គោលនយោបាយ

កម្ពុជាត្រៀមថវិកាជិត៤៥០លានដុល្លារ សម្រាប់ជួយពលរដ្ឋតាមរយៈគោលនយោបាយអាទិភាពទាំង៦


សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលគ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើនតាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងជួយលើកកម្ពស់ជីវភាពរបស់ពលរដ្ឋ ខណៈការផ្តល់ជំនួយសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះនៅតែជាការងារអាទិភាពរបស់រដ្ឋាភិបាលអាណត្តិថ្មី។
គោលនយោបាយ
ដោយ

តួយ៉ាងរាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាជិត៤៥០លានដុល្លារ ដើម្បីជួយប្រជាពលរដ្ឋ តាមរយៈគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញ។

ថ្លែងនាពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលរបស់ប្រទេសនីមួយៗលើពិភពលោកតែងតែដាក់ចេញកិច្ចអន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋដែលជួបទុកលំបាក ដើម្បីទប់លំនឹងសេដ្ឋកិច្ចជាតិរបស់ខ្លួន ពោលគឺរដ្ឋមួយអាចមានលំនឹងបាន លុះត្រាតែជីវភាពរស់នៅរបស់ពលរដ្ឋមានលំនឹង។

ជាក់ស្តែងរាជរដ្ឋាភិបាលកម្ពុជា បានរដាក់ចេញនូវគោលនយោបាយអន្តរាគមន៍ជាច្រើននៅប៉ុន្មានឆ្នាំកន្លងមកនេះ ដើម្បីធានាការដោះស្រាយបញ្ហានៅចំពោះមុខ ហើយគ្រាន់តែតាមរយៈការផ្ដល់សេវាថែទាំសុខភាពតាមរយៈបណ្ណសមធម៌ និងបណ្ណ ប.ស.ស. មានប្រជាពលរដ្ឋប្រមាណជាង៦លាន៥សែននាក់ បានទទួលផលប្រយោជន៍ ដោយរដ្ឋបានចំណាយថវិកាអស់ប្រមាណ១០០លានដុល្លារក្នុងមួយឆ្នាំ។

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា រាជរដ្ឋាភិបាលមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់រងគ្រោះស្លាប់ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលនោះទេ ដោយទិសដៅរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នៅតែបន្តផ្តល់ជំនួយសង្គមដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះបន្តទៀត ដ្បិតថា តាម រយៈកម្មវិធីគោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញនោះ គឺរាជរដ្ឋាភិបាលបានត្រៀមថវិកាប្រមាណជិត៤៥០លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយចុះ សម្រាប់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ការដាក់ចេញគោលនយោបាយគាំពារសង្គមនេះ គឺមិនមែនជាការបង្កើតនូវវប្បធម៌ពឹងផ្អែកនោះទេ ហើយការអន្តរាគមន៍នេះ ក៏មិនមែនមានចរិតជាអចិន្ត្រៃយ៍នោះដែរ ពោលគឺភាគច្រើនផ្អែកទៅលើគ្រាមានគ្រោះអាសន្ន និងជួបការលំបាកប៉ុណ្ណោះ ហើយនៅពេលប្រជាពលរដ្ឋមានភាពល្អប្រសើរហើយនោះ រាជរដ្ឋាភិបាលនឹងបង្វែរថវិកាទៅជួយអ្នកផ្សេងបន្តទៀត។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាល មិនមែនមានតែកម្មវិធីគាំពារសង្គមប៉ុណ្ណោះទេ រាជរដ្ឋាភិបាលក៏បានវិនិយោគជាច្រើនទៀតទៅលើកម្មវិធីអប់រំ សុខាភិបាល ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអគ្គិសនីផងដែរ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារប្រ៊ីដ សហការជាមួយបុរីចន្ទគីរីផ្តល់ជូនឥណទានគេហដ្ឋាន

ព័ត៌មាន
ធនាគារប្រ៊ីដ ជាធនាគារពាណិជ្ជឈានមុខគេដែលផ្តល់ជូនសេវាហិរញ្ញវត្ថុជាច្រើនប្រភេទ បានចុះអនុស្សរណៈយោគយល់ ជាមួយបុរីចន្ទគីរី ក្នុងគោលបំណងផ្តល់ជូ…

ក្រសួងកសិកម្មនឹងរៀបចំពិព័រណ៍កសិកម្មវាលបៃតង និងអាហារ ដើម្បីជំរុញទីផ្សារផលិតផលក្នុងស្រុក

ព័ត៌មាន
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គ្រោងរៀបចំកម្មវិធីពិព័រណ៍កសិកម្មវាលបៃតង និងអាហារ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៨ ខែកុម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ