វិស័យធានារ៉ាប់រង

ក្រុមអ្នកជំនាញអះអាងថា វិស័យធានារ៉ាប់រង ជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុ


វិស័យធានារ៉ាប់រង មិនត្រឹមតែដើរតួនាទីជួយការពារហានិភ័យជូនប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងបានចូលរួមអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជាទៀតផង។ ជាក់ស្តែងនៅឆ្នាំ២០២១ វិស័យនេះ បានរួមចំណែកជាង១% នៃផលិតផលក្នុងស្រុកសរុប(GDP) របស់កម្ពុជា។ លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រង Forte បានចាត់ទុកវិស័យនេះជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុ ដ្បិតវាបានចូលរួមជួយការពារសុខភាព និងធនធានផ្សេងៗជូនក្រុមហ៊ុន និងប្រជាពលរដ្ឋ។
លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ

ជាមួយគ្នានេះ ថ្នាក់ដឹកនាំនិយ័តករធានារ៉ាប់រងកម្ពុជាជឿជាក់ថា វិស័យធានារ៉ាប់រងនឹងអាចរក្សាកំណើនបានក្នុងរង្វង់ជាង ១០%នៅឆ្នាំនេះ ព្រោះកន្លងមកទោះបីវិស័យផ្សេងៗបានរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩ តែវិស័យធានារ៉ាប់រងមិនបានប៉ះពាល់នោះទេ។

លោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ បានចាត់ទុកវិស័យធានារ៉ាប់រងជាសំណាញ់សុវត្ថិភាពសង្គមផ្នែកហិរញ្ញវត្ថុសម្រាប់ប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុនក្នុងវិស័យផ្សេងៗ។ លោកបានពន្យល់ថា ប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុន ដែលទិញសេវាធានារ៉ាប់រង នឹងទទួលបានសំណងលើការខូចខាតពីក្រុមហ៊ុនធានារ៉ាប់រងក្រោយការវាយតម្លៃពីស្ថានការណ៍ភ្លាមៗ នៅពេលពួកគេបានជួបហានិភ័យអ្វីមួយដោយចៃដន្យ។ ការលើកឡើងបែបនេះរបស់លោក យក់ ចំរើនឬទ្ធិ ធ្វើឡើងក្នុងបទសម្ភាសជាមួយអ្នកសារព័ត៌មានក្នុងពិធីដាំកូនឈើំប្រណិតចំនួន២០០ដើមរបស់ក្រុមហ៊ុនហ្វតតេ និងហ្វតតេឡាយនៅក្នុងបរិវេណវិទ្យាល័យ ជា ស៊ីម តាកែវកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។

ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជាបានគូសបញ្ជាក់ថា វិស័យធានារ៉ាប់រងគឺជាកិច្ចសន្យាមួយទិញលក់មួយដែលមានការផ្តល់នូវកញ្ចប់សំណងជូនអ្នកទិញនៅពេលពួកគេបានជួបគ្រោះថ្នាក់អ្វីមួយដោយចៃដន្យដូចជាគ្រោះថ្នាក់បុគ្គល ក្រុមហ៊ុន បញ្ហាសុខភាព គ្រោះអគ្គិភ័យ និងការខាតបង់ធនធានជាដើម។ សម្រាប់ឯកឧត្តម វិស័យធានារ៉ាប់រងមិនត្រឹមតែជួយសម្រួលបន្ទុករបស់ប្រជាពលរដ្ឋ សហគ្រាសឬក្រុមហ៊ុនដែលជួបបញ្ហាប៉ុណ្ណោះទេ ថែមទាំងរួមចំណែកជួយអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ចជាតិផងដែរ តាមរយៈការយកថវិកាដែលបានពីការទិញសេវាធានារ៉ាប់រងទៅវិនិយោគលើវិស័យផ្សេងៗដូចជាធនាគារ មូលបត្រភាគហ៊ុន និងអចលនទ្រព្យជាដើម។

ពាក់ព័ន្ធស្ថានភាពវិស័យធានារ៉ាប់រងនៅកម្ពុជា ឯកឧត្តម ប៊ូ ច័ន្ធភីរូ បានអះអាងថា ទោះបីវិស័យធានារ៉ាប់រងនៅកម្ពុជាហាក់នៅមានភាពក្មេងខ្ចី តែវិស័យនេះបានបន្តដំណើរទៅមុខយ៉ាងរឹងមាំ និងរក្សាបានកំណើនបុព្វលាភជារឿងរាល់ឆ្នាំ។ ជាក់ស្តែងក្នុងអំឡុងវិបត្តិកូវីដ-១៩ ជាងពីរឆ្នាំកន្លងមក វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែអាចឈរជើងជាមួយកំណើនបុព្វលាភ បើទោះបីវិបត្តិបានទាញទម្លាក់កំណើនក្នុងវិស័យផ្សេងៗក៏ដោយ។ ជាក់ស្តែងកាលពីឆ្នាំ២០២០ វិស័យធានារ៉ាប់រងរក្សាបានកំណើនជាង៨% និងឆ្នាំ២០២១ ជិត១០%។ ហើយនៅឆ្នាំនេះឯកឧត្តម រំពឹងថា វិស័យធានារ៉ាប់រងនៅកម្ពុជានឹងមានកំណើនក្នុងរង្វង់ជាង១០%។

ពាក់ព័ន្ធបញ្ហានេះលោក យក់ ចំរើនឬទ្ធិ ប្រធានអគ្គនាយកនៃក្រុមហ៊ុនធានារ៉ាប់រងហ្វតតេបានគូសបញ្ចាក់ថា ទោះបីស្ថិតក្នុងកាលៈទេសៈនៃវិបត្តិកូវីដ-១៩ ក្រុមហ៊ុនហ្វតតេនៅតែអាចដំណើរបានយ៉ាងរឹងមាំជាមួយនិរន្តរភាពនៃកំណើនបុព្វលាភជារៀងរាល់ឆ្នាំ។ សម្រាប់លោក យក់ ចំរើនឬទ្ធ វិស័យធានារ៉ាប់រងជាវិស័យមួយដ៏សំខាន់ ដែលបានរួមចំណែកប្រមាណជាង៧% នៃ GDP ពិភពលោក។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ប៊ូ ច័ន្ទភីរូ បច្ចុប្បន្នកម្ពុជាមានក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ក្រុមហ៊ុនធានារ៉ាប់រងទូទៅ និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចប្រមាណ៤០ ដែលកំពុងប្រតិបត្តិការក្នុងការផ្តល់ធានារ៉ាប់រងជូនប្រជាពលរដ្ឋ សហគ្រាស និងក្រុមហ៊ុនក្នុងវិស័យនានា។ នៅឆ្នាំ២០២១ កន្លងទៅទំហំបុព្វលាភក្នុងវិស័យធានារ៉ាប់រងបានកើនឡើងដល់ជាង៣៥០លានដុល្លារ ដែលស្មើនឹងប្រមាណ១,១% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។ ក្រុមហ៊ុនធានារ៉ាប់រងទាំងនេះបានផ្តល់ការងារពេញម៉ោងជូនប្រជាពលរដ្ឋបានជាង៣ពាន់៥រយនាក់ និងការងារក្រៅម៉ោងជាង១ម៉ឺននាក់។

ឯកឧត្តមបានគួសបញ្ជាក់ទៀតថា វិស័យធានារ៉ាប់រងនៅកម្ពុជាមានការកើនឡើងគួរឲ្យកត់សម្គាល់ ដោយនៅក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះមានកំណើនក្នុងរង្វង់២០% បើធៀបនឹងរយៈពេលដូចគ្នា។ ប៉ុន្តែបើធៀបនឹងប្រទេសក្នុងតំបន់ វិស័យធានារ៉ាប់រងរបស់កម្ពុជានៅមានទំហំតូចនៅឡើយទេ ដែលជាសុចនាករមួយបង្ហាញឲ្យឃើញថា ទីផ្សារធានារ៉ាប់រងរបស់កម្ពុជានៅមានសក្តានុពលរីកចម្រើនបន្ថែមទៀត៕




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាល បន្តលើកលែងពន្ធប្រចាំខែគ្រប់ប្រភេទ ចំពោះសណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ រយៈពេល៣ខែបន្ថែម

ក្រោយពីមើលឃើញ អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ នៅបន្ដរងផលប៉ះពាល់ពីវិបត្តិជំងឺរាតត្បាតកូវីដ១៩ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបន្តលើកលែងពន្ធប្រ…

វិស័យភោជនីយដ្ឋានកម្ពុជាជួបបញ្ហាប្រឈម និងឱកាសអ្វីខ្លះ អំឡុងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩?លះ អំឡុងពេលមានការរាតត្បាតខ្លាំងពីជំងឺកូវីដ១៩?

អ្នកជំនាញ នៅក្នុងវិស័យភោជនីយដ្ឋានបានអះអាងថា បើទោះជា កន្លងមក វិស័យទេសចរណ៍ ក៏ដូចជាភោជនីយដ្ឋាន មានការរងផលប៉ះពាល់ខ្លាំង ដោយសារតែវិបត្តិ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ