
លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុ នៃក្រុមហ៊ុនមូលបត្រ ភីភីលីង បានគូសបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែកញ្ញា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិ បានហក់ឡើងបំបែកកំណត់ត្រាជាថ្មីដល់៣,៥៤៦ដុល្លារក្នុង១អោន ឬស្មើនឹង៤,២៧២ដុល្លារ ក្នុង១តម្លឹងនៅលើទីផ្សារកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ការហក់ឡើងតម្លៃនេះ ត្រូវបានជំរុញដោយផែនការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាលអាម៉េរិក ដែលជាហេតុធ្វើឱ្យអ្នកវិនិយោគនានា ចាប់ផ្ដើមទាញយកផលប្រយោជន៍ពីការធ្លាក់ចុះប្រាក់ដុល្លារ ដោយងាកមកវិនិយោគមាសជំនួសវិញ។ បន្ថែមលើនេះ ភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចពិភពលោកដែលកើតចេញពីបញ្ហាពន្ធបដិការ និងបញ្ហាភូមិសាស្រ្តនយោបាយ ដែលកំពុងឡើងកម្ដៅនៅប្រទេសវេណេហ្សូអេឡា ជាដើម ក៏ជាកត្តាធ្វើឱ្យតម្លៃហាងឆេងមាសហក់ឡើងផងដែរ។
ដោយឡែក លោក សេក ធារម្យ អ្នកជំនាញក្នុងវិស័យជួញដូរហាងឆេងមាស និងរូបិយបណ្ណអន្តរជាតិ យល់ឃើញថា ការហក់ឡើងថ្លៃមាសយ៉ាងគំហុកនៅមួយរយៈចុងក្រោយនេះ គឺដោយសារសញ្ញាវិជ្ជមាននៃការកាត់បន្ថយអត្រាការប្រាក់ពីធនាគារកណ្ដាលសហរដ្ឋអាម៉េរិក និងបញ្ហាភូមិសាស្រ្តនៃជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងធនាគារកណ្ដាលនានាបានបន្តទិញមាសទុកជាទុនបម្រុង។ បន្ថែមពីលើនេះ បញ្ហាមិនប្រាកដប្រជានៃពន្ធបដិការរបស់លោក ដូណាល់ ត្រាំ និងតម្រូវការតាមរដូវក្នុងប្រទេសឥណ្ឌា ក៏បានរួមចំណែកធ្វើឱ្យទីផ្សារមាសមានការហក់ឡើងថ្លៃផងដែរ។
ក្រុមអ្នកជំនាញខាងលើជឿជាក់ថា នៅក្នុងព្រឹត្តិការណ៍ដែលកំពុងកើតមាននាពេលបច្ចុប្បន្ននឹងធ្វើឱ្យទីផ្សារមាសបន្តឡើងថ្លៃបន្ថែមទៀតនាពេលខាងមុខ។ បើយោងតាមហាងឆេងមាសរបស់ហាង ហាក់គន្ធា គ្រឿងអលង្ការ បានគូសបញ្ជាក់ថា តម្លៃមាសនៅថ្ងៃទី៣ ខែកញ្ញា ត្រូវបានលក់ចេញក្នុងតម្លៃ៤,២៣០ដុល្លារក្នុង១តម្លឹង មានការកើនឡើងប្រមាណ១៦០ដុល្លារក្នុង១តម្លឹងបើធៀបនឹងតម្លៃលក់ចេញកាលពីថ្ងៃទី២៧ ខែសីហា ដែលលក់ចេញក្នុងតម្លៃ៤០៧០ដុល្លារក្នុង១តម្លឹង៕
អត្ថបទ៖ បូ ដូឡា