ប្រធានាធិបតីបារាំងដំបូងគេ

លោកម៉ាក្រុងក្លាយជាប្រធានាធិបតីបារាំងដំបូងគេក្នុង២០ឆ្នាំចុងក្រោយនេះ ដែលបានជាប់ឆ្នោតពីរអាណត្តិជាប់គ្នា


លោកអេម៉ានូអេល ម៉ាក្រុង បានជាប់ឆ្នោតជាប្រធានាធិបតីបារាំងសម្រាប់អាណត្តិទី២របស់លោក ក្រោយយកឈ្នះលើគូប្រជែងគឺលោកស្រី ម៉ារីន ឡឺផេន ក្នុងសម្លេងឆ្នោតជាង ៥៨%ទល់នឹងជាង ៤១% ក្រោយការបោះឆ្នោតបានបញ្ចប់ទៅ និងត្រូវបានប្រកាសលទ្ធផលកាលពីថ្ងៃអាទិត្យទី២៤មេសា។ ជោគជ័យរបស់លោកម៉ាក្រុងបានធ្វើឲ្យប្រធានាធិបតីវ័យ៤៤ឆ្នាំរូបនេះ ក្លាយជាប្រធានាធិបតីដំបូងគេក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ ដែលបានជាប់ឆ្នោត២អាណត្តិជាប់គ្នា រាប់ចាប់តាំងពីជំនាន់ប្រធានាធិបតី ហ្សាក់ ស៊ីរ៉ាក់ (Jacques Chirac) កាលពីឆ្នាំ២០០២។
ប្រធានាធិបតីបារាំងដំបូងគេ

ទោះបីជា​បែប​នេះ​ក្តី អត្រា​អ្នក​មិន​ទៅ​បោះ​ឆ្នោត មាន​ដល់​ទៅ​ប្រមាណ ២៨%​ឯណោះ នៃ​ចំនួន​ពលរដ្ឋ​បារាំង ដែល​មាន​ក្នុង​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត សរុប​ប្រមាណ​៤៩​លាន​នាក់​។ ចំនួន​នេះ​ស្មើនឹង ប្រជាជន​បារាំង​ប្រមាណ​១៤​លាន​នាក់ ដែល​បាន​បដិសេធ​ជ្រើសរើស​រវាង​ទាំង​លោក​ម៉ា​ក្រុង និង​លោកស្រី ឡឺ​ផេ​ន​។ នេះ​បើ​ផ្អែក​ទៅ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​អន្តរជាតិ​ធំ​ៗ​ជា​ច្រើន​។

ស្ថិត​នៅ​ទីលាន​ខាងក្រោម ប៉ម​ទួ​អេ​ហ្វែ​ល ដ៏​ល្បីល្បាញ​ចំ​កណ្តាល​ទី​ក្រុងប៉ារីស លោក​ប្រធានាធិបតី អេ​ម៉ា​នូ​អែ​ល ម៉ា​ក្រុង បាន​រៀបចំ​ពិធី​ជួបជុំ​ជាមួយ​អ្នកគាំទ្រ​ទាំងអស់ ដើម្បី​អបអរ​ជ័យ​ជំនះ​របស់​លោក ក្នុង​ការ​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​សម្រាប់​អាណត្តិ​រយៈពេល​៥​ឆ្នាំ​ទៀត​។ ទោះបីជា​លោក​ម៉ា​ក្រុង​យកឈ្នះ​លោកស្រី​ឡឺ​ផេ​ន​ក្នុង​សម្លេង​ជាង​៥៨%​ទល់​នឹង​ជាង​៤១%​ក្តី ខណៈ​ពលរដ្ឋ​១៤​លាន​នាក់​ទៀត​មិន​ទៅ​បោះ​ឆ្នោត​ក៏​ដោយ តែ​ប្រធានាធិបតី​រូប​នេះ បាន​ថ្លែង​សុន្ទរកថា ថា​លោក​នឹង​បម្រើ​ប្រជាពលរដ្ឋ​បារាំង​ទាំងអស់ ដោយ​មិន​បោះ​ទុក​នរណា​ម្នាក់​ចោល​ឡើយ​។

យ៉ាងណា​ក៏​ដោយ អ្នកវិភាគ​នយោបាយ​មួយ​ចំនួន លើក​ឡើង​ថា ជ័យ​ជំនះ​របស់​លោក​ម៉ា​ក្រុង នឹង​ឈាន​ទៅ​ពុះ​ហែក​សង្គម​បារាំង ដែល​បាន​បែកបាក់​ស្រាប់​ហើយ​នោះ ឲ្យ​កាន់តែ​ប្រេះឆា​ថែម​មួយ​កម្រិត​ទៀត​។ គួរ​ជម្រាប​ថា បរិបទ​នយោបាយ​បារាំង ប្រកបដោយ​ភាព​តានតឹង និង​ការ​បែងចែក បែកបាក់​គ្នា​ក្នុង​សង្គម ដែល​តម្រូវ​ឲ្យ​លោក​ម៉ា​ក្រុង ត្រូវ​តែ​រក​យុទ្ធសាស្ត្រ​ដឹកនាំ​ប្រទេស កសាង​ឯកភាព​សាមគ្គី​ជាតិ​ឡើង​វិញ​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​ដោយសារ​ព័ត៌មាន​BBC​។

ជាក់ស្តែង នៅ​ចំពោះ​មុខ​អ្នកគាំទ្រ​ជា​ច្រើន លោក​ប្រធានាធិបតី​ម៉ា​ក្រុង បាន​សន្យា​ថា ក្នុង​អាណត្តិ​ថ្មី​របស់​លោក នឹង​គឺជា​យុគសម័យ​ថ្មី ដែល​លោក​នឹង​ផ្លាស់​ប្តូរ​របៀប​ដឹកនាំ​ប្រទេស បង្រួបបង្រួម​សង្គម​បារាំង​ឡើង​វិញ ធ្វើ​ឲ្យ​បារាំង និង​សហភាព​អឺរ៉ុប​ខ្លាំងក្លា​ជាង​មុន​។

ដោយឡែក ជ័យ​ជំនះ​របស់​លោក​ត្រូវ​បាន​ស្វាគមន៍​ដោយ​មេដឹកនាំ​អឺរ៉ុប​ភ្លាម​ៗ ដែល​ពួក​គេ​ហាក់​បង្ហាញ​ភាព​ធូរស្រាល​ក្នុង​ចិត្ត ដែល​លោក​ម៉ា​ក្រុង​នៅ​បន្ត​ដឹកនាំ​ប្រទេស​បារាំង ជា​ជាង​លោកស្រី​ឡឺ​ផេ​ន ដែល​ជា​បេក្ខជន​ស្តាំ​និយម មាន​ទំនោរ​ទៅ​រក​រុ​ស្ស៊ី ហើយ​ថែម​ទាំង​មាន​គោលនយោបាយ​ប្រឆាំង​សហភាព​អឺរ៉ុប​ថែម​ទៀត​។

ប្រធាន​គណៈកម្មការ​អឺរ៉ុប អ៊ូ​ស៊ូ​ឡា វុន​ឌឺ​លី​យេ​ន​(Ursula von der Leyen) បាន​សរសេរ​នៅ​លើ​គ​ណី Twitter របស់​លោកស្រី​ថា «​យើង​នឹង​រួម​គ្នា យើង​នឹង​ជំរុញ​ប្រទេស​បារាំង និង​អឺរ៉ុប​ឆ្ពោះទៅ​មុខ​។​»

ចំណែក​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក​ហ្សេ​លេ​ន​ស្គី បាន​សរសេរ​នៅ​លើ Twitter អបអរសាទរ ដោយ​ហៅ​លោក​ម៉ា​ក្រុង​ថា ជា​មិត្ត​ពិតប្រាកដ​របស់​លោក ហើយ​បាន​បន្ត​ថា លោក​ទន្ទឹងរង់ចាំ​ការ​រួបរួម​ដ៏​រឹង​មាំ​របស់​អឺរ៉ុប​។ រីឯ​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​វិញ ទោះបីជា​បាន​ចាក​ចេញពី​សហភាព​អឺរ៉ុប​ហើយ​ក្តី លោក ប៉ូ​រី​ស ច​ន​សុ​ន​(Boris Johnson) ក៏​បាន​ស្វាគមន៍​ជ័យជម្នះ​របស់​លោក​ម៉ា​ក្រុង​ផង​ដែរ​។

សូម​ជម្រាប​ថា ភ្លាម​ៗ​ក្រោយ​ចេញ​លទ្ធផល​បោះ​ឆ្នោត លោកស្រី ម៉ា​រី​ន ឡឺ​ផេ​ន ក៏​បាន​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​ផង​ដែរ ប៉ុន្តែ​លោកស្រី អះអាង​ថា នឹង​នៅ​តែ​បន្ត​ខំប្រឹង​ស្វែងរក​ជ័យ​ជំនះ នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​បារាំង ក្នុង​ខែមិថុនា​ខាង​មុខ​នេះ​ឲ្យ​បាន​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


EU ចង់ក្រសោបយកឥណ្ឌាចេញពីរុស្ស៊ី ជាមួយនឹងការជំរុញកិច្ចសហការយោធា ពាណិជ្ជកម្ម និង បច្ចេកវិទ្យាកាន់តែជិតស្និទ្ធ

ព័ត៌មាន
មហាយក្សឥណ្ឌា កំពុងក្លាយជាតួអង្គសំខាន់មួយ សម្រាប់ប្រទេសលោកខាងលិច ក្នុងការក្រសោបទាញយក កុំឲ្យមហាយក្សអាស៊ីមួយនេះ ត្រូវដងត្រូវផ្លែជាមួយនឹងរុស្ស…

ទីក្រុងសៀងហៃមានករណីស្លាប់ដោយសារកូវីដ១៩កាន់តែច្រើន ខណៈចំនួនអ្នកឆ្លងថ្មីបន្ដកើនខ្ពស់

ព័ត៌មាន
បើទោះបីជា ទីក្រុងសៀងហៃកំពុងមានការរឹតបន្ដឹង ក៏ដូចជាការបិទខ្ទប់ក៏ដោយ ប៉ុន្ដែ រលកឆ្លងកូវីដ១៩អូមីក្រុង នៅតែបន្ដអុកឡុកខ្លាំងនៅក្នុងទីក្រុងដ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ