ថ្លែងក្នុងកម្មវិធីពិសេសស្ដីពីសវនកម្ម និងការតវ៉ាលើការកំណត់ពន្ធឡើងវិញ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានកត់សម្គាល់ឃើញថា តាមរយៈការធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារ បានធ្វើឲ្យការប្រមូលចំណូលពន្ធអាករ កាន់តែប្រសើរឡើង ជាពិសេស បើទោះជាពិភពលោក រួមទាំងកម្ពុជា បានជួបនូវបញ្ហាប្រឈមជាបន្តបន្ទាប់ក្ដី។ ជាក់ស្ដែង គិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលចំណូលពន្ធផ្ទៃក្នុង ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបាន ១១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ បើតាមឯកឧត្តម គង់ វិបុល បច្ចុប្បន្ន មានធនាគារចំនួន៧ ដែលបានចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ក្នុងការប្រមូលចំណូលពន្ធតាមប្រព័ន្ធអេឡិចត្រូនិច ដោយក្នុងនោះ រួមមានទាំង ធនាគារអេស៊ីលីដា ភីអិលស៊ី ដែលជាធនាគារពាណិជ្ជធំជាងគេនៅកម្ពុជាផងដែរ។
អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ចំណូលសរុបដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ មានរហូតជាង ៩៩% ទៅហើយ ដែលរដ្ឋបាលសារពើពន្ធបានប្រមូលតាមរយៈធនាគារ ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិច។ ខណៈកន្លងមក ការប្រមូលចំណូលរបស់មន្រ្តីពន្ធដារ មានការលំបាក និងត្រូវប្រើរយៈពេលយូរ ដើម្បីរាប់ចំណូលពន្ធដែលត្រូវប្រមូល តែឥឡូវមិនមានលុយត្រូវរាប់ទៀតនោះទេ ព្រោះអ្នកជាប់ពន្ធបង់ពន្ធតាមធនាគារ និង E-payment ជាដើម។
លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា ធនាគារ អេស៊ីលីដា បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ទៅតាមគោលនយោបាយប្រមូលប្រាក់ពន្ធរបស់រាជរដ្ឋាភិបាល។ លោកស្រីបន្តថា កត្តាដែលជំរុញឲ្យធនាគារ អេស៊ីលីដា ចូលរួមជាមួយអគ្គនាយកដ្ឋានពន្ធដារ ការប្រមូលពន្ធតាមរយៈ E-Payment ជាការផ្លាស់ប្តូរបរិបទបច្ចេកទេស ដើម្បីឲ្យការប្រមូលពន្ធមានលក្ខណៈឌីជីថល មានភាពងាយស្រួល ជួយសម្រួលដល់អ្នកជាប់ពន្ធ ដែលអាចធ្វើប្រតិបត្តិការបង់ពន្ធដោយខ្លួនឯងបាន។ បច្ចុប្បន្ន ការចុះឈ្មោះ ការប្រកាសពន្ធផ្សេងៗ អ្នកជាប់ពន្ធអាចធ្វើប្រតិបត្តិការតាម online និងមានភាពងាយស្រួល និងរហ័សទាន់ចិត្ត។ នេះជាការបញ្ជាក់របស់លោកស្រី ម៉ា អមរ៉ា អនុប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ដោយលោកស្រីបន្ថែមថា ការប្រមូលប្រាក់ពន្ធ តាមរយៈ E-Payment មានប្រសិទ្ធភាពលឿន ចំណេញពេលវេលា និងកាត់បន្ថយនូវចំណាយធ្វើដំណើរផ្សេងៗ ជាពិសេសអ្នកជាប់ពន្ធអាចធ្វើការទូទាត់ប្រាក់ពន្ធបាននៅគ្រប់ទីកន្លែង និងអាចទទួលបាននូវចំណេះដឹងថ្មីៗ ក្លាយជាមនុស្សទាន់សម័យ ព្រមទាំងអាចរួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិផងដែរ។ ស្របពេលជាមួយគ្នានេះ អតិថិជនមានឱកាសប្រើប្រាស់ផលិតផល និងសេវាផ្សេងៗ ទៀតរបស់ធនាគារក្នុងពេលដំណាលគ្នា ដែលផ្តល់ភាពងាយស្រួល រហ័សទាន់ចិត្ត និងមានសុវត្ថិភាពខ្ពស់ ក្នុងការធ្វើប្រតិបត្តិការសេវា។
ជុំវិញការប្រមូលចំណូលតាមប្រព័ន្ធអេឡិចត្រូនិចនេះដែរត្រូវបានឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បង្ហាញនូវគំនិតសុទិដ្ឋិនិយមថា តាមរយៈ ការធ្វើកំណែទម្រង់ និងទំនើបកម្មពន្ធដារ នឹងកាន់តែជំរុញបន្ថែមដល់កិច្ចការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារឲ្យសម្រេចបាននូវលទ្ធផលល្អប្រសើរ។ ជាក់ស្ដែង បើគិតត្រឹមថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ការប្រមូលចំណូលពន្ធផ្ទៃក្នុង ដែលប្រមូលដោយអគ្គនាយកដ្ឋានពន្ធដារ សម្រេចបានប្រមាណជិត ៣ពាន់លានដុល្លារ ឬស្មើនឹង ១១០% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ដែលបង្ហាញដោយ ឯកឧត្តម គង់ វិបុល៕