
ប្រាក់ចំណូលដែលត្រូវខាតបង់ជាង៤០លានដុល្លារអាមេរិកក្នុងមួយឆ្នាំនេះ គឺដោយសារតែរាជរដ្ឋាភិបាលពន្យារការយកពន្ធកាត់ទុក និងការមិនយកប្រាក់កម្រៃលើការនាំចេញរបស់ម្ចាស់រោងចក្រជាដើម។
ទន្ទឹមនឹងប្រាក់ឈ្នួលកម្មករនិយោជិតមានការកើនឡើងជាបន្តបន្ទាប់ ធនាគារពិភពលោកបានចង្អុលបង្ហាញថា កម្ពុជាត្រូវតែធ្វើពិពិធកម្មសម្រាប់ការផលិតរបស់ខ្លួនផងដែរ ពោលគឺត្រូវស្វែងរកផលិតសម្លៀកបំពាក់ និងស្បែកជើង ដែលមានតម្លៃបន្ថែមខ្ពស់ជាងផលិតផលដែលធ្លាប់មានលក់កាលពីមុន។
លោក ខេន លូ អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានប្រាប់អ្នកសារព័ត៌មាននៅឯកិច្ចប្រជុំកំពូលវាយនភណ្ឌកម្ពុជា ឆ្នាំ២០១៧ ថា កម្ពុជាបានកំណត់ប្រាក់ឈ្នួលអប្បបរមា១៧០ដុល្លាររួចហើយ។ លោកមិនទាន់អាចវាយតម្លៃពីកំណើននៃវិស័យកាត់ដេរមួយនេះបាននៅឡើយទេ ប៉ុន្តែ លោករំពឹងថា កម្ពុជានឹងមានផលិតភាពខ្ពស់ខ្លាំង ដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាង។
ទិន្នន័យពីក្រសួងពាណិជ្ជកម្មបានបង្ហាញថា វិស័យកាត់ដេរនៅកម្ពុជាបានចំណាយប្រាក់ប្រមាណជាង ១,១ពាន់លានដុល្លារប្រចាំឆ្នាំដើម្បីបើកប្រាក់ខែ ជូនកម្មកររោងចក្រកាត់ដេរប្រមាណ ៦៥ម៉ឺននាក់៕