ប្រជាជនរាប់លាននាក់នៅទូទាំងអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ត្រូវបានគេរាយការណ៍ថា បាននិងកំពុងបន្តរស់នៅក្រោមការគំរាមកំហែងដោយរលកកម្តៅដ៏ក្តៅនៅសប្តាហ៍ចុងក្រោយនៃខែមេសា ឆ្នាំ២០២៤។ សារព័ត៌មានបរទេសបានរាយការណ៍ថា កម្តៅក្តៅខ្លាំងបានបង្ខំឱ្យសាលារៀនទូទាំងប្រទេសបង់ក្លាដែស និងហ្វីលីពីន ត្រូវផ្អាកការសិក្សាជាបណ្តោះអាសន្ន ហើយបានជំរុញឱ្យរដ្ឋាភិបាលចេញការព្រមានពីការកើនឡើងកម្តៅ។
សម្រាប់ប្រទេសថៃ ឯណោះវិញ កាលពីសប្តាហ៍មុនបានចេញការព្រមានថ្មី បន្ទាប់ពីសន្ទស្សន៍កម្ដៅក្នុងទីក្រុងបាងកក ឡើងដល់៥២អង្សាសេ ស្របពេលដែលរដ្ឋាភិបាលថៃ បាននិយាយថា ជំងឺដាច់សរសៃឈាមក្នុងខ្លួនបានសម្លាប់មនុស្សយ៉ាងតិច៣០នាក់រួចទៅហើយនៅឆ្នាំនេះ។ ក្រៅពីបញ្ហាសុខភាព ខាងនាយកដ្ឋានឧតុនិយមថៃ បានអះអាងថា ប្រសិនបើសីតុណ្ហភាពបន្តឡើងថែមទៀត នោះវានឹងប៉ះពាល់ដល់ផលិតកម្មកសិកម្មអាហារ ដូច្នេះវានឹងជះឥទ្ធិពលបន្ថែមទៀតដល់ប្រទេស និងជីវភាពរបស់ពលរដ្ឋថៃ។
ពាក់ព័ន្ធនឹងសេចក្តីរាយការណ៍នេះ អង្គការសហប្រជាជាតិបាននិយាយនៅសប្តាហ៍នេះថា អាស៊ីអគ្នេយ៍ និងអាស៊ីខាងត្បូង គឺជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារគ្រោះទឹកជំនន់ និងព្យុះកាលពីឆ្នាំ២០២៣ ប៉ុន្តែនៅក្នុងឆ្នាំនេះ គឺត្រូវរងនឹងបញ្ហាមួយទៀត គឺរលកកម្តៅ ដែលជាមូលហេតុចម្បងនៃការស្លាប់ និងការខាតបង់សេដ្ឋកិច្ច។
នៅក្នុងប្រវត្តិ៣០០ឆ្នាំកន្លងមកនេះ គ្រោះនៃការកើនឡើងកម្តៅនៅក្នុងឆ្នាំ២០២៤នេះ គឺជាគ្រោះលើកទី៦ហើយ ខណៈដែលមានសេចក្តីរាយការណ៍ថា ប្រភពទឹក និងទំនប់មួយចំនួនមានការរីងស្ងួត។
ដោយឡែកនៅហ្វីលីពីនឯណោះវិញ កម្តៅបានហក់ឡើងដល់កម្រិត៥០អង្សាសេ ដែលបានឱ្យមានការរលាកស្បែក និងបញ្ហាសុខភាពមួយចំនួន ស្របពេលដែលរដ្ឋាភិបាលបានប្រកាសឲ្យកូនស្រិសជិត៤លាននាក់ សម្រាករៀននៅផ្ទះ ក្រោយរលកកម្តៅត្រូវបានគេព្យាករថា នឹងបន្តកើនឡើងថែមទៀតរហូតដល់៥២អង្សាសេ៕
ដោយៈ សរ សុជាតិ