
លោកស្រី ធីផា ណាវ៉ាវ៉ាតតៈនៈស៊ុប (Tipa Nawawattanasub) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនជួយដូរមាសរបស់ YLG បានព្យាករថា តម្លៃមាសអន្តរជាតិ អាចឡើងដល់៣,៧០០ដុល្លារក្នុងមួយអោននៅឆមាសទីពីរនៃឆ្នាំ២០២៥ ហើយអាចបន្តឡើងរហូតដល់៤ពាន់ដុល្លារក្នុងមួយអោនក្នុងរយៈពេលចន្លោះពី៣ទៅ៥ឆ្នាំខាងមុខ។
ការព្យាករបែបនេះ គឺដោយសារអ្នកជំនាញរូបនេះ ជឿជាក់ថា ភាពមិនប្រាកដប្រជាជាសកលនៅតែបន្តជួយគាំទ្រដល់កំណើនតម្រូវការមាស ដូចជាសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល និងការប្រែប្រួលនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងចិន ជាដើម។ ហានិភ័យភូមិសាស្ត្រនយោបាយដែលមិនទាន់ដោះស្រាយទាំងនេះបានបន្តធ្វើឱ្យមាសក្លាយជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាព និងគួរឱ្យទាក់ទាញជាទីបំផុត។
ជាមួយគ្នានេះលោកស្រី ធីផា ក៏បានបង្ហាញពីកត្តាចម្បងមួយទៀត ដែលជំរុញឱ្យតម្លៃមាសកើនឡើងផងដែរនោះ គឺអត្រាការប្រាក់ធ្លាក់ចុះបណ្ដាលមកពីសង្គ្រាមពាណិជ្ជកម្មរវាងមហាអំណាចទាំងពីរ គឺចិន និងអាម៉េរិក។ បន្ថែមលើនេះ និន្នាការនៃការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលលើពិភពលោក និងការប្រមូលទិញមាសដ៏ច្រើនរបស់ធនាគារកណ្តាលនៅជុំវិញពិភពលោក ក៏ជាកត្តាជួយជំរុញឱ្យតម្លៃមាសមានការកើនឡើងផងដែរ៕
ដោយ៖ សុខ មង្គល