ចិនព្រមានថា ទណ្ឌកម្មលើរុស្ស៊ី

ចិនព្រមានថា ទណ្ឌកម្មលើរុស្ស៊ីធ្វើឱ្យប៉ះពាល់ដល់ ប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត


បើទោះបីជាចិនបានបដិសេធមិនថ្កោលទោសការវាយប្រហាររបស់រុស្ស៊ីក៏ពិតមែន តែយ៉ាងហោចណាស់ក៏ប្រទេសចិនបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីប្រមូលផ្តុំការគាំទ្រ ចំពោះគោលជំហររបស់ខ្លួនលើសង្គ្រាមនៅអ៊ុយក្រែនដែរ។ ទន្ទឹមនឹងនោះ ប្រទេសចិនក៏បានព្រមានផងដែរ អំពីការដាក់ទណ្ឌកម្មរបស់លោកខាងលិចលើប្រទេសរុស្ស៊ី ដោយទីក្រុងប៉េកាំងមើលឃើញថា វាកំពុងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសកំពុងអភិវឌ្ឍន៍។ នេះបើយោងតាមការចុះផ្សាយដោយសារ South China Morning Post។
លោក Wang Yi ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន

នៅ​ដើម​ស​ប្ដា​ហ៍​នេះ លោក Dai Bing ដែល​ជា​តំណាង​អចិន្ត្រៃយ៍​រង​ទី​មួយ​របស់​ប្រទេស​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ បាន​ប្រាប់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថា ទណ្ឌកម្ម "​ដែល​កើនឡើង​ឥត​ឈប់​ឈរ និង​ទូលំទូលាយ​" ដែល​បាន​ដាក់​លើ​ទីក្រុង​ម៉ូ​ស្គូ​ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នោះ នឹង​ប៉ះពាល់​ដល់ទី​ផ្សារ​ស្បៀងអាហារ និង​ថាមពល​អន្តរជាតិ ជា​ពិសេស​ប៉ះពាល់​ដល់​ជីវិត​រស់នៅ​របស់​មនុស្ស​ជា​ច្រើន ព្រមទាំង​បង្កើត​បញ្ហា​មនុស្សធម៌​ថ្មី​ផង​ដែរ​។

លោក​បាន​បន្ត​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​ភាគច្រើន​នៃ​ពិភពលោក​ដែល​មិនមែន​ជា​ភាគី​នៃ​ជម្លោះ មិន​គួរ​ត្រូវ​បាន​ទាញ​ចូល​ទៅ​ក្នុង​សង្គ្រាម​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​គួរ​ត្រូវ​បាន​បង្ខំ​ឱ្យ​ទទួល​រង​ផលវិបាក​នៃ​ជម្លោះ​ភូមិសាស្ត្រ​នយោបាយ និង​ល្បែង​នយោបាយ​នៃ​អំណាច​នេះ​ដែរ​។ ការ​ដាក់​ទណ្ឌកម្ម និង​ការ​បិទផ្លូវ​សេដ្ឋកិច្ច​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​កង្វះខាត​ស្បៀងអាហារ និង​ការ​បង្ខូច​ទ្រង់ទ្រាយ​តម្លៃ​ទំនិញ​លើ​ទីផ្សារ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង ដោយ​ធ្វើ​ឱ្យ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​នៃ​ឧស្សាហកម្ម​ម្ហូបអាហារ​ពិភពលោក ជំរុញ​តម្លៃ​ស្បៀងអាហារ​កើនឡើង និង​ដាក់បន្ទុក​មិន​ចាំបាច់​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅ​ទូ​ទាំង​ពិភពលោក​។

យ៉ាងណា​ក៏​ដោយ​ចុះ ជុំវិញ​បញ្ហា​នេះ ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​និង​កំពុង​ព្យាយាម​រក្សា​នូវ​ទ​ង្វើ​របស់​ខ្លួន​ឲ្យ​មាន​តុល្យភាព​ក្រោម​សម្ពាធ​កាន់តែ​ខ្លាំង​ឡើង​ពី​លោក​ខាងលិច និង​ការ​ប្រឈម​មុខ​នឹង​ទីក្រុង​ម៉ូ​ស្គូ ជុំវិញ​សង្គ្រាម​ឈ្លានពាន​របស់​រុ​ស្ស៊ី​ទៅ​លើ​អ៊ុយ​ក្រែ​ន​នេះ ពោល​គឺ​ចិន​ព្យាយាម​ដើរ​ខ្សែ​កណ្ដាល​នៅ​ក្នុង​ជម្លោះ​នេះ​។ គួរ​ជម្រាប​ដែរ​ថា ក្រោយ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ផ្ទុះ​ឡើង ប្រទេស​ចិន​បាន​បដិសេធ មិន​ថ្កោលទោស​ការ​វាយប្រហារ ឬ​កាត់​ផ្តាច់ទំនាក់ទំនង​សេដ្ឋកិច្ច​ជាមួយ​រុ​ស្ស៊ី​នោះ​ទេ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី ហើយ​ក៏​បាន​និយាយ​ថា​ដែរ​ថា អធិបតេយ្យភាព​របស់​អ៊ុយ​ក្រែ​ន​គួរតែ​ត្រូវ​បាន​គោរព​។

យ៉ាងណាមិញ កាលពី​ថ្ងៃ​ពុធ​កន្លង​ទៅ រដ្ឋមន្ត្រី​ការ​បរទេស​ចិន លោក Wang Yi បាន​ជួប​ជាមួយ លោក Shah Mahmood Qureshi រដ្ឋមន្ត្រី​ការ​បរទេស​ប៉ា​គី​ស្ថាន ហើយ​អ្នក​ទាំង​ពីរ​បាន​សម្តែង​ការ​ព្រួយបារម្ភ​អំពី​ឥទ្ធិពល​ដែល​លេច​ចេញ​នៃ​ទណ្ឌកម្ម​ឯកតោភាគី​ផង​ដែរ​។

យ៉ាងណាមិញ លោក Dai Bing ដែល​ជា​តំណាង​អចិន្ត្រៃយ៍​រង​ទី​មួយ​របស់​ប្រទេស​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ ក៏​បាន​និយាយ​ដែរ​ថា ការ​បន្ថែម​ជម្លោះ​មិន​ស្ថិត​នៅ​ក្នុង​ផលប្រយោជន៍​របស់​នរណា​ម្នាក់​ឡើយ ហើយ​បាន​លើកទឹកចិត្ត​សហរដ្ឋអាមេរិក ណា​តូ និង​សហភាព​អឺរ៉ុប​ឱ្យ​និយាយ​ជាមួយ​រុ​ស្ស៊ី ដោយ​ចៀសវាង​ការ​ស្វែងរក​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​ក្រុម ដែល​វា​គឺជា​វិធីសាស្ត្រ​អសន្តិសុខ​បំផុត​។ 

គួរ​រំឭក​ថា ជុំវិញ​បញ្ហា​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​នេះ អ្នកនាំពាក្យ​ជាន់ខ្ពស់​របស់​កម្មវិធី​ស្បៀងអាហារ​ពិភពលោក លោកស្រី Abeer Etefa បាន​និយាយ​កាលពី​ខែ​មុន​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​អាច​ជំរុញ​មនុស្ស​រាប់​លាន​នាក់​នៅ​មជ្ឈិមបូព៌ា និង​អាហ្វ្រិក​ខាងជើង​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ដោយសារ​តែ​មាន​ផល​រំខាន​នៃ​ការ​ផ្គត់ផ្គង់​ស្បៀងអាហារ និង​តម្លៃ​ថាមពល​ឡើងថ្លៃ​ខ្ពស់​៕

អត្ថបទ៖ ស៊ើង និមល់

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាចម្រាញ់រ៉ែមាសបានជាង ២តោន នៅខេត្តមណ្ឌលគិរីក្នុងរយៈពេល៩ខែ

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេល៩ខែមកហើយដែលកម្ពុជា បានចាប់ផ្ដើមឧស្សាហកម្មច្រាញ់រ៉ែមាស។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា…

យន្តការធានាហានិភ័យបរធនបាលកិច្ច នឹងជួយកៀរគរទុន និងទាក់ទាញវិនិយោគិន

ព័ត៌មាន
និយ័តករបរធនបាលកិច្ចនៅព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ