
ម្ចាស់ហាងមាសពេជ្រ ទីមង្គល បានគូសបញ្ជាក់ឱ្យដឹងថា តម្លៃមាសនៅលើទីផ្សារកម្ពុជាបានហក់ឡើងមកវិញហើយនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នេះ តួយ៉ាងតម្លៃមាសរបស់ហាងលោកលក់ចេញក្នុងតម្លៃ៤ពាន់៨០ដុល្លារក្នុងមួយតម្លឹងបានកើនឡើងជាង១០០ដុល្លារក្នុង១តម្លឹង បើធៀបនឹងតម្លៃដែលបានលក់ចេញកាលពីប៉ុន្មានថ្ងៃមុនក្នុងរង្វង់ជាង៣ពាន់៩រយដុល្លារ។ អាជីវករលក់មាសរូបនេះយល់ឃើញថា ការប្រែប្រួលឡើងចុះនៃតម្លៃហាងឆេងមាសនៅមួយរយៈពេលចុងក្រោយនេះ គឺដោយសារវិនិយោគិនភាគច្រើនបានងាកមកវិនិយោគលើការជួញដូរមាស ដោយគិតថាមានសុវត្ថិភាពខ្ពស់ ស្របពេលស្ថានភាពនៃបញ្ហសង្រ្គាមភូមិសាស្ត្រនយោបាយ និងសង្រ្គាមពាណិជ្ជកម្មនៅតែស្ថិតក្នុងភាពមិនប្រាដប្រជា។ ស្របពេលតម្លៃមាសមានការប្រែប្រួលឡើងចុះខ្លាំងនេះ ម្ចាស់ហាងមាសពេជ្រ ទីមង្គលរូបនេះអះអាងថា ចរន្តទិញលក់មាសនៅក្នុងហាងរបស់លោកហាក់ស្ងប់ស្ងាត់ជាងមុន។
ជាមួយគ្នានេះលោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា តម្លៃមាសនៅកម្ពុជា និងនៅលើទីផ្សារអន្តរជាតិបានហក់ឡើងជាង១០០ដុល្លារក្នុងមួយតម្លឹងនៅថ្ងៃទី៦ ខែឧសភា នេះ បើធៀបនឹងតម្លៃលក់ចេញកាលពីថ្ងៃទី៥ ខែឧសភា។ ការស្ទុះងើបឡើងវិញនៃតម្លៃមាសនាពេលនេះ ត្រូវបានអ្នកជំនាញរូបនេះអះអាងថា គឺដោយសារឥទ្ធិពលនៃប្រាក់ដុល្លារអាម៉េរិក ដែលត្រូវបានវិនិយោគិនរំពឹងថា ធនាគារបណ្តាលអាម៉េរិកនឹងមិនមានការដំឡើងអត្រាការប្រាក់ឡើងវិញ ហើយទំនងជាអាចកាត់បន្ថយអត្រាការប្រាក់បន្ថែមទៀតនាពេលខាងមុខ ដែលជំរុញឱ្យតម្លៃមាសមានការកើនឡើង ស្របពេលដែលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែនមិនទាន់បានបញ្ចប់ ក៏ជាកត្តាមួយជំរុញឱ្យតម្លៃមាសបន្តមានការកើនឡើងផងដែរ។
សូមជម្រាបថា តម្លៃមាសនៅកម្ពុជា ក៏ដូចជានៅលើទីផ្សារអន្តរជាតិបានហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាង៤ពាន់២រយដុល្លារក្នុងមួយតម្លឹងកាលពីប៉ុន្មានសប្តាហ៍មុន ប៉ុន្តែបានធ្លាក់ចុះមកវិញរហូតដល់តម្លៃប្រមាណ៣ពាន់៩រយដុល្លារក្នុង១តម្លឹងកាលពីប៉ុន្មានថ្ងៃមុននេះ
អត្ថបទ សោម ស្រីពេជ្រ