ឯកឧត្តម វង្សី វិស្សុត ផ

ឯកឧត្តម វង្សី វិស្សុត ផ្ដល់មាគ៌ាគន្លឹះ៧ចំណុច ដើម្បីជំរុញផលិតកម្ម និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែរឹងមាំ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា សហគ្រាសធុនតូច និងមធ្យម (SMEs) នៅកម្ពុជានៅតែជួបបញ្ហាប្រឈមជាច្រើន ដែលរាំងស្ទះដល់ផលិតភាព។ ឯកឧត្តម បានសង្កត់ធ្ងន់ថា ដើម្បីឱ្យសហគ្រាសខ្មែររីកចម្រើនទាមទារឱ្យមានការចូលរួមពីគ្រប់ភាគីរួមមានអ្នកប្រើប្រាស់ អ្នកផ្ដល់សេវាគាំទ្រ អ្នកផ្ដល់ហិរញ្ញប្បទាន និងស្ថាប័នរដ្ឋ។
ឯកឧត្តម វង្សី វិស្សុត ផ
ដោយ

យ៉ាងណាមិញ ឯកឧត្តម បានដាក់ចេញនូវអនុសាសន៍សំខាន់ៗចំនួន៧ចំណុច ដើម្បីជំរុញការផលិត និងកំណើនប្រើប្រាស់ផលិតផលខ្មែរ ក៏ដូចជាពង្រឹងមូលដ្ឋានសេដ្ឋកិច្ចជាតិ។

Story: នាពិធីបើកការតាំងពិព័រណ៍ផលិតផលខ្មែរលើកទី៣ក្រោមប្រធានបទ«រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានអះអាងថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជានៅតែជួបប្រទះនឹងបញ្ហាប្រឈមជាច្រើនមកទល់ពេលនេះ ដែលទាមទារឱ្យមានការជួយគាំទ្រគ្នាទៅវិញទៅមក មិនថា ការចូលរួមពីអ្នកប្រើប្រាស់ អ្នកផ្តល់សេវាគាំទ្រផលិតកម្ម អ្នកផ្តល់ហិរញ្ញប្បទាន និងស្ថាប័នរដ្ឋ ត្រូវរួមគ្នាបង្កើតជាអេកូស៊ីស្ទេមគាំទ្រគ្នាទៅវិញទៅមកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច មធ្យម និងធំឱ្យរស់រវើក និងរឹងមាំ។

ជាមួយគ្នានេះដើម្បីចូលរួមដោះស្រាយ និងជំរុញការផលិត និងការប្រើប្រាស់ផលិតផលក្នុងស្រុកឱ្យកាន់តែខ្លាំង ឯកឧត្ដម បានផ្ដល់អនុសាសន៍សំខាន់ៗចំនួន៧ចំណុច ដោយក្នុងនោះជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តកែលម្អបរិយាកាសធុរកិច្ចឱ្យកាន់តែងាយស្រួល ថ្លៃដើមទាប ប្រសិទ្ធភាពខ្ពស់ និងឆ្លើយតបទាន់ពេលដោយកាត់បន្ថយនីតិវិធីស្មុគស្មាញ និងពង្រឹងការសម្របសម្រួលអន្តរក្រសួង។ បន្ថែមលើនេះត្រូវផ្តល់ការគាំទ្រនិងផ្ដល់អាទិភាពដល់សហគ្រាសដែលផលិត ឬកែច្នៃទំនិញយុទ្ធសាស្ត្រ និងទំនិញចាំបាច់ក្នុងស្រុក ដើម្បីបង្កើនការផលិតក្នុងស្រុក កាត់បន្ថយការនាំចូល និងពង្រឹងសន្តិសុខផ្គត់ផ្គង់។

ដោយឡែកសម្រាប់សហគ្រាសធុនតូច និងមធ្យម ឯកឧត្តម បានជំរុញឱ្យកែលម្អគុណភាពស្តង់ដា អនាម័យ សុវត្ថិភាព ការវេចខ្ចប់ និងការចាប់យកបច្ចេកវិទ្យា ដើម្បីឱ្យផលិតផលខ្មែរទទួលបានទំនុកចិត្ត និងប្រកួតប្រជែងបានកាន់តែខ្លាំង។ ជាងនេះទៅទៀត ការពង្រឹងខ្សែច្រវាក់តម្លៃឱ្យកាន់តែស៊ីជម្រៅ ចាប់ពីវត្ថុធាតុដើម កែច្នៃ វេចខ្ចប់ ដឹកជញ្ជូន រហូតដល់ការលក់ ជាពិសេសតភ្ជាប់សហគ្រាសក្នុងស្រុកជាមួយវិនិយោគធំៗ ដើម្បីបង្កើនតម្លៃបន្ថែមក្នុងស្រុកក៏ជាកត្តាសំខាន់ផងដែរ។

ទន្ទឹមនេះឯកឧត្តម វង្សី វិស្សុត ក៏បានណែនាំពីការវិនិយោគលើមនុស្ស និងផលិតភាពតាមរយៈការបណ្តុះបណ្តាលជំនាញ កែលម្អគុណភាពកម្លាំងពលកម្ម និងការលើកទឹកចិត្តឱ្យចាប់យកបច្ចេកវិទ្យា និងការគ្រប់គ្រងបែបទំនើប។ ដោយឡែកសម្រាប់ស្ថាប័នហិរញ្ញវត្ថុ និងដៃគូអភិវឌ្ឍត្រូវបន្តគាំទ្រសហគ្រាសមានសក្តានុពល ដោយផ្តោតលើការផ្ដល់ហិរញ្ញប្បទាន និងការគាំទ្របច្ចេកទេសដែលមានគោលដៅច្បាស់លាស់ និងវាស់វែងលទ្ធផលបាន។ ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានជំរុញឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវបន្តគាំទ្រផលិតផលជាតិ ដោយផ្អែកលើការយល់ដឹង និងការទទួលខុសត្រូវរួម ព្រោះទីផ្សារក្នុងស្រុកដែលរឹងមាំ គឺជាមូលដ្ឋានសម្រាប់សហគ្រាសរឹងមាំ ហើយសហគ្រាសរឹងមាំគឺជាមូលដ្ឋានសម្រាប់សេដ្ឋកិច្ចជាតិរឹងមាំ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ខេមបូណូមីស




អត្ថបទបន្ទាប់


ក្រុមហ៊ុនយក្សចិន CCCC បង្ហាញបំណងពង្រីកការវិនិយោគលើវិស័យថ្មីៗបន្ថែមទៀតនៅកម្ពុជា

ក្រុមហ៊ុនចិន China Communications Construction Company (CCCC) ដែលជាក្រុមហ៊ុនវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធដ៏ធំមួយនៅកម្ពុជា បានប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ