តម្លៃមាសបានហក់ឡើងរហូតដល់ជាង២ពាន់ក្នុងមួយអោន នៅថ្ងៃទី២៦ ខែតុលា នេះជាការកើនឡើងលើកទី២ ត្រឹមរយៈពេលតែមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីតម្លៃមាសបានធ្លាក់ចុះក្រោម ២ពាន់ដុល្លារក្នុងមួយអោននៅដើមខែតុលានេះ។
មានកត្តាសំខាន់២ធំៗ ដែលជំរុញឱ្យតម្លៃមាសឡើងថ្លៃបែបនេះគឺសង្គ្រាមអ៊ីស្រាអែល-ក្រុមហាម៉ាស និង វិបត្តិបំណុលរបស់អាម៉េរិក។ ហានិភ័យភូមិសាស្ត្រនយោបាយបានជំរុញឱ្យអ្នកវិនិយោគចាក់បញ្ចូលលុយរបស់ពួកគេចូលទៅក្នុងមាសជាច្រើនដោយសារពួកគេជឿថាមាសគឺជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុត ព្រោះវាជាវត្ថុមានតម្លៃដ៏កម្រ។
តម្លៃមាសក៏ធ្លាប់បានហក់ឡើងដល់ជាង២ពាន់ដុល្លារដែរ កាលពីខែមីនា ឆ្នាំ២០២២បន្ទាប់ពីប្រទេសរុស្ស៊ី បើកការលុកលុយទៅលើអ៊ុយក្រែន ដែលវាជិតស្មើនឹងតម្លៃកំណត់ត្រារបស់មាសនៅឆ្នាំ២០២០។
បញ្ហាមួយទៀតគឺពាក់ព័ន្ធនឹងស្ថានភាពសារពើពន្ធនៅសហរដ្ឋអាម៉េរិក ខណៈដែលបំណុលអាម៉េរិក បានកើនឡើងដល់កំណត់ត្រាជាង៣៣ទ្រីលានដុល្លារ។
ការកើនឡើងតម្លៃមាសនេះទៀតសោត ដោយសារតែភាពមិនច្បាស់លាស់នៃសារពើពន្ធដូច្នេះហើយទើបអ្នកវិនិយោគ ក៏ងាកទៅរកមាសជាជំនួសវិញ ព្រោះមាសមិនងាយរងគ្រោះដូចជាភាគហ៊ុន មូលបត្របំណុលសាជីវកម្ម ឬក៏បំណុលរដ្ឋាភិបាលនោះទេ៕
អត្ថបទ៖ សុខ ជា