
ជាការសងសឹកវិញ ភ្លាមៗប្រទេសអ៊ីស្រាអែល បានបើកការវាយប្រហារតបតវិញយ៉ាងចាស់ដៃ ដោយបានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ ២៣០នាក់ផងដែរ នៅតំបន់ហ្គាហ្សា ដែលជាតំបន់លាក់ខ្លួនរបស់ក្រុម Hamas ហើយការវាយប្រហារនេះ បានបន្ដដល់យប់ថ្ងៃទី ៩ខែតុលា។ នេះបើតាមសេចក្ដីរាយការណ៍ដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu បានប្រកាសថា នឹងសងសឹកយ៉ាងខ្លាំងក្លាបំបផុតទៅលើក្រុម Hamas ចំពោះការវាយប្រហារមកលើទីក្រុងអ៊ីស្រាអែលនាពេលនេះ។
លោក Netanyahu បាននិយាយថា «ក្រុមហាម៉ាសបានចាប់ផ្តើមសង្រ្គាមដ៏ឃោរឃៅ និងអាក្រក់បំផុត។ យើងនឹងឈ្នះសង្រ្គាមនេះ ប៉ុន្តែត្រូវមានការលះបង់នូវតម្លៃដ៏ធំធេងដែរ" ។ លោកបន្ថែមថា «ក្រុមហាម៉ាស់ចង់សម្លាប់ពួកយើងទាំងអស់គ្នា។ ពួកគេទាំងនេះ គឺជាសត្រូវដែលសម្លាប់ម្តាយ និងកូនក្មេងដែលកំពុងតែដេកនៅលើគ្រែ។ និងជាសត្រូវ ដែលចាប់ពង្រត់មនុស្សចាស់ កុមារ និងក្មេងស្រីជំទង់ជាដើម»។

ក្រោយមានការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនេះ មជ្ឈដ្ឋានពិភពលោក ក៏ដូចជាប្រទេសមហាអំណាចធំៗក៏បានចេញមកប្រតិកម្មខ្លាំងផងដែរ។ តួយ៉ាង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្ល៊ីងខេន បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍ថា «វាគ្មានហេតុផលអ្វីសម្រាប់អំពើភេរវកម្មនោះទេ។ យើងឈរក្នុងសាមគ្គីភាពជាមួយរដ្ឋាភិបាល និងប្រជាជនអ៊ីស្រាអែល ហើយសូមចូលរួមរំលែកទុក្ខចំពោះពលរដ្ឋអ៊ីស្រាអែល ដែលបាត់បង់ជីវិត នៅក្នុងហេតុការណ៍នេះ។ ជាមួយគ្នានេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន នៅថ្ងៃទី៩ ខែតុលា ក៏បានប្រកាសនឹងផ្ដល់ឲ្យអ៊ីស្រាអែល គ្រប់មធ្យោបាយគាំទ្រទាំងអស់ ហើយបានព្រមានថា ភាគីណាមួយដែលមានអរិយភាពជាមួយអ៊ីស្រាអែល កុំចង់ស្វែងរកផលប្រយោជន៍ពីហេតុការណ៍នេះឲ្យសោះ។

មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់បាននិយាយថា មន្ត្រីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងសម្របសម្រួលអំពីតម្រូវការយោធារបស់អ៊ីស្រាអែល បន្ទាប់ពីមានការវាយប្រហារនេះ ជាមួយនឹងការសម្រេចចិត្ត ដែលរំពឹងទុកថានឹងមានក្នុងពេលឆាប់ៗនេះ។
ដោយឡែក អង្គការសហប្រជាជាតិឯណោះវិញ បានលើកឡើងថា «នេះគឺជាមាត់ជ្រោះនៃគ្រោះថ្នាក់ ហើយក៏បានអំពាវនាវដល់គ្រប់ភាគីទាំងអស់ឲ្យដកថយចេញពីស្ថានការណ៍ដ៏គ្រោះថ្នាក់នេះ។» នេះបើតាមសម្ដីរបស់ ប្រសិតពិសេសសន្តិភាពមជ្ឈិមបូព៌ារបស់អង្គការសហប្រជាជាតិលោក Tor Wennesland។ ជាមួយគ្នានេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Tuerk មានប្រសាសន៍ថា៖ «ការវាយប្រហារនេះកំពុងមានផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាចដល់ជនស៊ីវិលអ៊ីស្រាអែល... ជនស៊ីវិលមិនត្រូវជាគោលដៅនៃការវាយប្រហារនោះទេ។»

ក្រៅពីនេះ ក៏មានប្រទេសធំៗជាច្រើនទៀត ដូចជាបារាំង អង់គ្លេស អាល្លឺម៉ង់ កាណាដា ជប៉ុន អារ៉ាប៊ីសាអូឌីត ក៏បានចេញសាររំលែកទុក្ខ ដោយក្នុងនោះប្រទេសខ្លះបានអំពាវនាវឲ្យមានការបញ្ឈប់អំពើហិង្សា និងខ្លះទៀតក៏បានបង្ហាញពីការគាំទ្រចំពោះរដ្ឋាភិបាលអ៊ីស្រាអែលផងដែរ។
ដោយឡែក ប្រធានាធិបតីប៉ាឡេស៊ី លោក Mahmoud Abbas វិញ បានថ្លែងថា ជនជាតិប៉ាឡេស៊ី មានសិទ្ធិក្នុងការការពារខ្លួន ប្រឆាំងនឹងពួកភេរវករ ដែលតាំងលំនៅ និងទាហាកាន់កាប់នៅក្នុងតំបន់។ រីឯ ប្រទេសអ៊ីរ៉ង់វិញបានបញ្ជាក់ពីគោលជំហររបស់ខ្លួនថា នឹងឈរនៅក្បែរយុទ្ធជនប៉ាឡេស៊ីន រហូតដល់មានការរំដោះប៉ាឡេស្ទីន និងក្រុងហេរុយសាឡឹម។

