ពាក់ព័ន្ធនឹងបញ្ហានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា ការអនុវត្តគោលនយោបាយក្នុងអាណត្តិនេះ គឺជាការគិតគូដល់ជីវភាពរបស់ពលរដ្ឋ និងជាការរួមចំណែកកាត់បន្ថយអត្រាភាពក្រីក្រនៅកម្ពុជា។ តើមន្ត្រីអង្គការសង្គមស៊ីវិល និងអ្នកជំនាញសេដ្ឋកិច្ចមានការយល់ឃើញបែបណាចំពោះគោលការណ៍ជំនួយសង្គមរបស់រដ្ឋាភិបាលអាណត្តិថ្មី?
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា កត់សម្គាល់ថា គោលនយោបាយជំនួយសង្គមរបស់រដ្ឋាភិបាលនីតិកាលទី៧ គឺជាការបន្តនិរន្តរភាពរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាករដ្ឋមន្រ្តីនៃកម្ពុជា ដែលធ្លាប់ដឹកនាំអនុវត្តនាពេលកន្លងមក ប៉ុន្តែលោកយល់ថា យុទ្ធសាស្រ្តរបស់រដ្ឋាភិបាលនៅក្នុងអាណត្តិថ្មីនេះ អាចមានសកម្មភាពលេចធ្លោលើគោលនយោបាយគាំពារសង្គម។ ទោះបីគោលនយោបាយនេះ ជាការបន្តនិរន្តរភាពរបស់អតីតនាយករដ្ឋមន្រ្តីកម្ពុជាក៏ដោយ ប៉ុន្តែសម្រាប់លោកបណ្ឌិត គិន ភា រដ្ឋាភិបាលថ្មីដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត គួរពិនិត្យអំពីការអនុវត្តជាក់ស្ដែងរបស់អ្នកពាក់ព័ន្ធលើពលរដ្ឋ ដែលមានជីវភាពខ្វះខាតពិតប្រាកដ ដើម្បីធ្វើយ៉ាងណាឱ្យពួកគេទទួលបានអត្ថប្រយោជន៍ពីគោលនយោបាយគាំពារសង្គម ដ្បិតនាពេលកន្លងមកធ្លាប់លេចលឺអំពីបាតុភាពមិនប្រក្រតី ជុំវិញមានពលរដ្ឋមានជីវភាពខ្វះខាតងាយរងហានិភ័យមួយចំនួនត្រូវបានគេវាយតម្លៃខុស ឬក៏ត្រូវបានគេមើលរំលង ដែលបញ្ហានេះនឹងប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយរបស់រដ្ឋាភិបាល។
សម្រាប់អ្នកជំនាញរូបនេះ ដើម្បីអនុវត្តគោលនយោបាយគាំពារសង្គមឱ្យមានប្រសិទ្ធភាព គឺរដ្ឋាភិបាលត្រូវតែអនុវត្តវិធានការច្បាប់ឱ្យបានតឹងរ៉ឹង ហើយអាជ្ញាធរមូលដ្ឋានត្រូវបណ្ដុះឧត្តមគតិតាមរយៈការគោរពផលប្រយោជន៍រួម ខណៈពលរដ្ឋដែលមិនមែនជាអ្នកមានជីវភាពក្រីក្រ ត្រូវទុកឱកាសដល់អ្នកដែលមានជីវភាពក្រីក្រ និងមានជីវភាពខ្វះខាតពិតប្រាកដជាដើម។
ជុំវិញគោលនយោបាយគាំពារសង្គមនេះដែរ លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ សង្កេតឃើញថា ការអនុវត្តកិច្ចគាំពារសង្គមក្នុងអាណត្តិនេះមានភាពប្រសើរជាងអាណត្តិមុន ព្រោះនាយករដ្ឋមន្រ្តីថ្មី មានទាំងគោលនយោបាយ មានទាំងផែនការអភិវឌ្ឍចំពោះកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រីកការអនុវត្តសម្រាប់បុគ្គលស្វ័យនិយោជន៍តាមរយៈរបបថែទាំសុខភាពដោយការចូលរួមវិភាគទានស្ម័គ្រចិត្តជាដើម។ ទោះជាយ៉ាងណា សម្រាប់អ្នកជំនាញរូបនេះ ការអនុវត្តប្រព័ន្ធជំនួយសង្គមសម្រាប់អ្នកក្រីក្រ គឺនៅមានកម្រិតនៅឡើយ ដោយសារអ្នកក្រីក្រពិតប្រាកដមួយចំនួនពុំទទួលបានប័ណ្ណមូលនិធិសមធម៌ ឬប័ណ្ណក្រីក្រ ដែលបញ្ហានេះកើតឡើងដោយសារការអនុវត្តខ្វះចន្លោះពីសំណាក់អាជ្ញាធរមួយចំនួន ដែលប្រកាន់បក្ខពួក។ បើតាមលោក វន់ ពៅ ដើម្បីអនុវត្តការងារនេះឱ្យទទួលបានប្រសិទ្ធភាព គឺរដ្ឋាភិបាលត្រូវផ្សព្វផ្សាយឱ្យបានទំលំទូលាយ និងត្រូវចុះធ្វើអធិការកិច្ចដល់មូលដ្ឋាន ព្រមទាំងពិចារណាបញ្ចុះតម្លៃប័ណ្ណ ប ស ស ជាដើម។
សូមបញ្ជាក់ថា សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣ បានដាក់ឱ្យអនុវត្តជាផ្លូវការនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និង គោលការណ៍ណែនាំស្តីពី ក្របខ័ណ្ឌកិច្ចគំាពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន» ដែលជាផ្នែកមួយនៃគោលនយោបាយអាទិភាពទី៣ ក្នុងចំណោមគោលនយោបាយអាទិភាពទាំង៦របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលសំដៅលើការធ្វើស្ថាបនូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ, និងគ្រួសារងាយរងហានិភ័យនៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានអាសន្ន។
គោលនយោបាយទាំងនេះ ត្រូវបានសម្ដេចធិបតីគូសបញ្ជាក់ថា រាជរដ្ឋាភិបាល ក្នុងអាណត្តិទី ៧ នៃរដ្ឋសភា នៅតែបន្តផ្តោតលើមនុស្សជាចម្បង ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»។ ទន្ទឹមនឹងដាក់ចេញនូវគោលនយោបាយនេះ សម្តេចធិបតី ជំរុញឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់បង្កើនការត្រួតពិនិត្យ និងពង្រឹងយន្តការនៃការកំណត់អត្តសញ្ញាណជនក្រីក្រ និងគ្រួសារងាយរងគ្រោះឱ្យបានត្រឹន និងមានប្រសិទ្ធភាពបន្ថែមទៀត។
សូមបញ្ជាក់ថា ការដាក់ចេញនូវ «គោលការណ៍ណែនាំស្តីពីក្របខ័ណ្ឌកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ» គឺជាបណ្តុំនៃកម្មវិធីជាតិជំនួយសង្គម ដែលមានលក្ខណៈប្រក្រតី និងអចិន្ត្រៃយ៍ សម្រាប់ផ្តល់ជាប្រយោជន៍ដល់គ្រួសារក្រីក្រ និងសមាជិកគ្រួសារជាជនងាយរងគ្រោះ ដោយក្នុងនេះមានកម្មវិធីជាតិ ជំនួយសង្គមចំនួន៤ រួមមាន ទី១, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ, ទី២, កម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅថ្នាក់បឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ, ទី៣, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនមានពិការភាព និងទី៤ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនចាស់ជរា អាយុចាប់ពី៦០ឆ្នាំឡើងទៅ។ បន្ថែមលើនេះ, កញ្ចប់គ្រួសារ ក៏មានការឧបត្ថម្ភគោលនយោបាយសម្រាប់គ្រួសារក្រីក្រទាំងអស់ និងការឧបត្ថម្ភជូនអ្នកផ្ទុកមេរោគអេដស៍ និងជំងឺអេដស៍ ដែលជាសមាជិកគ្រួសារក្រីក្រ ដើម្បីឆ្លើយតបទៅនឹងតម្រូវការហានិភ័យ និងភាពងាយរងគ្រោះនានាផងដែរ។ កម្មវិធីជំនួយសង្គមនេះ នឹងចាប់អនុវត្តពីខែមេសា ឆ្នាំ២០២៤ តទៅ បន្ទាប់ពី«កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានបិទបញ្ចប់៕