ជាក់ស្ដែង តាមការកត់សម្គាល់របស់នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការលក់រថយន្តលក្ខណៈគ្រួសារ មានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។ ក្នុងនោះ រថយន្តថ្មីកើនឡើងជាង ៥០% ដោយឡែករថយន្តជជុះបានកើនឡើង ១៥% ប៉ុណ្ណោះ។
លោក សឿន ដារ៉ា នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា បានកត់សម្គាល់ឃើញថា វិស័យ យាន យាន្ត នៅកម្ពុជា នាពេលបច្ចុប្បន្ន កាន់តែមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ពិសេសសន្ទុះនៃការប្រើប្រាស់រថយន្តថ្មីៗ តែម្ដង។
លោកបន្ថែមថា ចាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ប្រកាសបើកប្រទេសឡើងវិញ វិស័យយាន្តយន្តនៅកម្ពុជា ក៏ចាប់ផ្ដើមមានសកម្មភាពឡើងវិញផងដែរ ពិសេសនៅត្រីមាសទី១ ឆ្នាំ២០២២នេះ។ បើទោះបី បច្ចុប្បន្ន ពិភពលោកទាំងមូល រួមទាំងកម្ពុជា បានជួបនូវវិបត្តិប្រេងសាំងឡើងថ្លៃ ដោយសារឥទ្ធិពលនៃសង្រ្គាមរវាងរុស្សី-អ៊ុយក្រែន ក៏ប៉ុន្តែ វិស័យយានយន្តនៅកម្ពុជា ហាក់មិនទាន់មានចោទជាបញ្ហានៅឡើយទេ។ មិនទាន់មានបញ្ហា ក៏ព្រោះតែបញ្ហាសង្រ្គាមមិនទាន់មានការអូសបន្លាយរយៈពេលយូរខ្លាំងនៅឡើយទេ ចំណែកតម្លៃប្រេងវិញក៏មាននិន្នាការថយចុះជាបណ្ដើរវិញដែរ។
បន្ថែមពីនេះ នាយកប្រតិបត្តិសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជារូបនេះ ក៏បានគូសបញ្ជាក់ដែរថា បើទោះជា សាកលលោកកំពុងជួបនូវវិបត្តិប្រេងសាំងឡើងថ្លៃ ប៉ុន្ដែបញ្ហានេះ ក៏មិនទាន់ប៉ះពាល់ខ្លាំងដល់សកម្មភាព និងតម្លៃនៃការនាំចូលរថយន្តមកកម្ពុជាដែរ។
ទោះយ៉ាងណា លោក សឿន ដារ៉ា កត់សម្គាល់ឃើញថា ដ្បិតការនាំចូលរថយន្តថ្មីមិនបានជួបបញ្ហា ក៏ពិតមែន ប៉ុន្ដែសកម្មភាពនៃការនាំចូលរថយន្តជជុះហាក់ថយចុះខ្លាំង។ ជាក់ស្ដែង នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ការលក់រថយន្តលក្ខណៈគ្រួសារ មានការកើនឡើងប្រមាណ ៣០% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២១។ ក្នុងនោះ រថយន្តថ្មីកើនឡើងជាង ៥០% ដោយឡែករថយន្តជជុះបានកើនឡើង ១៥% ប៉ុណ្ណោះ។
សូមបញ្ជាក់ថា វិស័យយានយន្ដបានបានរួមចំណែកធំមួយសម្រាប់ចំណូលថវិកាជាតិ។ ជាក់ស្ដែង គិតត្រឹមត្រីមាសទី១នៅឆ្នាំ២០២២ ចំណូលពន្ធគយដែលប្រមូលបានពីវិស័យយានយន្ត និងគ្រឿងចក្រមានជាង ២៤៤លានដុល្លារ គឺស្មើនឹងជាង៤២% នៃចំណូលគយសរុបជិត៦០០លានដុល្លារ។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕