បន្ថែមពីនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏មានគោលនយោបាយអាទិភាព នៅក្នុងការលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះផងដែរ។
លោក ជិន កុងខា (Tran Cong Kha) ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG) បានជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅក្នុងឱកាសចូលជួប សំដែងការគួរសមថា អាជីវកម្មរបស់ក្រុមហ៊ុន VRG ដែលវិនិយោគដំណាំកៅស៊ូនៅកម្ពុជា មានការរីកចម្រើន និងមានលទ្ធភាពចូលរួមចំណែកនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
ពាក់ព័ន្ធនឹងការវិនិយោគលើវិស័យកសិកម្មនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការវិនិយោគរបស់ក្រុមហ៊ុន VRG នៅកម្ពុជា ក៏ដូចជាការនាំចូលនូវបច្ចេកវិទ្យាថ្មីៗនៅក្នុងផ្នែកកសិ-ឧស្សាហកម្ម ថាបានចូលរួមចំណែកដល់ការលើកកម្ពស់គុណភាពផលិតផល និងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យនេះ ។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានបង្ហាញនូវការគាំទ្រចំពោះទិសដៅរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគនៅកម្ពុជា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលនឹងបន្តផ្តល់នូវកិច្ចគាំពារនានាដែលចាំបាច់ ពីព្រោះរាជរដ្ឋាភិបាលមិនផ្តោតតែទៅលើការទាក់ទាញការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវការយកចិត្តទុកដាក់ជាប់ជានិច្ចចំពោះរាល់គម្រោងវិនិយោគដែលមានស្រាប់នៅកម្ពុជា ផងដែរ ។ សម្រាប់សម្តេចធិបតី រាជរដ្ឋាភិបាលកម្ពុជា តែងលើកកម្ពស់វិស័យកសិកម្ម តាមរយៈការដាក់ចេញនូវយន្តការនៃការបង្កើតសហគមន៍កសិកម្ម និងការដាំដុះដែលធានាបរិមាណ និងគុណភាព បម្រើឱ្យការនាំចេញទាំងក្នុងរូបភាពជាវត្ថុធាតុដើម, ផលិតផលពាក់កណ្តាលសម្រេច និងផលិតផលសម្រេច ទៅកាន់ទីផ្សារអន្តរជាតិ ៕