ការបិទកំពង់ផែកុងតឺន័រចិន

កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោកបន្ដបិទទ្វារ កំពុងបង្កក្ដីបារម្ភខ្លាំងដល់ការដឹកជញ្ជូន


កំពង់ផែកុងតឺន័រចិនធំបំផុតលំដាប់ទី៣ របស់ពិភពលោកបន្ដបិទទ្វារ កំពុងបង្កក្ដីបារម្ភកាន់តែខ្លាំងចំពោះការដឹកជញ្ជូនទំនិញពិភពលោក។ កំពង់ផែកុងតឺន័ររបស់ចិន នីងបូ ហ្ស៊ូសាន (Ningbo-Zhoushan) ដែលជាកំពង់ផែមានសកម្មភាពមមាញឹកជាងគេបំផុតទី៣ក្នុងពិភពលោក បានបិទទ្វារអស់រយៈពេល៧ថ្ងៃហើយ គិតមកទល់ថ្ងៃអង្គារសប្ដាហ៍នេះ ដែលផលរំខានពីការបិទទ្វារកំពង់ផែនេះកំពុងបង្កជាក្ដីបារម្ភយ៉ាងខ្លាំងដល់ការចរចាដឹកជញ្ជូនទំនិញរបស់ពិភពលោក ពិសេសការដឹកជញ្ជូនក្នុងតំបន់និងប្រទេសឆ្ងាយៗ។
កំពង់ផែកុងតឺន័រចិនធំបំផុតទី៣ក្នុងពិភពលោក នីងបូ ហ្ស៊ូសាន (Ningbo-Zhoushan)

ការ​បិទទ្វារ​បណ្ដោះអាសន្ន​របស់​កំពង់​ផែ​ដ៏​ធំ​របស់​ចិន​មួយ​នេះ បាន​ធ្វើ​ឡើង​តាំងពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន ក្រោយ​ពី​រក​ឃើញ​ថា មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​លើ​បុគ្គលិក​ម្នាក់​ដែល​បម្រើ​ការ​ក្នុង​កំពង់​ផែ​នេះ បើ​ទោះបីជា​បុគ្គលិក​នោះ បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​២​ដូ​សរួច​ហើយ​ក្ដី​។ នេះ​បើ​តាម​ការ​រាយការណ៍​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ក្រោយ​ពី​បាន​រក​ឃើញ​កម្មករ​ម្នាក់​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ កំពង់​ផែ​កុងតឺន័រ នី​ង​បូ ស៊ូ​សាន បាន​សម្រេច​បិទទ្វារ​បណ្ដោះអាសន្ន​នូវ​ប្រតិបត្តិ​តាំងពី​ថ្ងៃ​ពុធ​ស​ប្ដា​ហ៍​មុន​មក​ម្ល៉េះ ដោយ​ក្នុង​នោះ ក៏​មាន​កម្មករ​ជិត​២​ពាន់​នាក់​ដែល​ធ្វើការ​ក្នុង​កំពង់​ផែ​នេះ ត្រូវ​បាន​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក ដើម្បី​តាមដាន​សុខភាព ហើយ​ពួក​គេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​កំពង់​ផែ​នោះ​ឡើយ​។ ស្ថានីយ​ចំណត ម៉ៃ​សាន ដែល​កន្លែងធ្វើការ​របស់​បុគ្គលិក​ដែល​មាន​វិជ្ជមាន​កូ​វី​ដ​-១៩ ត្រូវ​បាន​បន្ដ​ផ្អាក​ចរាចរណ៍​ទំនិញ​ចេញចូល​នៅឡើយ​។ បើ​តាម​ស្ថាប័ន​ប្រឹក្សា​យោបល់ GardaWorld បាន​ប៉ាន់​ប្រមាណ​ថា ស្ថានីយ​ចំណត​ដែល​បាន​ផ្អាក​ប្រតិបត្តិការ​នេះ គឺ​មាន​ប្រហែល ២៥% នៃ​ការ​ចរាចរណ៍​ទំនិញ​នៅ​ក្នុង​កំពង់​ផែ នី​ង​បូ ស៊ូ​សាន​ទាំងមូល​។ បើ​ទោះបីជា ខាង​ថ្នាក់ដឹកនាំ​កំពង់​ផែ​នេះ​និយាយ​ថា នឹង​បង្វែរ​ការ​ដឹក​ជញ្ជូន​ទំនិញ​ទៅ​កាន់​ស្ថានីយ​ចំណត​ផ្សេង​ជំនួស​ក៏​ដោយ ប៉ុន្ដែ អ្នកជំនាញ​នៅ​តែ​បារម្ភ​ពី​ភាពយឺត​យ៉ាវ​នៅ​ក្នុង​ការ​ដឹក​ជញ្ជូន​ដដែល​។

ស្ថានីយ​ចំណត​ម៉ៃ​សាន (Meishan) នៃ កំពង់​ផែ នី​ង​បូ​-​ហ្សូ​សាន កាលពី​ឆ្នាំ ២០២០ មាន​ទំនិញ​ឆ្លងកាត់​ប្រមាណ ជាង ១​ពាន់​លាន​តោន​។ យ៉ាងណាមិញ ការ​រអាក់រអួល​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​ផ្គត់ផ្គង់​ទំនិញ​បន្ថែម​ទៀត ពោល​គឺ​បណ្ដាល​ឲ្យ​បរិមាណ​ទំនិញ​លើ​ទីផ្សារ​ធ្លាក់​ចុះ និង​ជំរុញ​ឱ្យ​តម្លៃ​កើនឡើង​។

មាន​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ធំ​ៗ​មួយ​ចំនួន ដូច​ជា​ក្រុមហ៊ុន Yang Ming Marine ជាដើម​បាន​ជូនដំណឹង​ទៅ​កាន់​អតិថិជន​របស់​ខ្លួន​រួច​ហើយ​អំពី​ករណី​អាច​កើត​មាន​ឡើង​នៃ​ការ​កកស្ទះ​ទំនិញ និង​បាន​ស្នើ​ឲ្យ​ម្ចាស់​ទំនិញ​ពិនិត្យ​ស្ថានីយ​ដឹក​ជញ្ជូន​ឲ្យ​បាន​ត្រឹម​ត្រូវជា​មុន​សម្រាប់​ការ​ដឹក​ជញ្ជូន​ឆ្លងកាត់​កំពង់​ផែ​នី​ង​បូ ស៊ូ​សាន​នេះ​។

សូម​បញ្ជាក់​ថា នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​មាន​ករណី​ផ្ទុះ​រាលដាល​ឆ្លង​កូ​វី​ដ​-១៩​មាននៅ​ក្នុង​កំពង់​ផែ​ដឹក​ជញ្ជូន​ទំនិញ កន្លង​មក​ក៏​មាន​កំពង់​ផែ​មួយ​ចំនួន​ទៀត​ក៏​ធ្លាប់​ជួប​ការ​រំខាន​ដូច​គ្នា​ដែរ​នេះ​ដែរ ជាក់ស្ដែង​កំពង់​ផែ យ៉ា​ន​តៀន នៅ​ក្នុង​ទីក្រុង​ស៊ិ​ន​ជិន​ប្រទេស​ចិន កាលពី​ខែឧសភា ក៏​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩​ដល់​បុគ្គលិក​កំពង់​ផែ​ដែរ​។ បញ្ហា​នេះ កំពុង​បង្កក្ដី​បារម្ភ​កាន់តែ​ខ្លាំង ថា​អាច​នឹង​មាន​កំពង់​ផែ​ផ្សេង​ៗ​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​នឹង​ប្រឈម​បញ្ហា​ផ្ទុះ​រីក​រាលដាល​កូ​វី​ដ​-១៩​នេះ ដូច​គ្នា​នេះ​ដែរ ខណៈ​ដែល​បច្ចុប្បន្ន​មេរោគ​បំប្លែង​ថ្មី ឌែ​លតា​កំពុង​រាតត្បាត​កាន់តែ​ខ្លាំងក្លា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​នៅ​ពាសពេញ​សាកលលោក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំក្រុមហ៊ុនធំៗនៅវៀតណាមទទូចឲ្យប្រធានាធិបតីអាមេរិកផ្ដល់វ៉ាក់សាំងឲ្យវៀតណាមឲ្យបានឆាប់

ព័ត៌មាន
ប្រធានក្រុមហ៊ុន និង នាយកប្រតិបត្តិក្រុមហ៊ុនអាមេរិកដែលរកស៊ីនៅវៀតណាមប្រមាណ៩០ក្រុមហ៊ុន បានទទូចស្នើទៅកាន់ប្រធានាធិបតីអាមេរិកលោកចូ បៃឌិន ឲ្…

កូវីដ-១៩ បំប្លែងថ្មី ឌែលតា កំពុងលុកលុយក្នុងរាជធានី-ខេត្តចំនួន ២២ នៅកម្ពុជា

ព័ត៌មាន
គិតរហូតមកដល់ថ្ងៃចន្ទដើមសប្ដាហ៍នេះ កម្ពុជារកឃើញករណីឆ្លងកូវីដ-១៩បំប្លែងថ្មី ឌែលតា ជិត៥០០នាក់ហើយ ដោយក្នុងនោះ បានរកឃើញនៅរាជធានី-ខេត្តចំនួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ