ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ក្រុមហ៊ុនរុករករ៉ែរបស់អូស្ត្រាលី Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនដំបូងគេ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មលំដាប់អន្តរជាតិនៅកម្ពុជា។ បន្ទាប់ពីក្រុមហ៊ុននេះអាចផលិតចេញដុំមាសពាក់កណ្តាលសម្រេច ដែលមានអត្រាមាស៩០% ក្រោយរុករកអស់រយៈពេលប្រមាណ១៤ឆ្នាំ។
បើតាមលិខិតរបស់សម្តេចតេជោ ហ៊ុន សែន ក្រុមហ៊ុនអូស្ត្រាលីនេះ មានសមត្ថភាពអាចផលិតមាសសុទ្ធបានរហូតដល់៣តោនក្នុង១ឆ្នាំ ដែលរំពឹងថា នឹងអាចផ្តល់ប្រាក់ចំណូលដុល (ចំណូលមិនទាន់ទូទាត់ការចំណាយ) ជាមធ្យមប្រមាណ១៨៥លានដុល្លារក្នុង១ឆ្នាំ។ ក្រុមហ៊ុននេះក៏រំពឹងដែរថា ខ្លួននឹងអាចពង្រីកសមត្ថភាពអាជីវកម្មរបស់ខ្លួនកាន់តែធំបន្ថែមទៀតនៅថ្ងៃអនាគត។
សម្តេចបានបន្ថែមថា៖«ជាការពិត មុនឈានដល់ទទួលបានសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិបាល និងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្ម ព្រោះត្រូវចំណាយពេលវេលា និងថវិកាច្រើន ហើយលំបាកក្នុងការវាយតម្លៃជាលក្ខខណ្ឌសេដ្ឋកិច្ច និងបច្ចេកទេសអាជីវកម្មធនធានរ៉ែឲ្យបានត្រឹមត្រូវតាមនិយាមអន្តរជាតិ»។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រើនរំឮកថា ការប្រកាសដាក់ឲ្យដំណើរការការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសលក្ខណៈឧស្សាហកម្មនេះ មិនមែនសម្តេចចង់លើកទឹកចិត្តឲ្យពលរដ្ឋងាកមករកស៊ីលើវិស័យនេះនោះទេ។ សម្រាប់ សម្តេច ការរុករករ៉ែមាស ជាអាជីវកម្មប្រកបដោយហានិភ័យខ្ពស់ ដែលទាមទារឲ្យអ្នករកស៊ីលើវិស័យនេះត្រូវមានចំណេះជំនាញច្បាស់លាស់។
សម្តេចក្រើនរំលឹកដល់ពលរដ្ឋដូច្នេះថា៖ «ខ្ញុំសូមក្រើនរំលឹកផងដែរថា អាជីវកម្មរ៉ែមាសជាអាជីវកម្ម ដែលត្រូវការការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ មិនមែនគ្រប់គ្នាចេះតែអាចអភិវឌ្ឍបាននោះទេ។ ការប្រកាសដាក់ឲ្យដំណើរការឧស្សាហកម្មរ៉ែមាសនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឲ្យសាធារណជនទាំងឡាយចាប់យកអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ»។
បន្ថែមលើនេះ ការប្រតិបត្តិការរុករករ៉ែមាសនេះ ក៏ត្រូវការចំណាយពេលវេលា និងដើមទុនច្រើនផងដែរ។ ទន្ទឹមនឹងនេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើពលរដ្ឋទាំងអស់បោះបង់បំណង ដែលចង់ចង់ប្រកបរបរលើអាជីវរ៉ែមាសនេះ៕