លោក សេក ធារម្យ អ្នកជំនាញជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ បានគូសបញ្ជាក់ថា ការហក់ឡើងតម្លៃហាងឆេងមាសឈានដល់ប្រមាណ៦,៣០០ដុល្លារក្នុង១តម្លឹងនៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ត្រូវបានជំរុញជាចម្បងដោយសារការដាក់ពន្ធនាំចូលថ្មី១៥% លើប្រទេសនានារបស់លោក ដូណាល់ ត្រាំ បន្ទាប់ពីតុលាការកំពូលអាម៉េរិកសម្រេចលុបចោលអត្រាពន្ធចាស់។ បញ្ហាភូមិសាស្រ្តនយោបាយ ដែលថ្មីៗនេះអាម៉េរិក បានត្រៀមបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ និងបញ្ហាសង្រ្គាមរវាងរុស្សី និងអ៊ុយក្រែន នៅពុំទាន់មានលទ្ធផលល្អប្រសើរ ក៏ជាកត្តាជំរុញឱ្យតម្លៃមាសហក់ឡើងផងដែរ។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសនឹងបន្តហក់ឡើងបន្ថែមទៀតនាពេលខាងមុខ ប្រសិនបើបញ្ហានេះមិនមានភាពល្អប្រសើរ។
ជាមួយគ្នានេះ លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានវាយតម្លៃថា ប្រសិនបើបញ្ហាភូមិសាស្រ្តនយោបាយនៅតែបន្តស្ថិតក្នុងភាពមិនច្បាស់លាស់ដូចពេលបច្ចុប្បន្ន ហើយប្រាក់ដុល្លារអាម៉េរិក នៅតែមានកម្រិតខ្សោយ វិនិយោគិននឹងបន្តមានទំនុកចិត្តលើការជួញដូរមាស នោះតម្លៃហាងឆេងនឹងបន្តកើនឡើងថែមទៀតដល់ប្រមាណ៧,០០០ ទៅ៧,២០០ ដុល្លារក្នុង១តម្លឹងនៅក្នុងឆ្នាំ២០២៦នេះ។ តែយ៉ាងណា អ្នកជំនាញរូបនេះយល់ឃើញថា តម្លៃមាសក៏នឹងអាចធ្លាក់ចុះមកវិញមកនៅត្រឹមរង្វង់៥,០០០ដុល្លារក្នុង១តម្លឹងផងដែរ ប្រសិនបើក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ អាចផ្តល់ភាពត្រឹមត្រូវច្បាស់លាស់សម្រាប់សេដ្ឋកិច្ចពិភពលោក និងសុខសន្តិភាពដល់បណ្តាប្រទេស ដែលបានចូលរួមក្នុងក្រុមប្រឹក្សានេះ ដែលជំរុញឱ្យតម្លៃប្រាក់ដុល្លារ និងហាងឆេងមាសមានលំនឹងឡើងវិញ។
គួរជម្រាបថា តម្លៃហាងឆេងមាសនៅលើទីផ្សារកម្ពុជា កាលពីចុងខែមករា ឆ្នាំ២០២៦ បានហក់ឡើងដល់៦,៨០០ដុល្លារក្នុងមួយតម្លឹង ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្តមិនធ្លាប់មានកន្លងមក ហើយវាបានធ្លាក់ចុះមកវិញនៅប្រមាណ៦,០០០ដុល្លារក្នុង១តម្លឹងនៅដើមខែកុម្ភៈ៕