ឬជាង៣២៩០ដុល្លារ ក្នុង១តម្លឹងឈានដល់២,៨០០ដុល្លារក្នុង១អោន ឬ៣,៤១៥ដុល្លារក្នុង១តម្លឹង។
ការដំឡើងការព្យាករតម្លៃមាសរបស់ស្ថាប័នហិរញ្ញវត្ថុនេះ ធ្វើឡើងដោយផ្អែកលើកត្តាសំខាន់ៗមួយចំនួនរួមមាន ការធ្លាក់ចុះទីផ្សារការងារដែលអាចកើតមានឡើងនៅសហរដ្ឋអាម៉េរិក ការបញ្ចុះអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក និងការកើនឡើងការទិញមាសជាដើម។ ធនាគារនេះបានព្យាករទៀតថា មាសអាចនឹងបន្តហក់ឡើងថ្លៃរហួតដល់៣០០០ដុល្លារក្នុង១អោន ឬ៣៦៦០ដុល្លារក្នុង១តម្លឹងនៅចន្លោះពី៦ខែទៅ១២ខែមុខ។
ទន្ទឹមនេះ ស្ថាប័នស្រាវជ្រាវទីផ្សារសកល Citi Research ក៏បានដំឡើងការព្យាករហាងឆេងប្រាក់ពី៣៨ដុល្លារទៅ៤០ដុល្លារក្នុងមួយអោន ឬ៤៩ដុល្លារក្នុងមួយតម្លឹងផងដែរ នៅក្នុងចន្លោះពេលដូចគ្នានេះ។
ស្ថាប័នស្រាវជ្រាវទីផ្សារសកល Citi Research បានគូសបញ្ជាក់ថា ហាងឆេងមាស និងប្រាក់បានហក់ឡើងថ្លៃខ្លាំង បើទោះបីជាតម្រូវការធ្លាក់ចុះនៅក្នុងប្រទេសចិន និងការកើនឡើងអត្រាការប្រាក់នៅសហរដ្ឋអាម៉េរិកយ៉ាងណាក្ដី។ ទន្ទឹមនឹងនេះ ស្ថាប័ននេះបានវាយតម្លៃថា មាសអាចហក់ឡើងថ្លៃបន្ថែមទៀត ប្រសិនបើតម្លៃប្រេងហក់ឡើងថ្លៃដោយសារតែភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា។
សូមបញ្ជាក់ថា ហាងឆេងមាសបានហក់ឡើងថ្លៃដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានឈានដល់ជាង២៧២៣ដុល្លារអាម៉េរិក ក្នុង១អោន ឬ៣៣២០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង កាលពីថ្ងៃចន្ទ ទី២១ ខែតុលា នេះ។
ការហក់ឡើងថ្លៃនេះ គឺដោយសារវិនិយោគិនសម្រុកទិញចូលមាសទុកជាការវិនិយោគដ៏មានសុវត្ថិភាព ខណៈដែលភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា កំពុងឡើងកម្ដៅ ហើយការប្រកួតប្រជែងក៏កាន់តែស្វិតស្វាញនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនៅសហរដ្ឋអាម៉េរិក ដែលនឹងមកដល់នៅដើមខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ៕
ដោយ: តែម សុខុម