
ហាងឆេងមាសបានបន្តហក់ឡើងដល់កម្រិតកំណត់ត្រាថ្មីរយៈពេល៤ថ្ងៃជាប់ៗគ្នាគួរឱ្យភ្ញាក់ផ្អើលនៅថ្ងៃអង្គារ ទី២២ ខែមេសា នេះ ជាពិសេសក្នុងម៉ោងជួញដូរនៅអាស៊ី ដោយមាសបានហក់ឡើងរហូតដល់៣,៤៣៥ដុល្លារអាម៉េរិកក្នុងមួយអោន ឬ៤,១៩០ដុល្លារអាម៉េរិកក្នុងមួយតម្លឹង។ ពេលនេះវិនិយោគិនចិនជាច្រើនកំពុងផ្អើលសម្រុកទិញចូលមាសទុកជាទ្រព្យដ៏មានសុវត្ថិភាពយ៉ាងគំហុក ខណៈភាពតានតឹងរវាងមហាយក្សចិន ជាមួយសហរដ្ឋអាម៉េរិកកំពុងកើនឡើង ហើយការសម្រុកទិញចូលនេះហើយជាកត្តាចម្បងដែលរុញឱ្យមាសហក់ឡើងថ្លៃកាន់តែខ្ពស់។
ទន្ទឹមនឹងនេះ សារព័ត៌មានអន្តរជាតិធំៗជាច្រើនបានចុះផ្សាយថា ប្រធានាធិបតី ដូណាល់ ត្រាំ បានរិះគន់ធនាគារកណ្ដាលអាម៉េរិកជាសាធារណៈ ហើយអាចកំពុងរកវិធីដកប្រធានធនាគារកណ្ដាលអាម៉េរិកលោក ជើរ៉ូម ផៅវែល ចេញពីមុខតំណែង។ ដំណឹងនេះបានធ្វើឱ្យទីផ្សារបាត់បង់ទំនុកចិត្តលើប្រាក់ដុល្លារអាម៉េរិក ហើយបានជំរុញឱ្យមនុស្សទិញចូលមាសកាន់តែច្រើន។
លោក ប៊្រូស អ៊ីគើមីហ្ស៊ុ (Bruce Ikemizu) ប្រធានសមាគមទីផ្សារមាសជប៉ុន បានគូសបញ្ជាក់ថា ការសម្រុកទិញចូលមាសពីសំណាក់ប្រទេសចិន ជាកត្តាដ៏ចម្បងដែលធ្វើឱ្យហាងឆេងមាសបន្តហក់ឡើងខ្លាំងបែបនេះ ហើយហេតុផលគឺដោយសារការកើនឡើងនូវភាពតានតឹងរវាងមហាយក្សចិន និងសហរដ្ឋអាម៉េរិក៕
ដោយ: តែម សុខុម