Advertisement
Advertisement
លំនៅឋានសាធារណៈតម្លៃសមរម្យ

លំនៅ​ឋាន​ជិត ៧០០​ខ្នង នៃ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទីក្រុង​រណប​សិរី​មង្គល បាន​ប្រគល់​ជូន​អតិថិជន​តាម​ការ​សន្យា


ពិតជា​ដូច​អ្វី​ដែល​បាន​គ្រោងទុក នៅ​ថ្ងៃ​ទី​០៩ ខែមេសា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន World​Bridge Homes បាន​ប្រគល់​លំនៅ​ឋាន​ជូន​អតិថិជន​របស់​ខ្លួន​តាម​ការ​សន្យា ដែល​នេះ​គឺជា​ការ​ប្រគល់​លើក​ដំបូង​ហើយ ដោយ​មានការ​ចូលរួម​ពី សំណាក់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ជា សុ​ផា​រ៉ា រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី​នគរ​រូប​នី​យ​កម្ម​និង​សំណង់​ផង​ដែរ​។
លំនៅឋានសាធារណៈតម្លៃសមរម្យ
ដោយ
Advertisement

ការ​ប្រគល់​លំនៅ​ឋាន​លើក​ដំបូង​នេះ ក៏​មាន​ចូលរួម​ពី​សំណាក់​ឯកអគ្គរដ្ឋទូត ដែល​មក​ពី​ទូត​ចំនួន​បួន រួម​មាន ទូត​អា​មេ​រិ​ក ទូត​បារាំង ទូត​សិង្ហ​បុរី ទូត​ឥណ្ឌូ      ​នេ​ស៊ី មន្ត្រី​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ តំណាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ គណៈ​អភិបាល​ខេត្តកណ្តាល រួម​ទាំង​អាជ្ញាធរ​ខេត្តកណ្តាល​គ្រប់​លំដាប់ថ្នាក់​ផង​ដែរ​។ ប្រជាពលរដ្ឋ ដែល​បាន​ទិញ​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ ម្នាក់​ៗ​សុទ្ធតែ​មាន​ទឹកមុខ​រីករាយ ព្រោះថា បាន​រង​ចាំ​អស់​រយៈពេល​ជិត​២​ឆ្នាំ ដើម្បី​បាន​លំនៅ​ឋាន​សមរម្យ​មួយ​សម្រាប់​រស់នៅ​។

អ្នកស្រី កែវ ធឿ​ន ជា​មន្ត្រី​យោធា​ដែល​ចូល​និវត្តន៍ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ពេលវេលា​មួយ​ដែល​គាត់​បាន​រង​ចាំ​យូរ​មក​ហើយ ដើម្បី​បាន​ផ្ទះ​មួយ​រស់នៅ​សមរម្យ​នឹង​គេ​។​អ្នកស្រី​បន្ត​ថា​«​ខ្ញុំ​មាន​អារម្មណ៍​ថា សប្បាយចិត្ត ព្រោះ​មានផ្ទះ​ផ្ទាល់​ខ្លួនឯង ហើយ​ខ្ញុំ​គិត​ថា តម្លៃ​ផ្ទះ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល​នេះ វា​សមរម្យ​សម្រាប់​ខ្ញុំ ព្រោះ​កូន​ៗ​ខ្ញុំ​សុទ្ធតែ​មាន​ចំណូល ដូច្នេះ​វា​ធូរ​ជាង​នៅផ្ទះ​ជួល​»​។

អ្នកស្រី កែវ ធឿ​ន អតិថិជនទិញផ្ទះនៅទីក្រុងរណបសិរីមង្គល

មិន​ខុស​គ្នា​នោះ​ទេ លោក នូ សុ​ផា​នី ជា​មន្ត្រី​នគរបាល​នៃ​ក្រសួងមហាផ្ទៃ និង​ជា​ម្ចាស់ផ្ទះ​លេខ​១៨ ផ្លូវ​១F​ក្នុង​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ ក្នុង​ជំហាន​ទី​១ ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​សិរី​មង្គល បាន​បង្ហាញ​ពី​ចំណាប់អារម្មណ៍​ថា គាត់​មាន​ទឹកចិត្ត​រីករាយ​នៅ​ពេល​ដែល​បាន​មក​ទទួល​កូនសោ ដោយ​រំពឹង​ថា នឹង​អាច​ចូល​ស្នាក់​នៅ​ឆាប់​ៗ​នេះ ពីព្រោះ​ថា​ថ្វី​ត្បិត​តែ​ផ្ទះ​នេះ​ធ្វើ​រួចរាល់​មែន តែ​មិន​ទាន់​បាន​សម្អាត​ទេ​។​លោក​ថា​«​ល្អ​ដែរ ព្រោះ​យើង​មិនសូវ​មាន​លុយកាក់ អ​ញ្ចឹ​ង​យើង​ទិញ​ទៅ​យើង​បង់​រំលស់ យើង​មាន​លទ្ធភាព​បង់​ត​ៗ​ទៅ ឥឡូវ​ដាច់​ហើយ​៣០%​ហ្នឹង  នៅ​សល់​៧០%​ទៀត យើង​ត្រូវ​បង់​ត​ជាមួយ​ធនាគារ ប៉ុន្តែ​ធនាគារ គេ​បាន​ទំលាក់​លុយ​អោយ​រួច​ហើយ អ​ញ្ចឹ​ង​គេ​អោយមក​មើល​ផ្ទះ អ​ញ្ចឹ​ង​ផ្ទះ​ហ្នឹង​បាន​ស្អាត​ហើយ គ្រាន់តែ​ថា មិន​ទាន់​ស្អាត​១០០% នៅ​អោយ​ខាង​ក្រុមហ៊ុន​ជួយ​សម្អាត​ថែម​ទៀត ទើប​អាច​ចូល​នៅ​បាន នៅ​ចុង​ខែមេសា​នេះ​»​។

លោក នូ សុ​ផា​នី អតិថិជនទិញផ្ទះនៅទីក្រុងរណបសិរីមង្គល

គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ​គឺជា​គម្រោង ដែល​មានការ​ទទួលខុសត្រូវ​ខ្ពស់​ផ្នែក​សង្គម និង​បរិស្ថាន ដោយ​នឹង​ផ្តល់​នូវ​ផល​វិជ្ជមាន​ទាំង​ផ្នែក​សេដ្ឋកិច្ច​និង​សង្គមកិច្ច ជូន​ចំពោះ​គ្រួសារ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​មាន​ចំណូល​មធ្យម និង​ទាប​ទូទៅ​។ លោក ឧក​ញ្ញ៉ា សៀ ឫ​ទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន World​Bridge Homes បាន​គូសបញ្ជាក់​ថា «​លំនៅ​ឋាន​តម្លៃ​សមរម្យ​នេះ​គឺជា​ការ​រួមចំណែក​របស់​វិស័យ​ឯកជន​ជាមួយ​រាជរដ្ឋាភិបាល ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ជាតិ​ស្តី​ពី​លំនៅ​ឋាន ដោយ​យើង​បាន​កំណត់​គោលដៅ​ថា​មិន​គ្រាន់តែ​ផ្តល់​តម្លៃ​ធូរ​ថ្លៃ​សមរម្យ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ យើង​បាន​ផ្តោត​សំខាន់​លើ​ការ​រៀបចំ​ឲ្យ​ក្លាយជា​សហគមន៍​ចម្រុះ​ដ៏​រឹង​មាំ ដែល​មានគុណ​ភាព សោភ័ណ​ភាព សុវត្ថិភាព ឱកាស​ការងារ​និង​អាជីវកម្ម ភាព​ងាយស្រួល​និង​សេចក្តី​ថ្លៃថ្នូរ​ក្នុង​ការ​រស់នៅ សម្រាប់​គ្រួសារ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​មាន​ចំណូល​មធ្យម និង​ទាប​ទូទៅ​»។

លោកឧកញ៉ា សៀ ឫទ្ធី និងឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា
ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំកម្ពុជា​និងលោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា
លោកជំទាវ Eva Nguyen Binh ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា ប្រគល់កូនសោរជូនម្ចាស់ផ្ទះនៅទីក្រុងរណបសិរីមង្គល
ឯកឧត្តម W.Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា ប្រគល់កូនសោរជូនម្ចាស់ផ្ទះនៅទីក្រុងរណបសិរីមង្គល
ឯកឧត្តម Y.M. Sudirman Haseng ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា ប្រគល់កូនសោរជូនម្ចាស់ផ្ទះនៅទីក្រុងរណបសិរីមង្គល

ដើម្បី​សម្រេច​នូវ​គោលដៅ​ខាងលើ​នេះ ក្រុមហ៊ុន WorldBridge បាន​ចុះ​អនុសា​រណៈ​យោគយល់​គ្នា​ជាមួយ កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ (UNDP) និង​បាន​សហការ​គ្នា​ចាប់តាំងពី​ឆ្នាំ ២០១៨ ក្នុង​ការ​អភិវឌ្ឍន៍​ទីតាំង​គម្រោង​ជម្រុញ​ការ​អភិវឌ្ឍន៍​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម នៅ​ក្បែរ​ទីតាំង​គម្រោង​លំនៅ​ឋាន​សមរម្យ​នេះ​តែ​ម្តង​។ លោក Nick Beresford អ្នកតំណាង​ប្រចាំ​ប្រទេស​កម្ពុជា​នៃ UNDP បាន​លើក​ឡើង​ថា «​គុណ​តម្លៃ​នៃ​សហគ្រាស​ខ្នាត​តូច និង​មធ្យម គឺ​ផ្សារ​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​នឹង​តម្រូវការ​លំនៅ​ឋាន​តម្លៃ​សមរម្យ​តែ​ម្តង​។ យើង​សង្ឃឹមថា ការ​ផ្សារ​ភ្ជាប់​បែប​នេះ​នឹង​ជួយ​ជម្រុញ​ការ​វិនិយោគ​បន្ថែម​ទៀត​ទៅ​លើ​លំនៅ​ឋាន​តម្លៃ​សមរម្យ និង​ការ​សាងសង់​អាគារ​បែប​លក្ខណៈ​បៃតង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ UNDP សូម​ចូលរួម​អបអរសាទរ​ចំពោះ​លោក ឧកញ៉ា សៀ ឬ​ទ្ធី និង​ក្រុមហ៊ុន វើ​ល​ដ៏​ប្រ៊ី​ដ ចំពោះ​ការ​សម្រេច​បាន​នូវ​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ទី​មួយ​នេះ ដែល​មាន ២ ៤៥៧ ល្វែង សម្រាប់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប និង​មធ្យម​។​» លោក Nick Beresford បាន​បន្ថែម​ថា «​គម្រោង​នេះ គឺ​បាន​ប្រើប្រាស់        បច្ចេកវិទ្យា​សាងសង់​ដែល​មាន​លក្ខណៈ​ទ្រទ្រង់​បរិស្ថាន​ដំបូង​គេ​នៅ​ក្នុង​ប្រទេស រួម​មាន​ដូច​ជា​ការ​ប្រើប្រាស់​ឥដ្ឋ​ដី​សង្កត់ ដែល​ជា​ប្រភេទ​ឥដ្ឋ​ដែល​មិន​ផលិត​ឡើង​ដោយ​ការ​ដុត​កម្តៅ​នោះ​ទេ​។ យើងខ្ញុំ សូម​ជូនពរ​ម្ចាស់​លំនៅ​ឋាន​ថ្មី​ទាំងអស់​ឲ្យ​មាន​សុភមង្គល​ក្នុង​ការ​រស់នៅ​ក្នុង​គម្រោង​ថ្មី និង​ប្រកបដោយ​ភាព​រីករាយ​មួយ​នេះ​។​»

គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ របស់​ក្រុមហ៊ុន WorldBridge Homes  ត្រូវ​បាន​គេ​មើលឃើញ​ថា គឺជា​គម្រោង​អភិវឌ្ឍ​លំនៅ​ដ្ឋា​ន​តម្លៃ​សមរម្យ​ធំ​ជាងគេ​មួយ ដែល​ស្ថិត​នៅ​ក្នុងភូមិ​កោះគរ សង្កាត់​រការខ្ពស់​ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែល​មាន​ចំងាយ​ប្រមាណ​៧គីឡូម៉ែត​ពីង្វង់មូល​ក្រុង​តាខ្មៅ ។ គម្រោង​នេះ សាងសង់​លើ​ផ្ទៃដី​សរុប ២៣ ហិ​កតា មាន​ចំនួន​ផ្ទះ​សរុប​ជាង ២.៤៥៧ ផ្ទះ ទុន​វិនិយោគ​សាងសង់ ប្រមាណ ៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​។ មក​ទល់​ពេល​នេះ គម្រោង​លំនៅ​ដ្ឋា​នទី​ក្រុង​រណប​សិរី​មង្គល​នេះ បាន​លក់​ផ្ទះ​អស់​ចំនួន ជាង ១​ពាន់​ផ្ទះ ស្មើនឹង ៥៥% នៃ​ចំនួន​ផ្ទះ​សរុប​។

លំនៅឋានតម្លៃសមរម្យក្នុងទីក្រុងរណបសិរីមង្គល

បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បច្ចុប្បន្ន​នេះ​មាន​គម្រោង​លំនៅ​ឋាន​តម្លៃ​សមរម្យ​ចំនួន​០៥​គម្រោង រួម​មាន​លំនៅ​ឋាន​សរុប ៨ ៣៣១ ខ្នង​ផ្ទះ និង​៧ ២៥៦ ចំណែក​ឯកជន​ត្រូវ​បាន​អភិវឌ្ឍ ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​ចំនួន​០២​គម្រោង ខេត្តកណ្តាល​០២​គម្រោង និង​ខេត្តបន្ទាយមានជ័យ​ចំនួន​០១​គម្រោង​៕

Advertisement
© 2020 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រសួង​សេដ្ឋកិច្ច៖ អ្នក​អភិវឌ្ឍ​ដីឡូត៍ត្រូវ​ស្នើ​សុំ​អាជ្ញាប័ណ្ណ​ឲ្យ​បាន​មុនថ្ងៃទី៣០ ខែមេសា!

ព័ត៌មាន
ម្ចាស់​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍​ទាំង​អស់ ត្រូវ​តែ​ដាក់​ពាក្យ​ស្នើសុំ​លិខិត​អនុញ្ញាត និង​អាជ្ញាប័ណ្ណ​អាជីវកម្ម​អភិវឌ្ឍ​ដីឡូត៍ ឲ្យ​បាន​ម...

អ្នកជាសះស្បើយកើនដល់៧២នាក់ ខណៈអ្នកកំពុងសម្រាកព្យាបាលនៅត្រឹមតែ៤៧នាក់

ព័ត៌មាន
រកឃើញករណីឆ្លងថ្មី០១ករណីបន្ថែមទៀត កាលពីថ្ងៃទី០៩ ខែមេសានេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបទាំងអស់មាន ១១៩នាក់ ខណៈដែលអ្នកជាសះស្បើយថ្មីមាន០៤នា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ