ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត អញ្ជើញបើកវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ


(រាជធានីភ្នំពេញ)៖ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រកោះពេជ្រ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ដ្រីប្រចាំការ រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី អញ្ជើញជាអធិបតីក្នុង «វេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិ» ដែលបានរៀបចំឡើងដោយសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCAI) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ន សមាជិកសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា វិនិយោគិន ធុរជន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណ ៤០០នាក់។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត
ដោយ

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានសំដែងនូវការកោតសរសើរចំពោះអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដែលបានរៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្តរជាតិនេះឡើង ដើម្បីលើកកម្ពស់ សម្របសម្រួល និងកៀរគរវិនិយោគមកកាន់កម្ពុជា ព្រមទាំងចូលរួមក្នុងការងារសង្គម និងសកម្មភាពសប្បុរសធម៌ផ្សេងៗ សម្រាប់ជាប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍លើកឡើងអំពីស្នាដៃ និងគុណបំណាច់ដ៏ធំធេងរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានកសាងមូលដ្ឋានគ្រឹះសម្រាប់ការពូនជ្រុំសមិទ្ធផលជាតិ និងជំរុញសម្ទុះនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឥតឈប់ឈរនាពេលកន្លងមក ហើយបច្ចុប្បន្នក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាននិងបន្តកំពុងជំរុញចលនការនៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិឱ្យកាន់តែលឿនទៅមុខថែមទៀត សម្រាប់​​​​ជាប្រយោជន៍ដល់សង្គមជាតិទាំងមូល។ ក្នុងនោះ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនរួមទាំងវិនិយោគិនជាតិ និងអន្តរជាតិ ជាកាតាលីករ និងជាតួអង្គចាំបាច់ ក្នុងការបន្តកសាងខឿនសេដ្ឋកិច្ចជាតិ ការបង្កើនការងារនិងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច ពីឧស្សាហកម្មដែលមានតម្លៃបន្ថែមទាប ទៅឧស្សាហកម្មដែលមានតម្លៃបន្ថែមមធ្យមនិងខ្ពស់ សម្រាប់ជាមូលដ្ឋានគ្រឹះជំរុញសម្ទុះនៃការអភិវឌ្ឍ កំណើនសេដ្ឋកិច្ចជាតិ និងសម្រេចចក្ខុវិស័យប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់អំពីទស្សនៈវិស័យរបស់រាជរដ្ឋាភិបាល ដែលប្រកាន់យកនូវគោលនយោបាយគាំទ្រធុរកិច្ច (Pro-business policy) ផ្សារភ្ជាប់ជាមួយផលប្រយោជន៍ប្រជាជន និងប្រទេសជាតិទាំងមូល ព្រមទាំងអំពាវនាវដល់វិនិយោគិន និងធុរជនទុកចិត្តលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមនានាទាំងក្នុងនិងក្រៅប្រទេស ក៏ដូចជាធានាបរិយាកាសវិនិយោគ ដែលមានភាពអនុគ្រោះសម្រាប់ធុរកិច្ច និងអាជីវកម្មគ្រប់ប្រភេទ។ ជាក់ស្ដែង រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក៏ដូចជាការដាក់ចេញវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ១១ ចំណុច ដែលមានវិធានការលម្អិតចំនួន ១៨៨ ចំណុច តាមរយៈយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន, ការដាក់ឱ្យអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា, ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់នានា ជាពិសេសការចាប់ផ្តើមអនុវត្ត «គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ» ដែលនឹងបង្កើនសក្តានុពលនៃការដឹកជញ្ជូនបន្ថែមទៀត, ការបង្កើតអង្គភាពសវនកម្មពន្ធដារពិសេស, ការសម្របសម្រួលឱ្យមានតំបន់សេដ្ឋកិច្ចពិសេសនានា, និងការខិតខំប្រឹងប្រែងស្វែងរកដៃគូពាណិជ្ជកម្មសេរី។ ឯកឧត្តមបានបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានខិតខំប្រឹងប្រែងឥតស្រាកស្រាន្ត និងបានដឹកនាំផ្ទាល់ក្នុងការដោះស្រាយបញ្ហាប្រឈមនានាជារចនាសម្ព័ន្ធ សំដៅគាំទ្រដល់ការទាក់ទាញការវិនិយោគ និងការរីកចម្រើននៃវិស័យឯកជន។ រាជរដ្ឋាភិបាលនឹងធ្វើអ្វីៗទាំងអស់ដើម្បីគាំទ្រវិស័យឯកជន ឱ្យក្លាយជាសសរស្តម្ភនៃសេដ្ឋកិច្ចជាតិ។

ឯកឧត្តម វង្សី វិស្សុត ក៏បានលើកឡើងផងដែរថា ដើម្បីធានាបរិយាកាសអំណោយផលដល់ការរីកលូតលាស់នៃវិស័យឯកជន និងសេដ្ឋកិច្ច ដោយមានទីស្តីការគណៈរដ្ឋមន្ត្រីជាសេនាធិការ រាជរដ្ឋាភិបាលក៏បានរៀបចំយន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១, ការកែលម្អនីតិវិធីនិងវិធាននៃការតាក់តែងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងក្របខ័ណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងពង្រឹង និងលើកកម្ពស់គោលការណ៍និតីរដ្ឋ សង្គតិភាពនៃក្របខណ្ឌគតិយុត្ត ព្រមទាំងគុណភាព និងប្រសិទ្ធភាពនៃច្បាប់។ យន្ដការទាំងនេះត្រូវបានរៀបចំឡើង និងកំពុងរៀបចំឡើង ក្នុងគោលបំណងកាត់បន្ថយឱ្យបានអតិបរមានូវផលប៉ះពាល់ជាអវិជ្ជមានដល់សហគ្រាស និងរោងចក្រ ក៏ដូចជាសេដ្ឋកិច្ច និងវិស័យឯកជនទាំងមូល និងធ្វើយ៉ាងណាឱ្យច្បាប់និងលិខិតបទដ្ឋានគតិយុត្ដនានា ក្លាយជាឧបករណ៍សម្រាប់គាំទ្រជាជាងជាឧបករណ៍បន្ទុចបង្អាក់ដល់ការរីកលូតលាស់របស់វិស័យឯកជន។ វិធានការទាំងឡាយនេះ គឺពិតជាមានគោលដៅពង្រឹងភាពធន់ និងបង្កើនភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចកម្ពុជា ដើម្បីទប់ទល់នឹងបញ្ហាប្រឈមនានា ក៏ដូចជាចាប់យកកាលានុវត្តភាពថ្មីៗ ដែលលេចចេញពីការផ្លាស់ប្តូរនិម្មាបនកម្មភូមិសាស្ត្រនយោបាយ និងនិម្មាបនកម្មសេដ្ឋកិច្ច ព្រមទាំងពាណិជ្ជកម្មពិភពលោក ដែលកំពុងកើតឡើងពេលនេះ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានចែករំលែកនូវទស្សនាទាននិងអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងដើម្បីត្រៀមខ្លួនទាញយកកាលានុវត្ដភាព និងទាក់ទាញការវិនិយោគមកកាន់កម្ពុជាឱ្យ​បានជាអតិបរមា ជូនអង្គវេទិកាចំនួន ៤ ចំណុច៖ ទី១-CCAI ត្រូវ​​បន្ដបេសកកម្មជំរុញ លើកកម្ពស់ និងផ្សព្វផ្សាយសក្ដានុពលនៃការវិនិយោគនៅកម្ពុជា, ទី២-ការសម្របសម្រួលការប្រើប្រាស់ធនធាន ទាំងមូលធនសង្គម និងមូលធនមនុស្ស (Social and Human Capital) នៅគ្រប់កម្រិតរវាងរដ្ឋាភិបាល និងវិស័យឯកជន គឺជាកត្តាចាំបាច់ ដើម្បីធានាបានឧត្តមភាពប្រៀបធៀប (Comparative Advantage) ក្នុងសេដ្ឋកិច្ច, ទី៣-ដើម្បីប្រែក្លាយសេដ្ឋកិច្ចកម្ពុជាពីសេដ្ឋកិច្ចដែលពឹងផ្អែកលើ​អតិពលកម្ម ទៅជាសេដ្ឋកិច្ចដែលពឹងផ្អែកលើជំនាញនិងមានតម្លៃបន្ថែមខ្ពស់, កម្ពុជា​ត្រូវលើកកម្ពស់ការអភិវឌ្ឍធនធានមនុស្ស ការធ្វើពិពិធកម្មឧស្សាហកម្ម ការធ្វើឌីជីថលូបនីយកម្មសង្គមនិងសេដ្ឋកិច្ច និងអភិបាលកិច្ចល្អ, វិស័យឯកជនដើរតួសំខាន់​ក្នុងការអភិវឌ្ឍឧស្សាហកម្មតភ្ជាប់ទៅទីផ្សារ និង​ខ្សែច្រវាក់តម្លៃសកល ព្រមទាំងអភិវឌ្ឍ​សមត្ថភាពនិងជំនាញ(Upskilling) កម្មករ និងបុគ្គលិក ដើម្បីឆ្លើយតបនឹងនិន្នាការសកល និង ទី៤- CCAI សហការជាមួយរាជរដ្ឋាភិបាល ក្នុង​ការបន្ដជំរុញការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី និងទាញយកឱកាសនិងផលប្រយោជន៍ឱ្យបានជាអតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី RCEP, កិច្ចព្រមពៀងពាណិជ្ជកម្ម​សេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ(CKFTA) និង ជាពិសេស​ការធ្វើពិពិធកម្មទីផ្សារផលិតផលកាត់ដេរមកទីផ្សារអាស៊ាន, អាស៊ីបូព៌ា, និងតំបន់ផ្សេងទៀត ក្រៅពីសហរដ្ឋអាម៉េរិក និងអឺរ៉ុប។

មុននឹងបញ្ចប់ ឯកឧត្ដមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានប្រកាសជាឱឡារិកថា «កម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីស្វាគមន៍ និងគាំទ្រដល់វិនិយោគិន និងធុរជន, កម្ពុជារីកចម្រើន និងលូតលាស់ជាមួយវិនិយោគិន, សូមអញ្ជើញមកវិនិយោគនៅកម្ពុជា»




អត្ថបទបន្ទាប់


សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា រៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្ដរជាតិ ដើម្បីផ្សព្វផ្សាយឱកាសវិនិយោគនៅកម្ពុជា

សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា បានរៀបចំវេទិកាជំរុញការវិនិយោគកម្ពុជា-អន្ដរជាតិ ដើម្បីបើកឱកាសដល់វិនិយោគិនបរទេស អាចសិក្សារស្វែងយល់កាន់ត…

ក្រុមហ៊ុនក្នុងស្រុកកំពុងប្រមូលទិញល្ពៅជាង ២០០តោន ពីកសិករក្នុងខេត្តព្រះវិហារ ជំនួសឱ្យការនាំចេញទៅថៃ

ក្រសួងពាណិជ្ជកម្ម បាននិងកំពុងសហការជាមួយនឹងរដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ ដើម្បីស្វែងរកទីផ្សារសម្រាប់ ផ្លែល្ពៅរបស់ប្រជាកសិករ ក្នុងស្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ