លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព យល់ឃើញថា ស្ថិតក្នុងស្ថានភាពដែលស្រូវកំពុងធ្លាក់ថ្លៃ រដ្ឋាភិបាលគួរពន្យល់ពលរដ្ឋឱ្យបានច្បាស់លាស់ បើពុំដូច្នេះទេ ពលរដ្ឋនឹងមើលមិនឃើញពីដំណោះស្រាយរបស់រដ្ឋាភិបាល ដែលបានដាក់ចេញនោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះយល់ឃើញថា ការទម្លាក់ថវិការបស់រដ្ឋាភិបាល ចំនួន៣០លានដុល្លារ ដើម្បីអន្តរាគមន៍លើបញ្ហាស្រូវធ្លាក់ថ្លៃទំនងជាមិនអាចស្រោចស្រង់លើតម្លៃស្រូវដែលកំពុងធ្លាក់ចុះបានគ្រប់គ្រាន់នោះទេ ប៉ុន្តែការអន្តរាគមន៍នេះ បានជួយមួយចំណែកដល់កសិករ។ ពាក់ព័ន្ធការធ្លាក់ចុះតម្លៃស្រូវរៀងរាល់រដូវប្រមូលផល លោក យង់ គិមអេង ស្នើឱ្យរាជរដ្ឋាភិបាលគួរត្រៀមវិធានការចាំបាច់នានា នៅឆ្នាំក្រោយៗទៀត ដូចជាត្រៀមរកទីផ្សារបន្ថែមសម្រាប់ការនាំចេញ ត្រៀមទប់ទល់នឹងការបង្ខូចថ្លៃណាមួយ ដែលអាចកើតឡើង និងការត្រៀមថវិកាដើម្បីធ្វើអន្តរាគមន៍ជាដើម។
ពាក់ព័ន្ធនឹងការទម្លាក់ថវិកាអន្តរាគមន៍របស់រដ្ឋាភិបាលនេះដែរ ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានគូសបញ្ជាក់ថា មកទល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ចេញថវិកាចំនួន២០៨លានដុល្លារ ក្នុងនោះមានទុនវិនិយោគប្រមាណ៣០ ដើម្បីទ្រទ្រង់ និងអភិវឌ្ឍន៍វិស័យស្រូវ អង្ករ។ ជាក់ស្ដែងដើម្បីអន្តរាគមន៍លើបញ្ហាតម្លៃស្រូវមិនទាន់មានស្ថិរភាព រដ្ឋាភិបាលបានទម្លាក់ថវិកាចំនួន៣០លានដុល្លារបន្ថែមទៀត ដើម្បីបញ្ចេញទិញស្រូវពីកសិករដែលកំពុងប្រឈមបញ្ហាទីផ្សារ។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីពេលថ្មីៗថា រដ្ឋាភិបាលកម្ពុជា នឹងបង្កើនទីផ្សារ ព្រមទាំងពង្រឹងទីផ្សារក្នុងស្រុកជាមួយបណ្ដារោងម៉ាស៊ីនកិនស្រូវនៅក្នុងស្រុក ដើម្បីឱ្យវិស័យស្រូវអង្ករបន្តមានស្ថិរភាព។ បន្ថែមលើនេះ តាមរយៈវិធានការបច្ចេកទេសធ្វើឱ្យទិន្នផលមានការកើនឡើង និងកាត់បន្ថយថ្លៃដើមក្នុងការផលិត ព្រមទាំងការចូលរួមជាសហគមន៍កសិកម្មទំនើប ក៏បានចូលរួមចំណែកជួយធ្វើឱ្យវិស័យកសិកម្មមានស្ថិរភាពផងដែរ៕