នាយករដ្ឋមន្រ្តីថៃនឹងទៅស្វាគមន៍ភ្ញៀវទេសចរចិននៅព្រលាន

ថៃនិងវៀតណាមកំពុងសម្រុកដាក់ចេញគោលនយោបាយលើកលែងទិដ្ឋការ ដើម្បីទាក់ទាញទេសចរបរទេស ជាពិសេសចិន


ប្រទេសថៃនិងវៀតណាមកំពុងតែកែសម្រួលគោលនយោបាយទិដ្ឋាការ ដើម្បីធ្វើយ៉ាងណាទាក់ទាញភ្ញៀវទេសចរបរទេស ជាពិសេសចិនតែម្តង។ លោក ស្រ៊ីថា ថាវេស៊ីន នាយករដ្ឋមន្រ្តីថៃ បានកំណត់ថ្ងៃហើយ ដើម្បីអញ្ជើញទៅស្វាគមន៍ភ្ញៀវទេសចរចិនដោយផ្ទាល់នៅព្រលានយន្តហោះនាថ្ងៃទី២៥ ខែកញ្ញា ខាងមុខនេះ ខណៈថៃប្រកាសលើកលែងទិដ្ឋាការដល់ជនជាតិនេះ។
នាយករដ្ឋមន្រ្តីថៃនឹងទៅស្វាគមន៍ភ្ញៀវទេសចរចិននៅព្រលាន
ដោយ

សារព័ត៌មាន the Nation បានរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃ លោក ស្រ៊ីថា ថារេស៊ីន នឹងអញ្ជើញចេញទៅទទួលភ្ញៀវទេសចរចិនដោយផ្ទាល់ នៅអាកាសយានដ្ឋានអន្តជាតិសុវណ្ណភូមិ ដើម្បីអបអរសាទរគោលនយោបាយលើកលែងទិដ្ឋាការ សម្រាប់ភ្ញៀវទេសចរជនជាតិចិន និងកាហ្សាក់ស្ថាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ សប្តាហ៍ក្រោយនេះ។
វិធានការថ្មីនេះអនុញ្ញាតឱ្យអ្នកទេសចរចិន និងកាហ្សាក់ស្ថានអាចធ្វើដំណើរចូលប្រទេសថៃដោយគ្មានទិដ្ឋាការរហូតដល់៣០ថ្ងៃពេញមួយកម្មវិធីបណ្តោះអាសន្ន ដែលនឹងអនុវត្តរយៈពេល៥ខែចាប់ពីថ្ងៃទី២៥ ខែកញ្ញា ដល់ថ្ងៃទី២៩ខែកុម្ភៈឆ្នាំ២០២៤។
ក្រសួងទេសចរណ៍ និងកីឡាថៃបានចេញផ្សាយស្ថិតិបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសដែលមកទស្សនាប្រទេសថៃចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៧ ខែកញ្ញា មានចំនួនលើសពី ១៩លាននាក់ ពោលគឺកើនឡើង២៧១ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទីផ្សារទេសចរណ៍បរទេសកំពូលទាំងប្រាំ ដែលមកទស្សនាប្រទេសថៃក្នុងអំឡុងពេលនេះគឺ អ្នកទេសចរម៉ាឡេស៊ី ដែលមានជាង៣លាននាក់ ចិនជាង២លាននាក់ កូរ៉េខាងត្បូងជាង១ លាននាក់ ឥណ្ឌាជាង១លាននាក់ និងរុស្ស៊ីជិត១លាននាក់ ។

ភ្ញៀវទេសចរទាំងនេះបានចូលរួមចំណែកយ៉ាងសំខាន់ដល់ឧស្សាហកម្មទេសចរណ៍ថៃ ជាមួយនឹងប្រាក់ចំណូលសរុបលើសពី៧៩៥ពាន់លានបាត ឫជិត២២ពាន់លានដុល្លារ ហើយបើបូកនឹងទេសចរនៅក្នុងស្រុក ថៃអាចរកបានចំណូលពីវិស័យទេសចរណ៍ប្រមាណជា១,៣ទ្រីលានបាត ឫជិត៣៦ពាន់លានដុល្លារ។
ដោយឡែកវៀតណាមឯណោះវិញក៏បានដាក់ចេញគោលនយោបាយទិដ្ឋាការសម្រាប់ទេសចរបរទេសផងដែរ។ វៀតណាមបានដាក់ចេញនូវគោលនយោបាយលើកលែងទិដ្ឋាការឯកតោភាគី ដោយអនុវត្តកាលពីថ្ងៃទី១៥ ខែសីហា មក ហើយសម្រាប់អ្នកទេសចរមកពី២៥ ប្រទេស ដោយនៅក្នុងនោះមានកម្ពុជា ឡាវ ថៃ ជប៉ុន និងបណ្តាប្រទេសមកពីអឺរ៉ុប និងអាស៊ីមួយចំនួនទៀត ប៉ុន្តែមិនមានចិននោះទេ។
ទោះបីជាមិនមានចិននៅក្នុងបញ្ជី ប៉ុន្តែមន្រ្តីវៀតណាមបានលើកឡើងនៅលើសារព័ត៌មាន Vietnam News ថា គោលនយោបាយទិដ្ឋាការថ្មីរបស់វៀតណាមត្រូវបានទទួល និងវាយតម្លៃជាវិជ្ជមានពីភ្ញៀវទេសចរបរទេស ជាពិសេសជនជាតិចិនដែរ ហើយក៏ជាឱកាសសម្រាប់វិស័យទេសចរណ៍វៀតណាមក្នុងការបង្កើនសមត្ថភាពប្រកួតប្រជែងរបស់ខ្លួនបើធៀបនឹងប្រទេសជិតខាង។ ភ្ញៀវទេសចរចិននៅពេលនេះអាចស្នើសុំទិដ្ឋការចូលវៀតណាម តាមប្រព័ន្ធអេឡិចត្រូនិកបាន។
ប្រភពដដែលបានបន្តថា ជាមួយនឹងគោលនយោបាយនេះនៅក្នុងរយៈត្រឹមតែពីថ្ងៃទី១៥ ដល់ ៣០ ខែសីហា វៀតណាមទទួលបានភ្ញៀវទេសចរចម្រុះសរុបជាង៣៣ម៉ឺននាក់ ដោយភាគច្រើនមកពីកូរ៉េខាងត្បូង ជប៉ុន និងអង់គ្លេស៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


អ្នកកោះអូគីណាវ៉ាបារម្ភពីមូលដ្ឋានទ័ពរបស់ជប៉ុន ចំពេលតូក្យូឱ្យចិនដកពោងបណ្តែតទឹកចេញពីកោះជម្លោះ

ព័ត៌មាន
អភិបាលកោះអូគីណាវ៉ារបស់ជប៉ុន ដែលនៅក្បែរកោះតៃវ៉ាន់បាននិយាយនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃចន្ទថា ការបង្កើនល្បឿនសាងសង់មូលដ្ឋានទ័ពរបស់ជប៉ុន…

សមាជិកសភាអាមេរិកជំរុញឲ្យពិនិត្យសន្តិសុខឡើងវិញលើក្រុមហ៊ុនផលិតអាគុយពាក់ព័ន្ធនឹងចិន

ព័ត៌មាន
សមាជិកសភាមួយចំនួននៃគណបក្សសាធារណរដ្ឋបានជំរុញឱ្យក្រសួងហិរញ្ញវត្ថុអាមេរិកពិនិត្យមើលសុវត្ថិភាពឡើងវិញទៅលើកម្មសិទ្ធិ ដែលមានទំនាក់ទំនងនឹងក្រុម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ