
នៅក្នុងកិច្ចសម្ភាសពិសេសជាមួយសារព័ត៌មានឌីជីថលខេមបូណូមីស លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា ហាងឆេងមាសនឹងអាចហក់ឡើងដល់៤ពាន់ដុល្លារក្នុង១តម្លឹងនៅក្នុងឆ្នាំ២០២៥ នេះ គឺដោយសារតែការបន្តកើតមានសង្រ្គាម និងបញ្ហាភូមិសាស្រ្តនយោបាយ ការធ្លាក់ថ្លៃប្រាក់ដុល្លារអាម៉េរិក ព្រមទាំងបញ្ហាសេដ្ឋកិច្ចពិភពលោកពុំទាន់មានភាពប្រាកដប្រជាជាដើម។ អ្នកជំនាញរូបនេះជឿជាក់ថា ហាងឆេងមាសនឹងបន្តឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខ។ ទន្ទឹមនេះ លោកលើកទឹកចិត្តអ្នកវិនិយោគមាសត្រូវចេះសិក្សាលើការជួញដូរ ដើម្បីការពារសុវត្ថិភាព
ទោះបីហាងឆេងមាសអាចនឹងឡើងថ្លៃដោយសារបញ្ហាខាងលើក៏ពិតមែន ប៉ុន្តែលោក ឡុង សំណាង ស្នើឱ្យអ្នកវិនិយោគមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះទីផ្សារមាសនឹងអាចធ្លាក់ចុះខ្លះវិញនៅអំឡុងឆមាសទី២ ឆ្នាំនេះ ដោយសារការប្រែប្រួលគោលនយោបាយរបស់ប្រទេសមហាអំណាច។
បើតាមប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីងរូបនេះ ទោះបីសេដ្ឋកិច្ចពិភពលោកមានភាពប្រសើរក៏ដោយ ក៏ហាងឆេងមាសនៅតែបន្តឡើងថ្លៃដែរ ដោយសារទំហំនៃការវិនិយោគកាន់ខ្លាំងជាងមុន ស្របពេលពិភពលោកនៅតែមានតម្រូវការលើវត្ថុដ៏កម្រនេះ៕
អត្ថបទ៖ បូ ដូឡា