ការនាំចេញអង្ករកម្ពុជា

កម្ពុជារំពឹងសម្រេចបានគោលដៅនាំចេញអង្ករ៨០ម៉ឺនតោនរបស់កម្ពុជានៅឆ្នាំនេះ ទោះទីផ្សារពិភពលោកកំពុងមិនច្បាស់លាស់


ទោះបីជា ស្ថានភាពទីផ្សារពិភពលោកកំពុងស្ថិតក្នុងភាពមិនច្បាស់លាស់យ៉ាងណាក្ដី ប៉ុន្ដែ សហព័ន្ធស្រូវអង្ករកម្ពុជា អះអាងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិនឹងសម្រេចបានដល់ ៨០ម៉ឺនតោននៅឆ្នាំ២០២២ ទៅតាមផែនការដែលកំណត់។ ជាក់ស្ដែង នៅ៩ខែឆ្នាំ២០២២ កម្ពុជាសម្រេចបានការនាំចេញអង្ករជាង ៤៥ម៉ឺនតោន ជាមួយនឹងប្រាក់ចំណូលប្រមាណជាង ២៨៦លានដុល្លារ កើនឡើង១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុននេះ។
កម្ពុជារំពឹងសម្រេចបានគោលដៅនាំចេញអង្ករ៨០ម៉ឺនតោនរបស់កម្ពុជានៅឆ្នាំនេះ ទោះទីផ្សារពិភពលោកកំពុងមិនច្បាស់លាស់

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករ កម្ពុជា នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២ កម្ពុជា ទទួលបានចំណូលសរុបប្រមាណ ៨៥០លានដុល្លារអាមេរិក ពីការនាំចេញស្រូវ និងអង្ករទៅកាន់ទីផ្សារអន្តរជាតិ។ ក្នុងនោះ កម្ពុជា បាននាំចេញអង្ករគ្រប់ប្រភេទប្រមាណ ៤៥ម៉ឺនតោន និងទទួលបានចំណូលជិត ២៨៦លានដុល្លារអាមេរិក មានការកើនឡើង ១០% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។

ជុំវិញស្ថានភាពវិស័យស្រូវ-អង្ករ កម្ពុជា នាពេលបច្ចុប្បន្ន ត្រូវបានលោក លន់ យ៉េង អគ្គលេខាធិការនៃសហព័ន្ធស្រូវ-អង្ករ កម្ពុជា យល់ឃើញថា នៅតែមានភាពល្អប្រសើរ។ លោកអះអាងថា ទោះបីជា ស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ និងការកើនឡើងនៃអតិផរណារបស់ពិភពលោកក្ដី កម្ពុជា នៅតែអាចនាំចេញអង្ករ ទៅកាន់ទីផ្សារអន្តរជាតិ និងអាចរក្សាបាននូវកំណើនចំនួន១០% ទៀតផង។ យ៉ាងណាក៏ដោយ អគ្គលេខាធិការសហព័ន្ធស្រូវ-អង្ករកម្ពុជា រូបនេះ នៅតែបង្ហាញក្ដីរំពឹងថា កម្ពុជានឹងសម្រេចបាន ១០០% តាមផែនការ ក្នុងការនាំចេញអង្ករ ៨០ម៉ឺនតោន នៅឆ្នាំ២០២២នេះ។

លោកបន្តថា សម្រាប់ឆ្នាំ ២០២៣ ខាងមុខ សហព័ន្ធស្រូវ-អង្ករកម្ពុជា សង្ឈឹមថា ការនាំចេញអង្ករកម្ពុជា នឹងមានកំណើនបន្ថែមទៀត តាមរយៈការនាំចេញទៅកាន់សហគមន៍អឺរ៉ុប និងប្រទេសចិន។ ក៏ប៉ុន្តែ បើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវ-អង្ករ នៅរយៈពេល ៩ខែ ក្នុងឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជា ទៅទីផ្សារប្រទេសចិន មានកំណើនតែ១% ប៉ុណ្ណោះ បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលមានបរិមាណជិត ២០ម៉ឺនតោន។

បើតាមលោក លន់ យ៉េង បើទោះជាស្ថានភាពការនាំចេញអង្ករ នៅមានភាពរឹងមាំ ក៏ដោយចុះ តែភាពមិនច្បាស់លាស់របស់ពិភពលោក ដែលបណ្ដាលមកពីវិបត្តិជំងឺកូវីដ១៩ និងសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ក៏បានជិះឥទ្ធិពលខ្លះៗ ដែរ ដល់ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ពិសេស ការកើនឡើងនូវអតិផរណា នាពេលបច្ចុប្បន្ន។ ការណ៍នេះ ក៏បានជំរុញឲ្យការលក់អង្ករក្រអូបប្រណិតរបស់កម្ពុជា មានការធ្លាក់ចុះបន្តិច តែការនាំចេញអង្ករស ក៏មានកំណើនបន្តិចវិញ ព្រោះតម្លៃអង្ករស មានភាពធូរថ្លៃជាងអង្ករប្រណិត។

សូមបញ្ជាក់ថា ក្នុងចំណោមការនាំចេញអង្ករជាង ៤៥ម៉ឺនតោននៅ៩ខែឆ្នាំនេះ ប្រទេសចិន នៅតែជាទីផ្សារសម្រាប់ការនាំចេញអង្កររបស់កម្ពុជា ដែលមានចំណែកទីផ្សារ ៤៤% បន្ទាប់មកគឺប្រទេសបារាំងជាង១៤%, ប្រទេម៉ាឡេស៊ីជាង៥%, ប្រទេសហូឡង់ ជាង៤% និងប្រទេសអ៊ីតាលី ជាង២% និងប្រទេសផ្សេងៗទៀត៕




អត្ថបទបន្ទាប់


វៀតណាមប្រឈមវិបត្តិខ្វះប្រេងឥន្ធនៈជាថ្មី ខណៈស្ថានីយ៍ប្រេងឥន្ធនៈចំនួន៥៤កន្លែងនៅទីក្រុងហូជីមិញត្រូវបានបិទទ្វារ

ព័ត៌មាន
បញ្ហាខ្វះខាតប្រេងឥន្ធនៈនៅប្រទេសវៀតណាមសម្រាប់ការប្រើប្រាស់ក្នុងស្រុក បានចាប់ផ្ដើមជួបបញ្ហាមកអស់រយៈពេលជាច្រើនខែមកហើយ ដោយសារតែការផលិត និងផ្គត់…

របបទីក្រុងព្យុងយ៉ាង៖ ការបាញ់សាកល្បងមីស៊ីលជាបន្តបន្ទាប់ គឺជាបង្ហាញពីលក្ខណៈសមយុទ្ធនុយក្លេអែរបាញ់ស្រោចលើកូរ៉េខាងត្បូង

ព័ត៌មាន
តាមទីភ្នាក់ងារសារព័ត៌រដ្ឋកូរ៉េខាងជើង KCNA បានឲ្យដឹងកាលពីថ្ងៃចន្ទ ទី១០ តុលា ថា ការសាកល្បងមីស៊ីលនាពេលថ្មីៗចុងក្រោយនេះរបស់ប្រទេសកូរ៉េខាង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ