អ្នកដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រនេះមានឈ្មោះ ខេង ឆៃយុទ្ធ ជាអាកាសយានិក ត្រូវបានក្រុមជួយសង្គ្រោះរកឃើញសាកសពនៅទីតាំងកើតហេតុ នៅរសៀលកាលពីថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលម្នាក់ទៀត ឈ្មោះ ស៊ុន ផល្លា ជាប្រធានក្រុម ត្រូវបានរកឃើញសាកសពនៅចម្ងាយពីទីតាំងកើតហេតុប្រមាណជាង ២០០ម៉ែត្រ កាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៤។
ឧទ្ធម្ភាគចក្រនេះ ត្រូវបានប្រទះឃើញនៅចំណុចលើខ្នងភ្នំយ៉ាវយ៉ៃ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ការចំណាយពេលអស់ជាច្រើនថ្ងៃ ទម្រាំរកឃើញយន្ដហោះនេះ ដោយសារតែបញ្ហាអាកាសធាតុមានភ្លៀងធ្លាក់ខ្លាំង និងភូមិសាស្ត្រព្រៃក្រាស់ពិបាកក្នុងការធ្វើដំណើររុករក។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិ មធ្យោបាយក្នុងការរុករករួមមាន ឧត្ថម្ភាគចក្រ ដ្រូន កងទ័ពថ្មើរជើងមកពីខាងកងទ័ពជើងអាកាស កងទ័ពជើងគោក កងទ័ពជើងពិសេសជាដើម សរុបមានជាង១,០០០នាក់ និងការផ្ដល់សញ្ញាតាមប្រព័ន្ធផ្កាយរណបជាដើម។
ឧទ្ធម្ភាគចក្រយោធា Z9 បានបាត់ដំណឹងតាំងពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ខណៈពេលកំពុងហ្វឹកហ្វឺន នៅតំបន់ជួរភ្នំក្រវាញ ខេត្តពោធិ៍សាត់។