ឯកឧត្តម វង្សី វិស្សុត

ឯកឧត្តម វង្សី វិស្សុត ចាត់ទុកចក្ខុវិស័យឆ្នាំ២០៥០ ជាបំណងប្រាថ្នាប្រកបដោយមហិច្ឆតាក្នុងការកសាងជាតិ


ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានដឹកនាំប្រជុំក្រុមការងារលើកទី១ជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ដោយពិភាក្សាអំពីវិសាលភាព និងរចនាសម្ព័ន្ធរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ និងទិសដៅការងារបន្ដ។
ឯកឧត្តម វង្សី វិស្សុត
ដោយ

ឯកឧត្តមជឿជាក់ថា តាមរយៈការចូលរួមរបស់ធនាគារពិភពលោក វានឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការការរៀបចំឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ ជាមួយគ្នានេះឯកឧត្តម វង្សី វិស្សុត បានចាត់ទុកចក្ខុវិស័យឆ្នាំ២០៥០ ជាបំណងប្រាថ្នាកសាងជាតិប្រកបដោយមហិច្ឆតាក្នុងការកសាងជាតិ ដ្បិតថា រាជរដ្ឋាភិបាលកម្ពុជាដាក់គោលដៅប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលកម្រិតខ្ពស់។

នាកិច្ចពិភាក្សាជាមួយធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានសង្គត់ធ្ងន់ថា ចក្ខុវិស័យឆ្នាំ២០៥០ របស់កម្ពុជា គឺជាបំណងប្រាថ្នាប្រកបដោយមហិច្ឆិតាខ្ពស់ក្នុងការកសាងជាតិ ដោយមិនមែនត្រឹមតែក្លាយទៅជាប្រទេសចំណូលខ្ពស់ប៉ុណ្ណោះទេ។ យ៉ាងណាមិញ តាមរយៈការចូលរួមរបស់ធនាគារពិភពលោកក្នុងការរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ វានឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំឯកសារចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ បើតាមឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ រាជរដ្ឋាភិបាលកម្ពុជាត្រូវមានភាពជាម្ចាស់លើការរៀបចំចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០របស់ខ្លួន ដែលមានលក្ខណៈប្រាកដនិយម ដែលចាំបាច់ត្រូវមានគោលដៅចុងក្រោយច្បាស់លាស់ និងកំណត់ពីទិសដៅ និងមាគ៌ាត្រឹមត្រូវមួយសម្រាប់កម្ពុជា។

លោកស្រី Tania Meyer នាយកប្រចាំប្រទេសនៃធនាគារពិភពលោកប្រចាំកម្ពុជា បានកោតសរសើរដល់រាជរដ្ឋាភិបាលកម្ពុជា និងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរៀបចំរបាយការណ៍នេះ តាមរយៈការកៀរគរអ្នកជំនាញ ដើម្បីចូលរួមក្នុងការបំពេញបំណងប្រាថ្នារបស់កម្ពុជាឱ្យក្លាយជាការពិត។ លោកស្រីបានសង្កត់ធ្ងន់ថា ជាបទពិសោធន៍របស់ប្រទេសក្នុងតំបន់ ទោះបីជាការរៀបចំឯកសារចក្ខុវិស័យរបស់ខ្លួនមានគុណភាពល្អ និងគ្រប់ជ្រុងជ្រោយក្តី ការអនុវត្ដផែនការទាំងនេះឱ្យមានប្រសិទ្ធភាពខ្ពស់គឺជាបញ្ហាប្រឈមខ្លាំង ដែលចាំបាច់ត្រូវមានការសហការនិងចូលរួមអនុវត្ដពីគ្រប់ក្រសួង-ស្ថាប័នដើម្បីយកប្រយោជន៍រួមជាធំ។

បើតាមលោកស្រី Tania Meyer ការកំណត់ទិសដៅក្លាយជាប្រទេសមានចំណូលខ្ពស់ ទាមទារចាំបាច់នូវការគិតគូរលើបញ្ហាមួយចំនួនទៀត ជាពិសេសការបង្កើនផលិតភាពសេដ្ឋកិច្ច តាមរយៈការកសាងមូលធនមនុស្ស និងជំនាញអភិបាលកិច្ច សុខាភិបាល និងបរិយាកាសវិនិយោគជាដើម។ ដូច្នេះដើម្បីឱ្យកម្ពុជាសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៥០ គឺទាមទារនូវសមាសភាពចូលរួមជាចាំបាច់ ដែលមិនអាចខ្វះបាន រួមមានចក្ខុវិស័យច្បាស់លាស់ ការកែទម្រង់មុតស្រួច និងប្រកាន់ភ្ជាប់នូវការអនុវត្តឱ្យបានត្រឹមត្រូវទៅតាមផែនការ មានតម្លាភាព ប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន។

យ៉ាងណាមិញ សម្រាប់កិច្ចសហប្រតិបត្តិការទៅមុខ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានស្នើឱ្យក្រុមការងារធនាគារពិភពលោកជួយពិនិត្យ និងប្រមូលផ្តុំព័ត៌មាន ព្រមទាំងបទពិសោធពីបណ្ដាប្រទេសនានាក្នុងការរៀបចំ និងអនុវត្ដចក្ខុវិស័យរបស់ខ្លួន ដើម្បីចែករំលែកជាមួយរដ្ឋាភិបាលកម្ពុជា, បញ្ជាក់នូវតម្រូវការស្ថិតិទិន្នន័យដែលរដ្ឋាភិបាលអាចនឹងផ្តល់ជូនសម្រាប់ការរៀបចំរបាយការណ៍ និង ផ្តល់នូវការបណ្តុះបណ្តាលពាក់ព័ន្ធនានា ក៏ដូចជាវិធីសាស្រ្ដក្នុងការរៀបចំដល់ក្រុមការងារតំណាងរាជរដ្ឋាភិបាលផងដែរ៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាព ប៉ុក វន្ថា និង សេង វិន




អត្ថបទបន្ទាប់


ធនាគារកណ្ដាលអឺរ៉ុបសម្រេចបញ្ចុះអត្រាការប្រាក់ជាលើកទី៤ ក្រោយសេដ្ឋកិច្ចនៅប្លុកនេះកំពុងរងហានិភ័យពីវិបត្តិនយោបាយ

ធនាគារកណ្តាលអឺរ៉ុប (ECB) បានបញ្ចុះអត្រាការប្រាក់ក្នុងរង្វង់០,២៥%កាលពីថ្ងៃទី១២ ខែធ្នូ ដែលជាការបញ្ចុះលើកទី៤នៅក្នុងឆ្នាំ២០២៤ នេះ ហើយរំពឹងធ…

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ អញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំលើកដំបូងជាមួយតំណាងធនាគារពិភពលោក ដើម្បីរៀបចំរបាយការណ៍ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០

(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ