Advertisement
វិស័យ​កាត់ដេរ

កម្មករ​កម្មការិនី​មាន​ក្តី​សង្ឃឹម​ខ្ពស់ ខណៈ​លក្ខខណ្ឌ​ការងារ​កាន់​តែ​ល្អ​ក្នុង​វិស័យ​កាត់ដេរ​


បច្ចុប្បន្ន ស្ថានភាព​នៅ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​កម្ពុជា កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ឡើង។ ល្អ​ប្រសើរ​ដោយសារ​តែ​មាន​រោងចក្រ​កាត់ដេរ​ជា​ច្រើន បាន​គោរព​ច្បាប់​និង​លក្ខខណ្ឌ​ការងារ​ត្រឹម​ត្រូវ ផ្តល់​នូវ​បរិយាកាស​​ការងារ​ល្អ ប្រាក់​ឈ្នួល​សមរម្យ បូក​រួម​នឹង​អត្ថប្រយោជន៍​ផ្សេងៗ មាន​ការ​កើន​ឡើង​ជា​រៀងរាល់​ឆ្នាំ។
វិស័យ​កាត់ដេរ​កម្ពុជា ផ្ដល់​ការងារ​ដោយ​ផ្ទាល់​ដល់​ប្រជាជន​ប្រមាណជាង ៦០​ម៉ឺ​ន​នាក់។
ដោយ
Advertisement

ជុំវិញ​នឹង​ភាព​ល្អ​ប្រសើរ​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ​កម្មការិនី​នៅ​តាម​រោងចក្រ​កាត់ដេរ​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​កាន់​តែ​មាន​ក្តី​សង្ឃឹម​ខ្ពស់ ជាមួយ​នឹង​ជីវភាព​រស់នៅ​ល្អ​ប្រសើរ​ប្រចាំ​ថ្ងៃ​របស់​ពួក​គេ​ផង​ដែរ។ 

ហើយ​ជាមួយ​នឹង​ប្រាក់​ឈ្នួល​កាន់​តែ​ល្អ បូករួម​នឹង​​អត្ថប្រយោជន៍​កាន់​តែ​ច្រើន កម្មករ​កម្មការិនី​កំពុង​ធ្វើ​ការងារ​តាម​រោងចក្រ​កាត់​ដេរ​នៅ​ក្នុង​ស្រុក បាន​អំពាវនាវ​ឲ្យ​កម្មករ​ដែល​បាន​ចំណាក​ស្រុក​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដោយ​ខុស​ច្បាប់ ងាក​មក​រក​ការងារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ។ ត្បិតអី កម្ពុជា​បច្ចុប្បន្ន​ពោរពេញ​ទៅ​ដោយ​រោងចក្រ​និង​ក្រុមហ៊ុន​ធំៗ​ដែល​មាន​ស្តង់ដារ​ការងារ​ល្អៗ​ជា​ច្រើន​កំពុង​រង់ចាំ​ពួកគេ។ 

ការងារ​ក្នុង​ស្រុក​ជា​ជម្រើស​ល្អ​ជាង​ការ​ចំណាក​ស្រុក​ប្រថុយ​ប្រថាន​ទៅ​ក្រៅ​ប្រទេស

ជាក់ស្តែង សម្រាប់​ពលរដ្ឋ​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​អាច​ជា​ជម្រើស​ល្អ​ជាង​ការ​ចំណាក​ស្រុក​ប្រថុយ​ប្រថាន​ទៅ​​ក្រៅ​ប្រទេស។ បើ​តាម​កម្មករ​និយោជិត​ដែល​ធ្វើការ​នៅ​កោះកុង លក្ខខណ្ឌ​ការងារ​នៅ​តាម​រោងចក្រ​នៅ​កោះកុង គឺ​មាន​ស្ដង់ដារ​ខ្ពស់។ ជាមួយ​នឹង​លក្ខខណ្ឌ​ការងារ​ល្អ កម្មករ​កម្មការិនី​នៅ​ខេត្ត​កោះកុង បាន​លើក​ទឹកចិត្ត​ដល់​អ្នក​ផ្សេង​ទៀត​ដែល​កំពុង​ស្វែង​រក​ការងារ​ធ្វើ ឲ្យ​មក​ធ្វើការ​នៅ​កោះកុង ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាក​ស្រុក​ដោយ​ប្រថុយ​ប្រថាន​ទៅ​កាន់​ប្រទេស​ក្រៅ​ឡើយ។

កញ្ញា ហេង ចន្ទសុមាលី កម្មការិនី​រោងចក្រ HANA បាន​និយាយ​ថា ធ្វើការ​នៅ​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​ល្អ ដោយ​ហេតុ​តែ​រោងចក្រ​គេ​គោរព​យក​តាម​ក្របខ័ណ្ឌ​ច្បាប់​ការងារ​របស់​រដ្ឋ គេ​មាន​​ប្រាក់​ធ្វើ​ដំណើរ ហើយ​មាន​បាយ​បរិភោគ​ដោយ​ឥត​គិត​ថ្លៃ និង​ថែមទាំង​​មាន​ការ​ដឹក​ជញ្ជូន​ឥត​គិត​លុយ​ទៀត។

តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង មាន​ក្រុមហ៊ុន​ជប៉ុន និង​ក្រុមហ៊ុន​បរទេស​ជាច្រើន​មក​បោះទុន​វិនិយោគ ហើយ​លក្ខខណ្ឌ​ការងារ ត្រូវ​គេ​បាន​សរសើរ​ថា ល្អ។

មិន​ខុស​ពី​កញ្ញា ហេង ចន្ទ​សុមាលី នោះ​ទេ កញ្ញា ពេជ្រ ថារណី កម្មការិនី HANA បាន​អះអាង​ដែរ​ថា ខ្ញុំ​ទទួល​ស្គាល់​ថា ធ្វើការ​នៅ​ស្រុក​គេ ដូចជា កូរ៉េ ថៃ ម៉ាឡេស៊ី ទទួល​បាន​ប្រាក់​ខែ​ច្រើន ប៉ុន្តែ ត្រូវ​គិត​ថា ការ​ចាយ​វាយ​នៅ​ស្រុក​គេ​មិន​ដូច​នៅ​ស្រុក​ខ្មែរ​យើង​ទេ អ្វីៗ​សុទ្ធ​តែ​ថ្លៃ ត្រូវ​បង់​ថ្លៃ​ជួល​ផ្ទះ ទឹក​ភ្លើង ហូប​ចុក​ប្រចាំ​ថ្ងៃ​ ក៏​ថ្លៃ​ដែរ។

កញ្ញា ពេជ្រ ថារណី បន្ត​យ៉ាង​ដូច្នេះ​ថា៖ «និយាយ​ទៅ បើ​តាម​ខ្ញុំ មិន​បាច់​ចេញ​ទៅ​ស្រុក​គេ​ទេ គឺ​ថា​ល្មមៗ ធ្វើការ​នៅ​ក្នុង​ស្រុក​យើង​សុវត្ថិភាព​ល្អ​បំផុត ធ្វើការ​នៅ​ស្រុក​គេ ​ត្រូវ​បែក​ឆ្ងាយ​ពី​ក្រុម​គ្រួសារ ឪពុក​ម្តាយ សាច់​​ញាតិ​បងប្អូន»។ 

មិនមែន​មាន​តែ​រោងចក្រ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​កោះកុង​មួយ​នោះ​ទេ ដែល​មាន​លក្ខខណ្ឌ​ការងារ​ល្អ ប្រាក់​ឈ្នួល​សមរម្យ រោងចក្រ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ និង​នៅ​តាម​បណ្តា​ខេត្ត​នានា​ទូទាំង​ប្រទេស​កម្ពុជា ក៏​ល្អ​ប្រសើរ​ដូច​គ្នាដែរ​។ 

ហើយ​ភាព​ល្អ​ប្រសើរ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​រោងចក្រ​កាត់ដេរ​កម្ពុជា ត្រូវ​បាន​ទទួល​ស្គាល់​ពី​អង្គការ​ពលកម្ម​អន្តរជាតិ ILO និង​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា ដែល​បាន​ធ្វើការ​ផ្សព្វ​ផ្សាយ​ឲ្យ​ដឹង​ថា លក្ខខណ្ឌ​​ការងារ​នៅ​ក្នុង​វិស័យ​​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​ភាព​កាន់​តែ​ល្អ​ប្រសើរ ដោយសារ​តែ​មាន​រោងចក្រ​ប្រមាណ ៨៥​ភាគរយ គោរព​តាម​ច្បាប់​ការងារ​ត្រឹម​ត្រូវ។

ប្រាក់​ឈ្នួល​អប្ប​បរមា​កម្មករ​រោងចក្រ​កាត់ដេរ​ទាំង​៩​ប្រទេស

យោង​តាម​របាយការណ៍​ពី​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​បង្ហាញ​ថា គិត​មក​ដល់​ត្រឹម​ខែ​មករា ដើម​ឆ្នាំ​២០១៧ ប្រាក់​ឈ្នួល​អប្ប​បរមា​កម្មករ​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា មាន​ចំនួន ១៥៣​ដុល្លារ បូករួម​នឹង​ប្រាក់​​អត្ថ​ប្រយោជន៍​ផ្សេងៗ សរុប ១៧០​ដុល្លារ។ 

ប្រាក់​ឈ្នួល​កម្មករ​កាត់​ដេរ​នៅ​កម្ពុជា ខ្ពស់​ជាង​ប្រទេស​បង់ក្លាដេស ដែល​មាន​ប្រាក់​ឈ្នួល ៦៧​ដុល្លារ ប្រទេស​ឡាវ ១១០​ដុល្លារ ភូមា ៧៩​ដុល្លារ ឥណ្ឌា ១៤៣​ដុល្លារ ស្រីលង្ការ ៦៧​ដុល្លារ ប៉ាគិស្ថាន ១៣៤​ដុល្លារ។ 

ប៉ុន្តែ ទាប​ជាង​ប្រទេស​ជិត​ខាង ដូចជា ប្រទេស​វៀតណាម ប្រាក់​ឈ្នួល​អប្ប​បរមា​កម្មករ​កាត់​ដេរ​មាន​ប្រាក់​ឈ្នួល ១៦៥​ដុល្លារ និង​ថៃ ២២៥​ដុល្លារ។

តំបន់​សេដ្ឋកិច្ច​ពិសេស Kerry WorldBridge ដែល​រំពឹង​ថា នឹង​បង្កើត​ការងារ​ធ្វើ​បាន​រាប់​ម៉ឺន​កន្លែង​ដល់​ប្រជាជន​កម្ពុជា។

មតិ​លើក​ឡើង​ពី​ក្រុម​អ្នក​ជំនាញ​ជុំវិញ​សញ្ញា​ល្អ​ក្នុង​វិស័យ​កាត់​ដេរ​កម្ពុជា

ប្រធាន​សមាគម​រោងចក្រ​កាត់​ដេរ​កម្ពុជា លោក​ឧកញ៉ា វ៉ាន់ ស៊ូអៀង បាន​មាន​ប្រសាសន៍​ថា បច្ចុប្បន្ន សម្រាប់​លក្ខខណ្ឌ​ការងារ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ មិន​មាន​អ្វី​ដែល​ជា​ការ​ព្រួយ​បារម្ភ​នោះ​ឡើយ បាន​ន័យ​ថា ក្នុង​​វិស័យ​នេះ មាន​រោងចក្រ​គោរព​ច្បាប់​ការងារ​ច្រើន បើ​ធៀប​នឹង​បណ្តា​ឆ្នាំ​មុនៗ។

លោកឧកញ៉ា វ៉ាន់ ស៊ូអៀង បាន​អះអាង​យ៉ាង​ដូច្នេះ​ថា ៖ «ខ្ញុំ​អាច​និយាយ​បាន​ថា រោងចក្រ​កាត់​ដេរ​នៅ​ប្រទេស​កម្ពុជា បាន​គោរព​លក្ខខណ្ឌ​ការងារ​ប្រមាណ ៨០​ភាគរយ តួលេខ​នេះ​ល្អ​ណាស់ គ្មាន​នរណា​ល្អ​ជាង​នេះ​​ទៀត​នោះ​ទេ»។

ជាមួយ​គ្នា​នេះ​ដែរ ឯកឧត្តម​បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សា​រដ្ឋាភិបាល​កម្ពុជា ក៏​បាន​មើល​ឃើញ​ភាព​ប្រសើរ​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​វិស័យ​មួយ​នេះ ទាំង​ប្រាក់​បៀវត្សរ៍ និង​ទាំង​លក្ខខណ្ឌ​ការងារ​ល្អ។ ឯកឧត្តម​បន្ត​ថា កម្ពុជា​មាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ​រួច​ហើយ​ក្នុង​វិស័យ​ឧស្សាហ​កម្ម​កាត់​ដេរ​នេះ ហើយ​បាន​អភិវឌ្ឍ​វិស័យ​នេះ ដល់​កម្រិត​តម្លៃ​បន្ថែម​ខ្ពស់។ ឯកឧត្តម​បញ្ជាក់​ថា កម្ពុជា​កំពុងតែ​បន្ត​បង្ហាញ​ពី​សក្តានុពល​របស់​​ខ្លួន​ក្នុង​ការ​ទាក់ទាញ​វិនិយោគិន និង​​ក៏​បាន​កំពុង​កា្លយ​ជា​កន្លែង ដែល​ត្រជាក់​សម្រាប់​វិនិយោគិន​មក​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា ផង​ដែរ។

ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​គោល​នយោបាយ​ឧស្សាហកម្ម​របស់​រាជ​រដ្ឋាភិបាល​ លោក​​ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន វើលប៊ី្រដ គ្រុប បាន​មាន​ប្រសាសន៍​ថា ដើម្បី​ជំរុញ​វិស័យ​មួយ​នេះ​ឲ្យ​កាន់​តែ​រីក​​ចម្រើន គោល​នយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥​-២០២៥ នឹង​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ ជាពិសេស ជួយ​បង្កើត​ការងារ​និង​ជំរុញ​កំណើន​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​កម្ពុជា ពី​ទាប​មក​ចំណូល​​មធ្យម​កម្រិត​ទាប​នា​ពេល​បច្ចុប្បន្ន។ 

លោក​ឧកញ៉ា សៀ ឫទ្ធី ដែល​ជា​ម្ចាស់​តំបន់​អភិវឌ្ឍន៍​សេដ្ចកិច្ច​ពិសេស ឃើរី វើលប្រ៊ីដ ផង​ដែរ​នោះ បាន​បញ្ជាក់​ទៀត​ថា គោល​នយោបាយ​ជាតិ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​ឆ្នាំ​២០១៥-​២០២៥ នឹង​កែប្រែ​និង​ធ្វើ​ទំនើប​​កម្ម​រចនា​សម្ព័ន្ធ​ឧស្សាហ​កម្ម​កម្ពុជា ពី​ឧស្សាហកម្ម​អតិពលកម្ម ទៅ​ជា​ឧស្សាហកម្ម​ផ្អែក​លើ​ជំនាញ​ត្រឹម​ឆ្នាំ​២០២៥ សំដៅ​ផ្លាល់​ប្តូរ​ពី​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ទាប ទៅ​ជា​ឧស្សាហកម្ម​ដែល​មាន​តម្លៃ​បន្ថែម​ខ្ពស់ ​ដើម្បី​លើក​កម្ពស់​ភាព​ប្រកួត​ប្រជែង និង​ផលិត​ភាព​ការងារ។

យោង​តាម​របាយការណ៍​ពី​ក្រសួង​ការងារ សហគ្រាស​គ្រឹះស្ថាន​បាន​បន្ត​កើន​ឡើង​ជា​លំដាប់ ជាក់ស្តែង ឆ្នាំ​២០១៦ សហគ្រាស​ដែល​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​មាន​ចំនួន ១ ម៉ឺន ១ពាន់ ១៦៨​គ្រឹះស្ថាន ក្នុង​នោះ ឧស្សាហកម្ម​វាយន​ភណ្ឌ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​មាន​ចំនួន ១ពាន់ ១០៧ ដែល​មាន​កម្មករ​និយោជិត​ចំនួន​ជាង១​លាន​នាក់ និង​បាន​ផ្តល់​ការងារ​ដោយ​ប្រយោល​ដល់​ប្រជាពលរដ្ឋ​ប្រមាណ ២​លាន​នាក់។ 

សម្រាប់​ការ​វិវឌ្ឍ​នៃ​ឧស្សហកម្ម​កាត់​ដេរ ដែល​មាន​កម្មករ​ប្រមាណ​ជាង ៦០​ម៉ឺន​នាក់ បាន​រួម​ចំណែក​ដល់​ប្រាក់​ខែ​កម្មករ​កាត់​ដេរ សរុប​ប្រមាណ ជា ១៦០​លាន​ដុល្លារ​ជា​រៀង​រាល់​ខែ៕

© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វៀតណាម​បញ្ជូន​និស្សិត​ទៅរៀន​នៅ​ប្រទេស​ណា​ខ្លះ?

ព័ត៌មាន
សហរដ្ឋ​អាមេរិក​នៅតែ​ជា​គោលដៅ​សិក្សា​ក្រៅ​ប្រទេស​ដ៏​ពេញ​និយម​បំផុត​ សម្រាប់​និស្សិត​វៀតណាម ក្នុង​ចំណោម​ប្រទេស​១០ នៅ​ជុំវិញ​ពិភព​លោក។

អ្នក​ជំនួញ​វ័យ​ក្មេង​ប្រាប់គន្លឹះ១0​ចំណុច​ដើម្បី​ធ្វើ​ឲ្យ​អាជីវកម្ម​បើក​ទ្វារ​បាន​យូរ

ព័ត៌មាន
ការបើក​អាជីវកម្ម​មាន​ភាព​ងាយ​ស្រួល ប៉ុន្តែ ការ​គ្រប់គ្រង​អាជីវកម្ម​ឲ្យ​បន្ត​បើក​ទ្វារ​បាន​យូរ​អង្វែង មិន​មែន​ជា​ការ​ងាយ​ស្រួល​ប៉ុន្មាន...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ