ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អនុញ្ញាតឱ្យប្រធានក្រុមហ៊ុនជប៉ុន Mirarth Holdings Inc. ចូលជួបពិភាក្សាការងារ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានអនុញ្ញាតឱ្យលោក Taniguchi Kentaroប្រធានក្រុមហ៊ុន Mirarth Holdings, Inc. ដែលជាក្រុមហ៊ុនជប៉ុន ចូលជួបសម្តែងការគួរសម និងជម្រាបជូនអំពីវឌ្ឍនភាពនៃគម្រោងវិនិយោគកែច្នៃគ្រាប់ស្វាយចន្ទីរបស់ក្រុមហ៊ុននៅក្នុងខេត្តកំពង់ធំ។
ក្រុមហ៊ុនជប៉ុន Mirarth Holdings Inc. ចូលជួបពិភាក្សាការងារ
ដោយ

លោក Taniguchi Kentaro បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ដែលបានលើកទឹកចិត្តដល់ក្រុមហ៊ុន និងឆ្លៀតពេលដ៏មានតម្លៃទទួល ជួបរូបលោក និងគណៈប្រតិភូ ក្រុមហ៊ុន សារជាថ្មីម្តង។ លោក Taniguchi Kentaro បានជម្រាបជូនថា បច្ចុប្បន្ន ក្រុមហ៊ុន Mirarth Holdings Inc. មានសមត្ថភាពកែច្នៃគ្រប់ស្វាយចន្ទី ១៥០០ តោន ក្នុងមួយឆ្នាំ និងអាចឡើងដល់ប្រមាណ ៣០០០ តោន នៅដើមឆ្នាំ២០២៥ ហើយក្រុមហ៊ុននឹងបន្តពង្រីកផលិតកម្មរបស់ខ្លួនរហូតដល់ប្រមាណ ២៥ ០០០ តោន ក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំទៀត។ ជាមួយគ្នានេះ ក្រុមហ៊ុនបានចាប់ដៃគូជាមួយក្រុមហ៊ុនមួយនៅប្រទេសហូឡង់ដ៍ ហើយគ្រោងនឹងនាំចេញគ្រាប់ស្វាយចន្ទីប្រមាណ ២៥០តោន ទៅកាន់ទីផ្សារអ៊ឺរ៉ុបក្នុងពេលខាងមុខនេះ។ ក្រុមហ៊ុនក៏មានគម្រោងពង្រីកសកម្មភាពកែច្នៃគ្រាប់និងកសិផលស្វាយចន្ទីផងដែរ ដូចជាការកែច្នៃធ្វើជាប្រេង គ្រឿងសម្អាង និងផលិតថាមពលជីវម៉ាស(Biomass) ដែលសុទ្ធសឹងជាផលិតផលដែលមានតម្លៃបន្ថែមខ្ពស់។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបង្ហាញនូវក្តីរីករាយ និងអបអរសាទរចំពោះវឌ្ឍនភាព និងការរីកចម្រើនជាបន្តបន្ទាប់របស់ក្រុមហ៊ុន Mirarth Holdings Inc. និងបានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន ក្នុងការវិនិយោគកែច្នៃគ្រប់ស្វាយចន្ទី ក្នុងខេត្តកំពង់ធំ។ គម្រោងវិនិយោគនេះ បាននិងកំពុងចូលរួមចំណែកជំរុញសន្ទុះនៃការរីកលូតលាស់នៃវិស័យដំណាំស្វាយ ចន្ទីរបស់កម្ពុជា និងការបង្កើតការងារ ពិសេសបាននាំមកនូវចំណេះដឹង ជំនាញ បទពិសោធ និងបច្ចេកវិទ្យាចាំបាច់ ក្នុងការបង្កើនផលិតកម្មស្វាយចន្ទី ដូចជាការប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការដាំដុះជាដើម។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានគូសរំលេចនូវចក្ខុវិស័យរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលនាំចេញគ្រាប់ស្វាយចន្ទីច្រើនជាងគេលើពិភពលោក ឬអធិរាជស្វាយចន្ទីតាមរយៈការលើកកម្ពស់ការផលិត និងការកែច្នៃគ្រាប់ស្វាយចន្ទី និងផែនការសំខាន់ៗរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍវិស័យ ស្វាយចន្ទី ដែលត្រូវបានគូសវាសដោយ សម្តេចមហាបវរធិបតី ផ្ទាល់ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ និងភាពគ្រប់ជ្រុងជ្រោយ នៅក្នុងខ្សែចង្វាក់តម្លៃនៃដំណាំស្វាយចន្ទីទាំងមូល។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏បានបង្ហាញនូវការគាំទ្រចំពោះក្រុមហ៊ុនដែលមានគម្រោងធ្វើពិពិធកម្មសកម្មភាពកែច្នៃស្វាយចន្ទី សំដៅផលិតនូវផលិតផលមានតម្លៃបន្ថែមកាន់តែខ្ពស់ និងមានប្រយោជន៍សម្រាប់សង្គម-សេដ្ឋកិច្ចកម្ពុជា និងឆន្ទៈចូលរួមក្នុងកិច្ចការសង្គមរបស់ក្រុមហ៊ុននៅក្នុងខេត្តកំពង់ធំ។ ឯកឧត្តម វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងការចុះកិច្ចសន្យាទទួលទិញគ្រាប់ស្វាយចន្ទី (contract farming) ផងដែរ។ មុននឹងបញ្ចប់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានជូនពរឱ្យក្រុមហ៊ុនបន្តទទួលបាននូវភាពជោគជ័យ និងបានបញ្ជាក់នូវជំហរគាំទ្ររបស់ទីស្តីការគណៈរដ្ឋមន្ត្រីនិងផ្តល់កិច្ចសហការ ដើម្បីចូលរួមគាំទ្រដល់ការវិនិយោគ នៅក្នុងក្របខ័ណ្ឌនៃតួនាទីភារកិច្ចរបស់ខ្លួន៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន Walmart និងក្រុមហ៊ុនធំៗជាច្រើនមានការព្រួយបារម្ភកាន់តែខ្លាំងចំពោះផែនការដំឡើងពន្ធគយរបស់លោក ត្រាំ

នាយកប្រតិបត្តិក្រុមហ៊ុនលក់រាយ Walmart និងក្រុមហ៊ុនធំៗជាច្រើនមានការព្រួយបារម្ភកាន់ខ្លាំងចំពោះផែនការដំឡើងពន្ធគយរបស់ប្រធានាធិបតីជាប់ឆ្នោតស…

តើតម្លៃ និងទិន្នផលស្រូវនៅឆ្នាំនេះមានស្ថានភាពល្អប្រសើរយ៉ាងណាដែរ?

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានគូសបញ្ជាក់ថា តម្លៃស្រូវនៅឆ្នាំ២០២៤នេះ នៅតែរក្សាបានភាពល្អប្រសើរ ហើយកសិករនៅតែទទួលបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ