វិស័យទេសចរណ៍

តើការកក់បន្ទប់ផ្ទះសំណាក់ និងសណ្ឋាគារក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះមានស្ថានភាពបែបណា?


សន្ទុះនៃការកក់សណ្ឋាគារ និងផ្ទះសំណាក់នៅតាមខេត្តគោលដៅទេសចរណ៍សំខាន់ៗមួយចំនួននៅក្នុងអំឡុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ ពីសំណាក់ភ្ញៀវទេសចរហាក់មិនសូវមានច្រើននោះទេ បើធៀបនឹងពិធីបុណ្យចូលឆ្នាំចិននាពេលកន្លងមក។
វិស័យទេសចរណ៍
ដោយ

ជាក់ស្តែងបើតាមការអះអាងរបស់មន្រ្តី និងថ្នាក់ដឹកនាំមន្ទីរទេសចរណ៍នៅតាមខេត្តគោលដៅទេសចរណ៍មួយចំនួន គិតមកដល់ពេលនេះ ការកក់សណ្ឋាគារ និងផ្ទះសំណាក់ពីភ្ញៀវទេសចរអាចមានចន្លោះពី៤០% ទៅ៥០% ប៉ុណ្ណោះ។

ក៏ប៉ុន្តែ បើទោះជាបែបនេះក្ដី ក្រុមមន្រ្តីទេសចរណ៍ទាំងនេះរំពឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះនឹងមានភ្ញៀវទេសចរដើរកម្សាន្តច្រើន ពិសេសភ្ញៀវទេសចរផ្ទៃក្នុងដែលជាប់សែស្រឡាយចិនតែម្ដង។

លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ បានគូសបញ្ជាក់ប្រាប់សារព័ត៌មានខេមបូណូមីសថា គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ ទទួលបានការកក់សណ្ឋាគារ ផ្ទះសំណាក់ត្រឹមប្រមាណ៤០% ទៅ ៥០% ប៉ុណ្ណោះ។

បើតាមប្រធានមន្ទីរទេសចរណ៍រូបនេះ ទោះបីចរន្តទេសចរបរទេសចូលមកកម្សាន្តនៅខេត្តព្រះសីហនុបច្ចុប្បន្នហាក់មានការកើនឡើងបើធៀបទៅនឹងអំឡុងពេលមានការរីករាលដាលនៃជំងឺកូវីដ-១៩ ប៉ុន្តែចំនួននេះហាក់នៅមានកម្រិតនៅឡើយ។ ជាការកត់សម្គាល់របស់ប្រធានមន្ទីរទេសចរណ៍រូបនេះ ភ្ញៀវទេសចរអន្តរជាតិចូលមកកម្សាន្តនៅខេត្តជាប់មាត់សមុទ្រនេះភាគច្រើនតាមផ្លូវទឹក ខណៈតាមផ្លូវអាកាសនៅមានចំនួនតិចតួចនៅឡើយ។

កត្តានេះធ្វើឱ្យលោក មិនទាន់អាចសន្និដ្ឋានបាននៅឡើយទេថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះ ខេត្តព្រះសីហនុនឹងអាចទទួលបានភ្ញៀវទេសចរបរទេសបន្ថែម ឬយ៉ាងណានោះទេ។

​ដោយឡែក លោក សោម ចិន្ថា ប្រធានមន្ទីរទេសចរណ៍ ខេត្តកែប រំពឹងថា នឹងមានភ្ញៀវទេសចរច្រើនធ្វើដំណើរកម្សាន្តមកកាន់ខេត្តកែបនាពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ ក្រោយខេត្តនេះទទួលបានភ្ញៀវទេសចរមកកម្សាន្តរៀងរាល់សប្តាហ៍ប្រមាណ១ម៉ឺននាក់ក្នុងមួយសប្តាហ៍។

លើសពីនេះ បច្ចុប្បន្ន រដ្ឋបាល​ខេត្តកែប បានជួសជុល និងកែលម្អនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដែលជាគោលដៅទេសចរណ៍ទាំងផ្លូវថ្នល់ និងតំបន់រមណីយដ្ឋាននានា ដែលកាន់តែអាចស្រូបទាញភ្ញៀវទេសចរបន្ថែមឲ្យមកកម្សាន្តនៅក្នុងខេត្តមួយនេះ។ ពាក់ព័ន្ធស្ថានភាពការកក់សណ្ឋាគារ និងផ្ទះសំណាក់ ពីភ្ញៀវទេសចរក្នុងខេត្តកែបវិញ ត្រូវបានលោក សោម ចិន្ថា អះអាងថា ខេត្តទទួលបានការកក់ប្រមាណពី៦០% ទៅ៧០%ហើយ។

​យ៉ាងណាក៏ដោយឯកឧត្តម តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍កត់សម្គាល់ឃើញថា ជារៀងរាល់ឆ្នាំនាឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន កម្ពុជាតែងតែមានភ្ញៀវទេសចរជាតិ និងអន្តរជាតិដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋានានា ដែលកត្តានេះធ្វើឱ្យឯកឧត្តមរំពឹងថា ឆ្នាំនេះនឹងមានភ្ញៀវទេសចរចេញដើរលេងកម្សាន្តច្រើននៅក្នុងពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ។

សម្រាប់ឯកឧត្តម ទោះបីពិធីបុណ្យចូលឆ្នាំចិន មិនមែនជាប្រពៃណីរបស់កម្ពុជា ប៉ុន្តែបច្ចុប្បន្នពិធីបុណ្យនេះបានក្លាយជាប្រពៃណីមួយទៅហើយសម្រាប់ពលរដ្ឋខ្មែរ ដែលជាប់សែស្រឡាយចិន។ យ៉ាងណាមិញមន្រ្តីជាន់ខ្ពស់រូបនេះរំពឹងថា ពិធីបុណ្យចូលឆ្នាំចិនឆ្នាំនេះ នឹងចូលរួចចំណែកជួយស្ដារ និងលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជាឲ្យកាន់តែប្រសើរ ពិសេសនឹងចូលរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចរបស់កម្ពុជាតែម្តង។

​សូមបញ្ជាក់ថា នៅរយៈពេលពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានទេសចរបរទេសចំនួនជាង៥លាន៤សែននាក់ កើនឡើងជិត១៤០% បើធៀបទៅនឹងឆ្នាំ២០២២ ខណៈចំនួនប្រជាពលរដ្ឋកម្ពុជាដែលចេញក្រៅប្រទេសមានជាង១លាន៨សែននាក់។ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិទាំងនេះ ភ្ញៀវទេសចរមកពីប្រទេសថៃស្ថិតក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេដោយមានជាង១លាន៨សែននាក់, ទេសចរវៀតណាមមានជាង១លាននាក់ និងទេសចរចិនជាង៥៤ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា-ថៃ ឯកភាពគ្នាបង្កើតតំបន់សេដ្ឋកិច្ចពិសេសបំពេញបន្ថែមគ្នា ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី

ព័ត៌មាន
ដំណើរបំពេញទស្សនកិច្ចផ្លូវការរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ទៅកាន់ប្រទេសថៃ ដែលទើបបញ្ចប់ថ្មីៗ ទទួលបានលទ្ធផលផ្លែផ្កាគួរ…

អ្នកដាំស្វាយកំពុងប្រឈមនឹងការខាត ក្រោយស្វាយកែវរមៀតធ្លាក់ថ្លៃដល់៤០០រៀលក្នុង១គីឡូក្រាម

ព័ត៌មាន
ចូលមកដល់អំឡុងខែកុម្ភៈ ឆ្នាំ២០២៤នេះ យើងសង្កេតឃើញថា តម្លៃផ្លែស្វាយកែវរមៀត បានចាប់ផ្ដើមធ្លាក់ថ្លៃជាបណ្ដើរៗ ដោយសារក្រុមឈ្មួញចុះប្រមូលទិញឱ្យតម្ល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ