កម្ពុជា និង​សំណុំរឿង EBA

"សម្បទាន​នយោបាយ​ប្រហែល​មិន​គ្រប់គ្រាន់​ទេ ក្នុងការ​រារាំង​​សហភាព​អឺរ៉ុប​មិន​ឲ្យ​ដក EBA ពី​កម្ពុជា"


ស្ថាប័ន​ស្រាវជ្រាវ​បរទេស​មួយ ដែល​មាន​ឈ្មោះ​ថា Fitch Solutions Macro Research បាន​ចេញ​របាយការណ៍​ នៅ​ថ្ងៃ​ចន្ទ ទី១៨ ខែ​វិច្ឆិកា​នេះ ថា សម្បទាន​ផ្នែក​នយោបាយ​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​កម្ពុជា ប្រហែល​ជា​មិន​គ្រប់គ្រាន់​ទេ ក្នុង​ការ​រារាំង​សហភាព​អឺរ៉ុប ពី​ការ​ដក​ហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅកាត់​ថា EBA ពី​កម្ពុជា​។
កម្មករ​កម្មការិនី​រោងចក្រ​នាំ​គ្នា​ថត​រូប​ selfie ជាមួយ​នាយករដ្ឋមន្ត្រី​ សម្ដេចតេជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២០ សីហា នៅ​ក្នុង​ពិធី​មួយ​នៅ​កោះពេជ្រ។ រូបភាព​៖ ហ្វេសប៊ុក​នាយក​រដ្ឋមន្ត្រី
ដោយ

កាលពី​ថ្ងៃ​ទី១៤ ខែ​វិច្ឆិកា​​កន្លង​ទៅ នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន បាន​បញ្ជា​ឱ្យ​ដោះលែង​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន នូវ​សកម្មជន​គណបក្ស​ប្រឆាំង​ដែល​មាន​ចំនួន ៧២​នាក់ និង​បាន​ធានា​ថា នឹង​គ្មាន​ការចាប់​ខ្លួន​អ្នក​ដែល​បាន​រត់គេច​ខ្លួន​នោះ​ទេ។

នៅ​មុន​ការ​បញ្ជា​របស់​សម្តេច ហ៊ុន សែន ខាង​លើ​នេះ សាលាដំបូង​រាជ​ធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកា ក៏​បាន​សម្រេច​បន្ធូរ​បន្ថយ​លក្ខខណ្ឌ​សម្រាប់​អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង លោក កឹម សុខា ដោយ​អនុញ្ញាត​ឲ្យ​លោក​ធ្វើ​ដំណើរ​ក្នុង​ប្រទេស​បាន ប៉ុន្តែ មិន​អាច​ចេញ​ទៅ​ក្រៅ​ប្រទេស និង​ធ្វើ​សកម្មភាព​នយោបាយ​បាន​នោះ​ទេ។

ការ​វិវឌ្ឍ​ចុង​ក្រោយ​បាន​កើត​ឡើង បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​បាន​ផ្តល់​រយៈពេល ០១​ខែ ដល់​រដ្ឋាភិបាល​ដើម្បី​ឆ្លើយតប​ទៅ​នឹង​របាយការណ៍​បឋម​នៃ​ការ​ស៊ើប​អង្កេត​អំពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA សម្រាប់​កម្ពុជា។ គណៈកម្មការអឺរ៉ុប បាននិយាយថា ការសម្រេច​ដក EBA ឬ​អត់ ពី​កម្ពុជា នឹង​កើត​ឡើង​នៅ​ខែ​កុម្ភៈ ឆ្នាំ​ក្រោយ។

Fitch Solutions Macro Research បាន​និយាយ​នៅ​ក្នុង​របាយការណ៍​របស់​ខ្លួន​ ដូច្នេះ​ថា «យើង នៅឯ Fitch Solutions ជឿ​ជាក់​ថា សម្បទាន​នយោបាយ​ដែល​ធ្វើ​ឡើង​ដោយ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន នឹង​មិន​គ្រប់គ្រាន់​នោះ​ទេ ក្នុង​ការ​រារាំង​សហភាព​អឺរ៉ុប មិន​ឲ្យ​ដក​ជា​បណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» (EBA) ពី​កម្ពុជា។»

Fitch Solutions Macro Research បាន​បន្ត​ថា «យើង​ជឿជាក់​ថា សម្បទាន​នេះ​នឹង​មាន​ការប្រែប្រួល​តិចតួច​ក្នុង​ទិដ្ឋភាព​នយោបាយ ហើយ​ដូច្នេះ យើង​រក្សា​សន្ទស្សន៍​ហានិភ័យ​នយោបាយ​រយៈពេល​ខ្លី​របស់​យើង ដោយ​ពិន្ទុ ៦២,៧ លើ ១០០។»

Fitch Solutions Macro Research បាន​អះអាង​ថា ការដក EBA នឹង​អាច​មាន​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ក្នុង​រយៈពេលវែង។ យោងតាម​សហភាព​អឺរ៉ុប កម្ពុជា​គឺ​ជា​ប្រទេស​ទទួល​បាន​ផល​ប្រយោជន៍​ធំ​ជាង​គេ​ទី២ ពី EBA ដែល​មាន​ចំនួន​ជាង ១៨​ភាគរយនៃ​ការនាំចូល​ទាំងអស់ ក្រោម​​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA ទៅក្នុង​​សហភាព​អឺរ៉ុប កាល​ពី​ឆ្នាំ​២០១៨។

សហភាព​អឺរ៉ុប​បាន​និយាយ​ថា ការនាំចូល​ពី​កម្ពុជា​មាន​តម្លៃ​សរុប​ប្រហែល ៥,៨​ពាន់​លាន​ដុល្លារ នៅក្នុង​ឆ្នាំ​២០១៨ ហើយ​​សម្លៀក​បំពាក់​និង​វាយនភណ្ឌ មាន​ចំនួន​ប្រមាណ ៣​ភាគ​៤ នៃ​ការ​នាំចូល​នេះ។

បន្ទាប់​ពី​ការដោះលែង​លោក កឹម សុខា សហគម​អឺរ៉ុប​បាន​និយាយ​ថា វា​គឺ​ជា​ជំហាន​ដំបូង​ក្នុង​ទិសដៅ​ត្រឹមត្រូវ​មួយ ប៉ុន្តែ បាន​អំពាវនាវ​ឱ្យ​មាន​ការដោះលែង​នោះ​ជា​លក្ខណៈ​​ពេញ​លេញ ហើយ​ត្រូវ​ផ្តល់​សិទ្ធិ​នយោបាយ​​ឲ្យ​លោក កឹម សុខា ​វិញ។ សហគម​អឺរ៉ុប​ក៏​បាន​អំពាវនាវ​ផងដែរ ឱ្យ​អាជ្ញាធរ​កម្ពុជា​ផ្តល់​សិទ្ធិ​នយោបាយ​ឡើងវិញ​ ដល់​សមាជិក​គណបក្ស​ប្រឆាំង​ទាំង​អស់ ដែល​ត្រូវ​បាន​​ហាម​ឃាត់។

ថ្លែង​នៅក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​នៅ​ចន្ទ ទី១៨ ខែ​វិច្ឆិកា​នេះ សម្តេច ហ៊ុន សែន បាន​និយាយ​ថា ដំណើរការ​ក្តី​របស់​លោក កឹម សុខា នឹង​ត្រូវ​ប្រើ​រយៈពេល​វែង​ទៀត ហើយ​ថា តួនាទី​របស់​សមាជិក​ឃុំ សង្កាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ក៏​នឹង​មិន​ទទួល​បាន​វិញ​ឡើយ ក្រោយ​ការ​រំលាយ​កាល​ពី​ឆ្នាំ​២០១៧។​

សម្តេច ហ៊ុន សែន បាន​បន្ត​ថា បើទោះបី​ជា​ដក EBA ក៏​ដោយ ក៏​មិន​ធ្វើឱ្យរាជ​រដ្ឋាភិបាល «លានអណ្តាត» នោះឡើយ ព្រោះ​ថវិកា​ចំណាយ​សម្រាប់​ប្រាក់​បៀវត្សរ៍​មន្ត្រី​រាជការ មិន​បាន​យក​ពី EBA នោះ​ទេ។

សម្តេច ហ៊ុន សែន បាន​​អះអាង​​ថា កម្ពុជា​អត់​សត្រូវ​ជាមួយ​នរណា​ទេ ខណៈ​ដែល​ប្រទេស​ចំនួន ៥២ នឹង​មក​ចូលរួម​ប្រជុំ​អាស៊ី​អឺរ៉ុប នៅ​កម្ពុជា នា​ឆ្នាំ​២០២០ ដែល​ប្រមុខ​រដ្ឋ​និង​ប្រមុខ​រដ្ឋាភិបាល​ និង​ថ្នាក់​ដឹកនាំ​នៅ​អឺរ៉ុប មក​កាន់​កម្ពុជា។

សម្តេច បាននិយាយដូច្នេះថា «យើង​កំពុង​សហការ​ក្នុង​ភាព​ជាដៃគូ​រវាង​កម្ពុជា​ជាមួយ​អឺរ៉ុប។ យើង​ក៏​អត់​ត្រូវ​ទុក​ខ្លួន​ឯង​ថា ជា​អ្នក​នៅ​ក្រោម​បង្គាប់​បញ្ជា​របស់​នរណា​ទាំងអស់។ ខ្ញុំ​បាន​ប្រើពាក្យ​ថា មិន​យក​អធិបតេយ្យ​ទៅ​ដោះដូរ​ជាមួយនឹង​ជំនួយ​ឬ​ភាព​អនុគ្រោះ​ណា​ទាំង​អស់»៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ កម្ពុជា ពិតជាត្រូវការកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយ ចិន មែនទេ?

ព័ត៌មាន
ប្រទេសចិនបច្ចុប្បន្ននេះ ត្រូវបានគេមើលឃើញថា ជាដៃគូរវិនិយោគដ៏ធំរបស់កម្ពុជា និងជាដៃគូនាំចូលទំនិញធំជាងគេមកកម្ពុជា ប៉ុន្ដែចិន មិនបានជាប់ត…

កម្ពុជាឈរលំដាប់កំពូលទី ៤ ទូទាំងពិភពលោក ជាប្រទេសមានអត្រាដំឡើងប្រាក់បៀវត្សរ៍ខ្ពស់បំផុត នៅឆ្នាំ២០២០

ព័ត៌មាន
ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់កំពូលទី៤ ក្នុងចំណោមប្រទេសកំពូលចំនួន ១០ ទូទាំងពិភពលោក ដែលត្រូវបានគេព្យាករថា មានអត្រានៃការដំឡើងប្រាក់ប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ