
ទន្ទឹមនេះ ធនាគារអាម៉េរិក (Bank of America) ក៏បានដំឡើងការព្យាកររបស់ខ្លួនផងដែរសម្រាប់ហាងឆេងមាសនៅក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានធំៗជាច្រើន។
ធនាគារយក្សអាម៉េរិក Goldman Sachs បានដំឡើងការព្យាកររបស់ខ្លួនថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងបន្តហក់ឡើងដល់៣,៣០០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ ៤.០២៥ ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ ដោយសារកំណើននៃការជួញដូរមូលនិធិជួញដូរ ETF ដែលគាំទ្រដោយមាស និងការសម្រុកទិញចូលមាសពីសំណាក់ធគារកណ្ដាលនៃប្រទេសជាច្រើន ជាពិសេសតំបន់អាស៊ីតែម្ដង។
ធនាគារ Goldman Sachs បានព្យាករថា ធនាគារកណ្តាលធំៗនៅតំបន់អាស៊ីនឹងបន្តសម្រុកទិញចូលមាសយ៉ាងគំហុកក្នុងរយៈពេល៣ ទៅ៦ឆ្នាំខាងមុខ ដើម្បីបំពេញគោលដៅស្តុកមាសបម្រុងរបស់ខ្លួន។ ធនាគារនេះ បានដំឡើងការព្យាករថា តម្រូវការទិញមាសពីសំណាក់ធនាគារកណ្ដាលនានានឹងកើនឡើងពី៥០តោន ឈានដល់៧០តោនក្នុងមួយខែ ដោយសារភាពមិនប្រាកដប្រជានៃគោលនយោបាយរបស់សហរដ្ឋអាម៉េរិក និងការរំពឹងទុកថា មហាយក្សចិននឹងបន្តសម្រុកទិញចូលមាស ព្រមទាំងកំណើននៃការជួញដូរមូលនិធិជួញដូរ ETF ដែលគាំទ្រដោយមាសផងដែរ។
ទន្ទឹមនេះ ធនាគារអាម៉េរិក ឬ Bank of America បានព្យាករ កាលពីថ្ងៃពុធ ទី២៦ ខែមីនា ថា ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិនឹងហក់ឡើងដល់៣,០៦៣ដុល្លារអាម៉រិក ក្នុងមួយអោន ឬ៣,៧៣៥ដុល្លារអាម៉េរិក ក្នុងមួយតម្លឹង នៅក្នុងឆ្នាំ២០២៥ ហើយនឹងបន្តហក់ឡើងដល់៣,៣៥០ដុល្លារអាម៉េរិក ក្នុងមួយអោន ឬ៤,០៨៥ដុល្លារអាម៉េរិក នៅក្នុងឆ្នាំ២០២៦៕
ដោយ: តែម សុខុម