
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានអះអាងថា ត្រឹមតែរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងពី៣,៣៣១ដុល្លារ ទៅ៣,៣៨០ដុល្លារក្នុង១អោន ហើយសម្រាប់ហាងឆេងមាសនៅកម្ពុជា បានហក់ឡើងពី៤,០១៧ដុល្លារទៅ៤,០៧៩ដុល្លារ ក្នុង១តម្លឹង នៅថ្ងៃទី២១ មេសា ឆ្នាំ២០២៥នេះ។ បើតាមអ្នកជំនាញរូបនេះ តម្រូវការប្រាក់ដុល្លារបច្ចុប្បន្នមានភាពប្រែប្រួលខ្លាំងដោយបន្តធ្លាក់ចុះខ្សោយបន្តិចម្ដងៗ និងជំនួសមកវិញដោយប្រាក់អឺរ៉ូ ដែលមានរហូតដល់ទៅ៥៧%នៃទីផ្សារទូទាំងពិភពលោក ដែលជាហេតុនាំឱ្យមាសកាន់តែឡើងថ្លៃ។
លោក ឡុង សំណាង បានបន្ថែមថា កត្តាធ្វើឱ្យតម្លៃមាសនៅលើទីផ្សារអន្តរជាតិ ក៏ដូចជានៅកម្ពុជា ហក់ឡើងឈានដល់កម្រិតបំបែកកំណត់ត្រាជាថ្មីនេះ គឺដោយសារការដាក់សម្ពោធពន្ធរបស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ការធ្លាក់ចុះតម្លៃប្រាក់ដុល្លារ និងការអូសបន្លាយពេលសង្រ្គាមភូមិសាស្រ្តនយោបាយរវាងអ៊ុយក្រែន និងរុស្សី។ អ្នកជំនាញរូបនេះជឿជាក់ថា តម្លៃមាសនឹងបន្តឡើងថ្លៃបន្ថែមទៀត ប្រសិនបើលោក ដូណាល់ ត្រាំ បញ្ជាឱ្យធនាគារកណ្ដាលអាម៉េរិក កាត់បន្ថយអាត្រាការប្រាក់។ កត្តានេះបានជំរុញឱ្យលោកហ៊ានព្យាករថា តម្លៃមាសនៅកម្ពុជានឹងហក់ឡើងដល់៤,៥០០ដុល្លារអាម៉េរិក ក្នុង១តម្លឹង នៅមុនដំណាច់ឆ្នាំ២០២៥។
គួរបញ្ជាក់ថា តម្លៃមាសនៅលើទីផ្សារកម្ពុជា ក៏ដូចជាលើទីផ្សារអន្តរជាតិ បានហក់ឡើងឈានដល់កម្រិតកំណត់ត្រាជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ក្រោយការវិលមកគ្រប់គ្រងសេតវិមានអាម៉េរិកជាថ្មីរបស់លោក ដូណាល់ ត្រាំ ធ្វើឱ្យទីផ្សារពិភពលោករងការរង្គោះរង្គើក្រោមគោលនយោបាយពន្ធបដិការរបស់លោក។ ស្ថិតក្នុងស្ថានភាពបែបនេះ បានជំរុញឱ្យធនាគារកណ្តាលរបស់ប្រទេសនានាសម្រុកទិញមាសចូលធ្វើជាទុនបម្រុង ខណៈអ្នកវិនិយោគបានសម្រុកលក់ប្រាក់ដុល្លារ និងភាគហ៊ុនចេញទៅវិនិយោគលើមាសជំនួយវិញ ដែលជំរុញឱ្យតម្លៃមាសហក់ឡើងថ្លៃខ្ពស់កប់ពពក៕
អត្ថបទ៖ ជា ម៉ារ៉ា