វិស័យធនាគារ

តើវិស័យធនាគារដើរតួនាទីសំខាន់កម្រិតណាក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច និងការរស់នៅរបស់ពលរដ្ឋ?


វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការស្ដារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ចជាតិ ជាពិសេសក្នុងដំណាក់កាលដែលកម្ពុជាកំពុងប្រឈមនឹងសម្ពាធសេដ្ឋកិច្ចពីខាងក្រៅ។ អ្នកជំនាញបានអះអាងថា វិស័យនេះមិនត្រឹមតែជាគ្រឹះទ្រទ្រង់ធុរកិច្ចឱ្យរីកចម្រើនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋ។
វិស័យធនាគារ
ដោយ

ទោះបីជាមានការបារម្ភមួយចំនួនកើតឡើងក៏ដោយ ក៏អ្នកជំនាញនៅតែលើកទឹកចិត្តឱ្យសាធារណជនបន្តជឿជាក់លើប្រព័ន្ធធនាគារកម្ពុជា ដ្បិតសុខភាពវិស័យនេះនៅតែរក្សាបាននូវភាពធន់ និងរឹងមាំ ក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់ពីធនាគារជាតិនៃកម្ពុជា។

អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប៊្រីដគ្រុប បានគូសបញ្ជាក់ថា វិស័យធនាគារ និងហិរញ្ញវត្ថុ គឺជាសសរស្ដម្ភដែលមិនអាចខ្វះបានក្នុងការគាំទ្រដល់ចរន្តសេដ្ឋកិច្ច ជាពិសេសតាមរយៈការផ្ដល់លំហូរហិរញ្ញវត្ថុដល់ការវិនិយោគ និងពាណិជ្ជកម្ម។ ម្យ៉ាងវិញទៀត វិស័យនេះបានជួយឱ្យគ្រួសារនីមួយៗមានលទ្ធភាពកែលម្អជីវភាពបានកាន់តែប្រសើរ។ អ្នកឧកញ៉ា សង្កេតឃើញថា នៅមួយរយៈចុងក្រោយ គ្រឹះស្ថានហិរញ្ញវត្ថុនៅកម្ពុជា បានវិវត្តខ្លួនយ៉ាងរហ័សក្នុងប្រព័ន្ធឌីជីថល ដែលជួយសម្រួលដល់ការធ្វើធុរកិច្ចឆ្លងដែនឱ្យកាន់តែរលូន។ ទាក់ទិននឹងភាពមិនប្រក្រតីខ្លះៗ ដែលបានកើតឡើងក្នុងគ្រឹះស្ថានមួយចំនួននាពេលថ្មីៗនេះ អ្នកឧកញ៉ា សៀ ឬទ្ធី បានផ្ដល់ភាពជឿជាក់ថា វិស័យទាំងមូលនៅតែមានស្ថិរភាព និងអំពាវនាវឱ្យពលរដ្ឋបន្តទុកចិត្តលើអាណាព្យាបាលហិរញ្ញវត្ថុ គឺធនាគារជាតិនៃកម្ពុជា ដែលជានិច្ចកាលតែងតែតាមដាន និងដោះស្រាយបញ្ហាប្រឈមនានាដោយស្មារតីទទួលខុសត្រូវ។

ជាមួយគ្នានេះលោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា មានរបាំងការពារយ៉ាងរឹងមាំ តាមរយៈបទប្បញ្ញត្តិ និងវិធានការការពារប្រាក់បញ្ញើរបស់អតិថិជន។ លោកបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាបានគ្រប់គ្រង និងត្រួតពិនិត្យដោយប្រុងប្រយ័ត្នបំផុត ដើម្បីធានាថា ប្រព័ន្ធហិរញ្ញវត្ថុមិនមានហានិភ័យ បើទោះបីជាពិភពលោកកំពុងជួបភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចក៏ដោយ។

គួរជម្រាបថា យោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ក្នុងឆ្នាំ២០២៥ ប្រព័ន្ធធនាគារកម្ពុជា នៅតែរក្សាបាននូវភាពធន់គួរឱ្យកត់សម្គាល់ ដោយទ្រព្យសកម្មសរុបមានកំណើនប្រមាណ៩,៥%។ ទោះបីជាត្រូវប្រឈមនឹងបញ្ហាឥណទានមិនដំណើរការ និងសម្ពាធពីស្ថានភាពភូមិសាស្ត្រនយោបាយសកលយ៉ាងណាក៏ដោយ ក៏កម្រិតដើមទុន និងសន្ទនីយភាពខ្ពស់បានសបញ្ជាក់ថា ទំនុកចិត្តរបស់អ្នកវិនិយោគ និងសាធារណជនមកលើប្រព័ន្ធធនាគារកម្ពុជានៅតែមានភាពរឹងមាំមិនប្រែប្រួលឡើយ៕




អត្ថបទបន្ទាប់


អបអរសាទរពិធីបើកការដ្ឋានសាងសង់ សាខាថ្មី របស់ធនាគារ ជីប ម៉ុង សាខាទី ១៦ នៅតំបន់បឹងស្នោរ ផ្លូវជាតិលេខ១

ឈរលើមូលដ្ឋានគ្រឹះដ៏រឹងមាំ និងចក្ខុវិស័យវែងឆ្ងាយ ធនាគារ ជីប ម៉ុង បន្តពង្រីកវិសាលភាពរបស់ខ្លួនតាមរយៈការបើកដ្ឋានសាងសង់សាខាថ្មី ដែលបង្ហាញពី…

កសិករដាំស្វាយចន្ទីត្អូញត្អែរពីបញ្ហាចោរកម្ម ខណៈគ្រាប់ស្វាយចន្ទីកំពុងមានហាងឆេងល្អ

​​នៅពេលរដូវប្រមូលផលស្វាយចន្ទីចូលមកដល់ កសិករមួយចំនួនបានបង្ហាញក្ដីបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាចោរកម្មដែលកំពុងកើតមាននៅក្នុងចម្ការ ហើយដើម្បីកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ